អានអត្ថបទ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២៣,៩៥១ ដង)
កូនម៉ែត្រូវហ្វឹកហាត់ឲ្យមានឧបនិស្ស័យល្អ

|
កូនម៉ែត្រូវហ្វឹកហាត់ឲ្យមានឧបនិស្ស័យល្អ
មនុស្សយើងដែលនឹងបានល្អនោះ ក្រៅអំពីត្រូវមានការសិក្សារៀនសូត្រហើយ គឺត្រូវហ្វឹកហាត់អប់រំដើម្បីឲ្យមានឧបនិស្ស័យល្អទៀតផង នេះជាប្រការសំខាន់។ ចំណុចផ្ដើមនៃការហ្វឹកហាត់សិក្សាអប់រំដែលជាទីសំខាន់បំផុត គឺក្រុមគ្រួសារក្នុងផ្ទះ។ គ្រួសារដែលនៅក្នុងសភាពរៀបរយល្អនោះ តិចណាស់ដែលក្មេងទៅជាខិលខូចឡេះឡោះ នេះព្រោះការសេពគប់បានសមប្រពៃ។ លុះដល់កូនធំឡើង កូនត្រូវខំព្យាយាមសេពគប់សមាគមជាមួយមនុស្សល្អ ដើម្បីបានចម្លងនូវលក្ខណៈល្អផ្សេងៗ ការសេពគប់មនុស្សល្អ រមែងជាគុណប្រយោជន៍ដល់កូនរហូតក្នុងជីវិត។ មនុស្សល្អ កាលបើកូនចូលទៅជិតហើយ ធ្វើឲ្យកូនដឹងខ្លួនថា ចង់បានឲ្យខ្លួនទៅជាមនុស្សល្អដែរ។ មនុស្សស្ងប់ក៏ដូចគ្នា កាលបើកូនចូលទៅជិតហើយ បានស្ដាប់នូវពាក្យសម្ដីអ្វីខ្លះនោះ រមែងធ្វើឲ្យកូនដឹងខ្លួនឯងថា មានសេចក្ដីស្ងប់ ហើយចង់ឲ្យខ្លួនបានទៅជាមនុស្សស្ងប់ទៀតផង ដូច្នេះការសេពគប់ជាចំណុចសំខាន់បំផុត។ ក្រៅអំពីអាស្រ័យអ្នកដទៃដើម្បីជួយហ្វឹកហាត់អប់រំហើយ ការហ្វឹកហាត់ខ្លួនឯងក្នុងការយកឈ្នះអំណាចនៃធម៌ថោកទាប អ្នកដែលហ្វឹកហាត់ទូន្មានខ្លួនបាន គឺជាមនុស្សប្រសើរ ហើយឈ្មោះថា បាននូវទីពឹងដែលគេបានដោយកម្រ។ ហ្វឹកហាត់អប់រំខ្លួនឲ្យទៅជាមនុស្សមានព្យាយាម។ មនុស្សដែលមាននូវសេចក្ដីព្យាយាម សូម្បីមានជីវិតរស់នៅត្រឹមតែមួយថ្ងៃ ក៏ប្រសើរជាងមនុស្សខ្ជិលដែលរស់នៅអស់រយនៃឆ្នាំ។ ចូរកូនម៉ែប្រើពេលវេលាឲ្យជាប្រយោជន៍ ព្រោះពេលវេលាដែលកន្លងទៅហើយ មិនត្រឡប់មកវិញឡើយអស់ទៅហើយក៏ជាការអស់ទៅហើយហ្នឹងឯង។ តម្លៃនៃពេលវេលានៅត្រង់ដែលកូនប្រើវាឲ្យជាប្រយោជន៍ មនុស្សដែលមិនធ្វើការងាររបស់មនុស្ស ជីវិតក៏អស់ទៅទទេ ចំណែកមនុស្សដែលមានការព្យាយាម រមែងកាន់យកនូវប្រយោជន៍ សន្សំទុកនូវប្រយោជន៍ រហូតដល់បានសម្រេចនូវប្រយោជន៍ធំ គឺការរួចផុតពីសេចក្ដីទុក្ខ។ មនុស្សដែលធ្វើនូវការងារច្រើន មិនអាចបានជាមនុស្សសំខាន់គ្រប់គ្នាឡើយ ប៉ុន្តែ មនុស្សសំខាន់នៅត្រង់ធ្វើការងារដោយសេចក្ដីព្យាយាមជានិច្ច។ តម្លៃរបស់មនុស្សវាស់គ្នាត្រង់ផលនៃការងារនិងសេចក្ដីល្អប្រចាំខ្លួន។ កូនម៉ែត្រូវខំសន្សំឧបនិស្ស័យល្អ។ ឧបនិស្ស័យគឺអ្វីដែលធ្វើឲ្យជាទម្លាប់ ឧបនិស្ស័យល្អគឺជាភូមិឋាននៃការចម្រើនគុណធម៌គ្រប់យ៉ាង ប្រៀបបីដូចជាដីចំការដែលល្អដូច្នោះឯង។ ដកស្រង់ចេញពីសៀវភៅ ម៉ែ ដោយ៥០០០ឆ្នាំ |