អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៥៦ ដង)
រាត្រីទឹកភ្នែកហូរជ្រែកភ័ក្ត្រម៉ែ

|
រាត្រីទឹកភ្នែកហូរជ្រែកភ័ក្ត្រម៉ែ
រាត្រីស្ងាត់ជ្រហំ ឮតែសម្លេងសត្វយំ រងំពេញស្បៃរាត្រី។ យប់នេះហេតុអ្វីក៏អាកាសអាតុអួអ័ព្ទម្លេះព្រះចន្ទក៏លែងបញ្ចេញនូវពន្លឺរស្មី រាត្រីក៏ស្ងប់ស្ងាត់ ហាក់បីដូចជាបាត់បង់នូវអ្វីម្យ៉ាង រកបរិយាយមិនត្រូវ។ ធម្មជាតិនារាត្រី ដែលអួអ័ព្ទ និងស្ងប់ស្ងាត់ បាត់បង់សម្រាប់ ក៏មិនខុសអីពីភាពចិត្តរបស់អ្នកម្ដាយនាពេលនេះដែរ។ ម៉ែអង្គុយរង់ចាំមើលផ្លូវកូន ទាំងទឹកភ្នែកហូររហាម ម៉ែព្យាយាមទប់ទឹកភ្នែកមិនឲ្យស្រក់មកណាស់ដែរតែម៉ែទប់មិនឈ្នះ ព្រោះពេលដែលម៉ែនឹកដល់កូន ដែលដើរលេងយប់ព្រលប់មិនចូលផ្ទះ ម៉ែតែងមានការព្រួយចំបែងក្រៃលែង ម៉ែបារម្ភពីកូន ម៉ែខ្លាចកូនរបស់ម៉ែមានគ្រោះថ្នាក់ផ្សេងៗ ម៉ែខំធ្មេចភ្នែកដេក តែម៉ែដេកមិនលក់ម៉ែក្រោកមកអង្គុយចាំមើលផ្លូវកូន នៅមុខផ្ទះយ៉ាងអន្ទះសារក្រៃលែង។ ម៉ែលើកដៃបួងសួងបន់ស្រន់ព្រះ សំពះទេវតា ឲ្យជួយថែរក្សាកូនផង។ ម៉ែដេក ក៏ដេកមិនសុខ អង្គុយ ក៏អង្គុយមិនសុខ ម៉ែដើរចុះ ដើរឡើងក៏នៅតែមិនសុខ កែវភ្នែកទាំងគូរបស់ម៉ែ តែងតែសម្លឹងមើលទៅមុខផ្ទះជានិច្ច ព្រោះក្រែងឃើញកូនប្រុសម៉ែមក តែគ្មានឃើញស្រមោលកូនមកផ្ទះសោះ។ កូនអើយ តើកូនមានដឹងទេថា រាត្រីនេះម៉ែលំបាកចិត្តយ៉ាងណា? ម៉ែស្រក់ទឹកនេត្រា ភ័យព្រួយបារម្ភពីកូនកម្រិនណា? ពេលដែលកូនប្រុសមាសម្ដាយ ដើរចោលម្ដាយបាត់ៗ យប់ព្រលប់មិនចូលផ្ទះដូច្នេះ។ ម៉ែប្រឹងប្រែង តស៊ូធ្វើការងារលំបាកសព្វគ្រប់បែបយ៉ាង មិនថា ហាលកម្ដៅថ្ងៃ យកមកចិញ្ចឹមកូនឧបត្ថកូនឲ្យបានរៀនសូត្រ តែកូនបែបជាមើលមិនឃើញតម្លៃញើសឈាមរបស់ម៉ែ ដែលខំប្រឹងប្រែងស្វែងរកមកនោះទេ កូនយកប្រាក់ ដែលម៉ែស៊ីឈ្នួលគេយ៉ាងវេទនាទៅចាយវាយស៊ីផឹក ហ៊ឺហា ជាមួយមិត្តភ័ក្ត្រ បងតូចបងធំ ផឹកសុរា សេពគ្រឿងញៀន យ៉ាងសប្បាយរីករាយទៅវិញ។ កូនភ្លេចការសិក្សា មិនចូលសាលាដើរលេងសប្បាយយប់ព្រលប់ ក៏កូននៅតែមិនចូលផ្ទះ តើម្ដាយណាទៅដែលលថាមិនឈឺចាប់ មិនស្រក់ទឹកភ្នែក ម្ដាយណាទៅដែលថាមិនបារម្ភពីកូន មិនគិតដល់កូន? ម៉ែតស៊ូបែបនេះ គឺព្រោះតែដើម្បីជីវិត និងអនាគតកូន ហេតុអ្វីបានជាកូនមិនយល់ចិត្តម៉ែ ពេលកូនមកផ្ទះម្ដងៗ កូនតែធ្វើឲ្យម៉ែស្រក់ទឹកភ្នែកយំយែកជានិច្ច។ កូន និយាយសម្ដីធំធំ ខ្លាំងខ្លាំងដាក់ម៉ែ កូនសម្លុតគំរាមម៉ែ ទារលុយពីម៉ែ ទាំងដែលម៉ែគ្មានលុយមួយរៀល ក្នុងហោប៉ាវផង តែកូននៅតែមិនជឿម៉ែរហូតដល់កូនជេរប្រមាទមើលងាយម៉ែ ថាម៉ែ ជាមនុស្សគិតតែខ្លួនឯង មិនគិតដល់កូន រកលុយបានចាយតែម្នាក់ឯង។ កូនមាសម្ដាយ ហេតុអ្វីបានជាកូននិយាយបែបនេះម៉ែប្រឹងប្រែងតស៊ូធ្វើការ គឺមិនមែនសម្រាប់តែម៉ែម្នាក់ប៉ុណ្ណោះទេ គឺម៉ែធ្វើដើម្បីកូន ម៉ែចង់ឲ្យកូនបានរស់ស្រួលអ្វីៗ ដែលម៉ែរកបាន ម៉ែមិនដែលទុកសម្រាប់ខ្លួនឯងទេ ម៉ែទុកសម្រាប់តែកូនគ្រប់គ្នា តើហេតុអ្វីបានជាកូននិយាយថា ម៉ែមិនគិតពីកូន តើរាល់ថ្ងៃនេះ កូនមានដឹងទេថា ម៉ែបារម្ភពីកូនកម្រិនណា ចុះដែលកូនដើរលេង សប្បាយរីករាយ ទាំងយប់ ទាំងថ្ងៃ មិនចូលផ្ទះ តើកូនមានគិតដល់ម៉ែទេ? កូនមានបារម្ភពីម៉ែទេ? កូនមានដឹងថាម៉ែកើតទុក្ខលំបាកចិត្ត ដោយសារភ័យខ្លាចកូនមានគ្រោះថ្នាក់ដែរទេ? ញើសឈាម និងទឹកភ្នែក ម៉ែស្រក់ គឺព្រោះតែកូន កូនមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតម៉ែ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |