អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៣,៦៨០ ដង)
បើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះ

|
បើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះ
កាលកូនស្រីនៅតូចម៉ែជារៀបចំតែងខ្លួនឲ្យកូនស្លៀកពាក់យ៉ាងណា ស្ពាយកាបូបទៅសាលាយ៉ាងមិចទើបសម ម៉ែរៀបចំឲ្យកូនទាំងអស់។ ម៉ែតែងតែតាមគយគន់ដំណើរកូនដោយការពេញចិត្ត។ លុះដល់ពេលកូនធំឡើង អ្វីៗដែលធម្មជាតិសម្រាប់ខ្លួនកូន ម៉ែក៏បានប្រាប់ពន្យល់ឲ្យកូនបានដឹងទាំងអស់។ ឥឡូវម៉ែសូមពន្យល់កូនស្រីអំពីបញ្ហាមួយដែលកូនចេះតែខ្លាច <<ពាក្យគេថា>> សូមកូនចាំស្ដាប់ ហើយពិចារណាឲ្យល្អ ដើម្បីដោះស្រាយនូវបញ្ហាមួយនេះឲ្យបានជ្រះស្រឡះ។ កូនខ្លាច <<គេថា>> ពាក្យថា <<គេ>> សំដៅដល់មនុស្សទាំងឡាយដទៃលើផែនដីក្រៅពីកូន។ សូម្បីកូនប្រាកដនៅក្នុងចិត្តហើយថា នេះជាអំពើល្អត្រឹមត្រូវ នៅតែកូនមិនក្លាហានដើម្បីនឹងប្រព្រឹត្តធ្វើ ព្រោះខ្លាច <<គេថា>> រឿង <<គេថា>> នេះ វាក្លាយទៅជារបស់ដែលគួរខ្លាចជាទីបំផុតក្នុងលោកនេះទៅហើយ។ សម្រាប់កូនស្រី បើមានសេចក្ដីប្រកាន់យ៉ាងនេះក៏មិនអាចធ្វើអ្វីបានឡើយ ព្រោះ<<គេ>> មានច្រើនណាស់។ ម្នាក់ៗមានការគិតឃើញរៀងៗខ្លួន ត្រូវគ្នាខ្លះមិនត្រូវគ្នាខ្លះកាលកូនស្រីធ្វើនូវអ្វីមួយ អ្នកខ្លះគេថាល្អ អ្នកខ្លះទៀតគេថាមិនល្អ ឬអាចគេថាអាក្រក់តែម្ដង ដូច្នេះ កូនស្រីត្រូវតែសម្រេចថាអាត្មាអញគប្បីធ្វើនូវអ្វីដែលសមគួរដល់ខ្លួនឯងផង ដែលមិនខុសច្បាប់ផង មិនខុសសីលធម៌ផង មិនបៀបបៀនអ្នកណាក្ដៅក្រហាយផង ហើយអាត្មាអញសប្បាយចិត្តនឹងធ្វើផង ដូច្នេះអាត្មាអញត្រូវតែធ្វើដោយមិនមានកង្វល់នឹងពាក្យគេថាអ្វីឡើយ។ ប៉ុន្តែម៉ែសូមរំលឹកកូនស្រី ចូរកូនកុំភ្លេចផ្ទៀងផ្ទាត់នូវកិច្ចការងារនោះ ឲ្យជាការងារល្អត្រឹមត្រូវពិតប្រាកដផង។ ការរិះគន់និន្ទាគ្នាន់ក្នាញ់ ជារបស់ធម្មតាក្នុងលោកអ្នកខ្លះប្រើពេលវេលាទំនេរទៅក្នុងការអានសៀវភៅ អ្នកខ្លះរីករាយក្នុងការលេងកីឡា... អ្នកខ្លះជ្រើសរើសយកការនិន្ទារិះគន់គ្នាន់ក្នាញ់ ចំពោះអ្នកដទៃ មកជាការងារធំដុំក្នុងជីវិត។ អ្នកដែលសម្លឹងទោសគេដោយអកុសលចិត្ត និយមនិយាយរឿងអាក្រក់របស់គេ គឺជាអ្នកមិនមានសេចក្ដីចម្រើនក្នុងជីវិតឡើយ ព្រោះគិតតែនាំយករឿងអាក្រក់មកដាក់ក្នុងខ្លួនឯងរាល់ថ្ងៃ បីដូចជាធុងសំរាមប្រឡាក់ប្រឡូសទៅដោយរបស់ស្មោកគ្រោក ជាការសាងនូវគ្រឿងដែលលរារាំងសេចក្ដីចម្រើនឲ្យដល់ខ្លួនឯង ជាអ្នកបញ្ឆោតខ្លួនឯង ឲ្យរីករាយដោយសេចក្ដីវង្វេងក្នុងផ្សែងនៃសេចក្ដីអាក្រក់។ មនុស្សយើងចង់គេចអំពីអ្វីផ្សេងៗ ក៏អាចនឹងគេចបាន ប៉ុន្តែយើងមិនអាចគេចអំពីកម្មពៀរ និងគេចអំពីខ្លួនឯងបានឡើយ លុះត្រាតែចូលនិព្វានទើបអាចគេចផុតបានដូច្នេះ មនុស្សដែលល្អគេរមែងទទួលយកសភាពពិតរបស់ខ្លួន មិនមែនចេះតែបញ្ឆោតខ្លួនឯងដោយសេចក្ដីវង្វេងរឿយៗទៅនោះឡើយ។ ការព្រមទទួលយកនូវសេចក្ដីពិតរមែងធ្វើឲ្យភាពលំបាកក្នុងចិត្តបានធូរស្រាលពិតប្រាកដ។ កូនស្រីម៉ែត្រូវរៀនទទួលយកការពិតរបស់ជីវិត កុំចេះតែញាប់ញ័រទៅតាមពាក្យគេថា។ ត្រូវរៀនឲ្យយល់ពីហេតុផលរបស់ធម្មជាតិ ចាប់យកការពិតនៃជីវិតមកសិក្សារហូតបានយល់ច្បាស់ហើយរស់នៅដោយសេចក្ដីស្ងប់ចិត្ត។ ចូរកូនចាំទុកថា <<មិនមានការរស់នៅជាមួយអ្វីឲ្យបានសុខ ស្មើនឹងការរស់នៅជាមួយសេចក្ដីស្ងប់ឡើយ>>។ ដកស្រង់ចេញពីសៀវភៅ ម៉ែ ដោយ៥០០០ឆ្នាំ |