អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥០៣ ដង)
បណ្ឌិតអ្នកមិនប្រមាទរមែងសម្រេចប្រយោជន៍ពីរយ៉ាង

|
បណ្ឌិត មានន័យថា ជនអ្នកមានប្រាជ្ញា គឺជាអ្នកឆ្លាតឈ្លាងប្រកាន់ខ្ជាប់នូវកុសលកម្មបទ១០ ។ អ្នកឆ្លាតមិនឃើញប្រយោជន៍ខ្លួនឯងជាធំ និងមិនឃើញប្រយោជន៍អ្នកដទៃជាធំដែរ តែអ្នកប្រាជ្ញរមែងមើលឃើញប្រយោជន៍ទាំងពីរ គឺ ខ្លួនឯងផងអ្នកដទៃផង។ ម្យ៉ាងទៀត បណ្ឌិតតែងរស់នៅដោយសេចក្ដីមិនប្រមាទ មិនប្រមាទហើយ បណ្ឌិតនោះនឹងបានស្រេចនូវប្រយោជន៍ទាំងពីរសម្រាប់ខ្លួនឯង។
បណ្ឌិតញញើតនឹងបាប ខ្លាចបាប តែសូមកុំច្រលំថា បណ្ឌិតទៅចុះញ៉មជាមួយបាបឲ្យសោះ ។ បណ្ឌិតត្រូវការបុណ្យ ស្រលាញ់បុណ្យ តែសូមកុំយល់ច្រលំថាបណ្ឌិតប្រកាន់បុណ្យឲ្យសោះ ។ បណ្ឌិតមិនដែលសាងបញ្ហាឲ្យនរណាឡើយ តែបណ្ឌិតមានតែសាងនូវភាពទុកចិត្តជានិច្ច ឲ្យដល់ជនដែលក្រៅពីខ្លួនឯង មិនឲ្យអ្នកនោះមានសេចក្ដីឈឺចាប់ព្រួយបារម្មណ៍អ្វីនោះឡើយ។ ខ្ញុំសូមពោលពីបុគ្គលពាលវិញម្ដង បុគ្គលពាលមិនដែលសាងប្រយោជន៍ឲ្យដល់ខ្លួនឯងនោះឡើយ ។ ប្រយោជន៍ដែលត្រូវកើតឡើង ក៏បុគ្គលពាលគឺមិនដឹងទាំងមិនយល់មិនស្គាល់ថា អ្វីទៅជាប្រយោជន៍ហើយថាតើប្រយោជន៍មានន័យយ៉ាងណា ក៏បុគ្គលនូវតែមិនយល់មិនដឹង ហើយចិត្តរបស់បុគ្គលក៏ហីអើទៅដោយមិនខ្លាចបាត់បង់ប្រយោជន៍នោះឡើយ។ អត្តភាពនៃបុគ្គលពាល រស់នៅគឺសាងតែរឿងមិនល្អ និងបង្កអសន្តិសុខដល់សង្គមប្រទេសជាតិទៀតផង។ មិនមានតម្លាភាព ដួងចិត្តបុគ្គលពាលគឺស្ថិតនៅក្នុងសេចក្ដីវិប្បលាស ម្ដងរស់ម្ដងស្លាប់ ម្ដងជាម្ដងឆ្កួត ខុសជាត្រូវ ត្រូវជាខុស ។ នៅក្នុងដួងចិត្តនៃបុគ្គលពាល គឺ មានតែអក្សរ ថា សម្លាប់ លួច ប្រព្រឹត្តកាមេ ពោលកុហក ផឹកទឹកស្រវឹង មិនស្ដាប់អ្នកដទៃ មិនស្គាល់អ្នកប្រាជ្ញ និងមិនស្គាល់ខ្លួនឯង។ ជនណាដែលស្ថិតនៅក្នុងភាពល្ងង់ខ្លៅ ជននោះគឺជាបុគ្គលមិនស្គាល់ប្រយោជន៍ បុគ្គលណាដែលមិនស្គាល់ប្រយោជន៍ បុគ្គលនោះគឺជាបុគ្គលពាល ។ កុសលចេតនា មិនដែលកើតឡើងដល់បុគ្គលពាលសូម្បីតែមួយចំណិតឡើយ ។ ចេតនាដែលត្រេកអរនឹងអកុសល ទើបបានវាកើតឡើងដល់បុគ្គលពាលជាប្រាកដ។ ចំណាប់អារម្មណ៍បុគ្គលពាល មានដូចជាគិតថាធ្វើយ៉ាងម៉េចទៅដើម្បីឲ្យអ្នកដទៃ មាននូវសេចក្ដីទុក្ខ និងសេចក្ដីលំបាកកើតឡឡើង ។ ជនពាលគ្រាន់តែឮថាបុណ្យពាលណា គឺដួងចិត្តរបស់គេ មានភាពសូញសាញធុញណាស់មិនចង់យល់ ស្គាល់ ឮ ដឹងពីបុណ្យបាបអីនោះឡើយ។ គំនិតជនពាល គឺជាគំនិតដល់ចាស់គំរឹល អាចនឹងពោលម្យ៉ាងទៀតថា គំនិតហួសសម័យ ដែលអ្នកប្រាជ្ញបានបោះបង់ចោល ព្រោះអ្នកប្រាជ្ញបានចាត់ទុកនូវគំនិតបែបនោះថា ជាគំនិតចាស់គំរឹលប្រើការពេលណាទៅវាមានតែហិនហោចនូវកុសលធម៌តែប៉ុណ្ណោះមិនបានជាសារៈអ្វីបន្តិចសោះឡើយ។ ជនពាលមានលក្ខណៈកត់សម្គាល់បាន គឺ មាន៣យ៉ាង ១- កាយទុច្ចរិត ២- វចីទុច្ចរិត ៣- មនោទុច្ចរិត ។ ៣ នេះឯងជាលក្ខណៈនៃបុគ្គលពាល សូមអ្នកសិក្សាទាំងឡាយ មេត្តាស្រាវជ្រាវដោយខ្លួនឯងផងចុះ នៅក្នុងសៀវភៅនេះខ្ញុំគ្រាន់តែរៀបរាប់សង្ខេបមិនបានវែងនោះឡើយ គឺគ្រាន់តែជាឃ្លាំងគំនិតដ៏ស្ដួចស្ដើងបំផុត ដូច្នេះសូមមេត្តាស្រាវជ្រាវជាបន្ដទៀតទៅដើម្បីឲ្យកាន់តែយល់ច្បាស់ថែមទៀត។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |