អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២០,៨៨២ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ

|
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
_ សម្មតិសច្ចៈ ពិតខាងការសន្មតិ ពាក្យថាសន្មតិ គឺ ការប្ដេជ្ញា ការសន្យា អនុម័ត ការយល់ព្រមជាមួយ ការតាំង ដំណើរព្រមតាម ការកំណត់ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការកំណត់យ៉ាងនេះចាត់ជាការពិតមួយ ដូចពាក្យថា មនុស្សនិងសត្វដែលធ្លាប់កំណត់ចំណាំយូមកហើយ ការកំណត់នោះនៅទៀតទាត់ឥតផ្លាស់ប្ដូរ នឹងថាមនុស្សជាសត្វៗ ជាមនុស្ស ដូច្នេះវិញពុំដែលមាន ព្រោះមនុស្សមានលក្ខណៈសណ្ឋានទ្រង់ទ្រាយផ្សេងពីសត្វ។ យ៉ាងនេះជាដើមហៅថា សម្មតិសច្ចៈ។ _ ភាវសច្ចៈ ពិតខាងសភាវៈ បានដល់សត្វនិងសង្ខារដែលតែងតែវិនាស ប្រែប្រួលទៅតាមធម្មតារបស់ខ្លួន និងបំបែរថាសត្វនឹងសង្ខារទៀតទាត់ស្ថិតស្ថេរ មិនវិនាស មិនប្រែប្រួលដូច្នេះវិញពុំបាន ព្រោះសត្វនិងសង្ខារនេះជាពួកក្រុមរបស់អវិជ្ជា ទៀតតែវិនាសប្រែប្រួលដោយពិតប្រាកដ។ យ៉ាងនេះជាដើមហៅថា ភាវសច្ចៈ ពិតខាងសភាវៈ។ _ បរមត្ថសច្ចៈ ពិតខាងផ្លូវបរមត្ថ បានដល់ចិត្ត ចេតសិក រូប និព្វាន។ បរមត្ថធម៌ទាំងនេះពិតប្រាកដ ទៀតទាត់មិនចេះច្រឡូកច្រឡំផ្លាស់ប្ដូរគ្នា ចិត្តជាចេតសិកៗ ជារូបៗ ជានិព្វានឡើយ គឺ នៅទៀតពិតប្រាកដដដែលដូចសភាវៈដើមបើចិត្តនៅជាចិត្ត ចេតសិកនៅជាចេតសិក រូបនៅជារូប និព្វាននៅជានិព្វាន សូម្បីព្រះពុទ្ធអង្គណាសម្ដែងឡើងក៏នៅតែចិត្ត ចេតសិក រូប និព្វាន ដូចដែលឥតមានល្អៀង។ យ៉ាងនេះជាដើមហៅថា បរមត្ថសច្ចៈ ពិតខាងផ្លូវបរមត្ថ។ _ អរិយសច្ចៈ ពិតរបស់ព្រះអរិយបុគ្គល បានដល់អរិយសច្ចធម៌ដែលព្រះអរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាដើម យល់ឃើញច្បាស់លាស់ដោយញាណដ៏ប្រសើរ។ អរិយសច្ចធម៌នោះមាន ៤ យ៉ាងគឺ ១- ទុក្ខ សេចក្ដីព្រួយលំបាក។ ២- សមុទយ កំណើតទុក្ខ ឬហេតុដែលនាំឲ្យកើតទុក្ខ ៣- និរោធ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រំលត់ទុក្ខ ៤- មគ្គ ផ្លូវ ឬឧបាយនៃសេចក្ដីរលត់ទុក្ខ។ ធម៌ទាំង ៤ នេះហៅ អរិយសច្ច ពិតវិសេសឥតមានល្អៀងនឹងបំបែរថាជាមិនពិតវិញពុំបានឡើយ។ ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌ ដោយ៥០០០ឆ្នាំ |