អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៨,៩៩៥ ដង)
ទឹកភ្នែកស្ដាយកំហុសរបស់កូន

|
ទឹកភ្នែកស្ដាយកំហុសរបស់កូន
កំហុសឆ្គងទាំងឡាយ ដែលកូនធ្វើខុសចំពោះម៉ែ ឲ្យកូនសុំទោសផងណាម៉ែ កូនស្ដាយណាស់នូវរាល់អំពើដែលកូនធ្វើទៅមិនបានគិត ធ្វើឲ្យម៉ែពិបាកចិត្ត យំសោកសង្រេងព្រោះកូន។ ពីមុនកូនតែងមើលរំលងម៉ែ កូនមិនបានដឹងថាម៉ែ គឺជាអ្នកមានគុណកម្រិតណាសម្រាប់កូនទេ កូនធ្វើឲ្យម៉ែយំគ្រប់ពេលវេលា កូនមិនដែលមានចិត្តនឹកអាណិតម៉ែឡើយ តែពេលនេះទើបកូនដឹងថា ទឹកភ្នែកម៉ែមានតម្លៃប៉ុនណាសម្រាប់កូន កូនតែងគិតខុសចំពោះទឹកភ្នែកម៉ែ កូនមើលងាយទឹកភ្នែកម៉ែ ថា ម៉ែមិនដឹងជាដម្សត់ខ្លួនស្អីទេ ថ្ងៃណាក៏ឃើញតែយំ តែពេលនេះទើបកូនដឹងថា ទឹកភ្នែកដែលស្រក់ហូរមក គឺមិនមែនចេះតែស្រក់មកដោយងាយៗនោះទេ ព្រោះតែមានការឈឺចាប់ក្នុងចិត្តខ្លាំង ទើបចេះតែបណ្ដោយឲ្យទឹកភ្នែកហូរមក ដោយហាមឃាត់មិនបាន។ កូនចាំបាន ពេលមួយដែលកូនធ្វើខុសធ្ងន់ ដែលមិនអាចលើកលែងទោសឲ្យបាន តែម៉ែមិននិយាយមួយម៉ាត់ពេលដែលឃើញម៉ែមិននិយាយដូច្នេះ ទឹកភ្នែកស្ដាយកំហុសរបស់កូនស្រក់មកដោយគ្មានការតាំងចិត្តទុកជាមុន។ អ្នកម្ដាយអើយរ៉ាអាសូរក្រៃ គ្មានថ្ងៃអើយរ៉ាសុខនឹងគេ គ្រប់ពេលអើយរ៉ាគ្មានទំនេរ រិះរេអើយរ៉ាថែបុត្រថ្លៃ។ ព្រលឹមអើយរ៉ាទល់ព្រលប់ គ្មានឈប់អើយរ៉ាសរៀងរាល់ថ្ងៃ ថ្នាក់ថ្មមអើយរ៉ាបុត្រពិសី ភក្ដីអើយរ៉ាស្មោះស្ម័គ្រពិត។ កូនស្ដាយអើយរ៉ានូវកំហុស ធ្វើខុសអើយយ៉ាមិនបានគិត ខុសកាយអើយរ៉ាវាចាចិត្ត គ្មានគិតអើយរ៉ាថាខុសឡើយ។ បើម៉ែអើយរ៉ាល្អម្លឹងៗ មិនខឹងអើយរ៉ាបុត្រត្រាណត្រើយ តែកូនអើយរ៉ាមិនដឹងឡើយ ខុសហើយអើយរ៉ាតែមិនកែ។ ពេលនេះអើយរ៉ាណាអ្នកម្ដាយ កូនស្ដាយអើយរ៉ាឥតល្ហើយល្ហែ ស្ដាយចិត្តអើយរ៉ាម៉ែខំថែ កូនបែរអើយរ៉ាមើលរំលង។ ទឹកភ្នែកអើយរ៉ាស្ដាយកំហុស ហូរច្រោះអើយរ៉ាជ្រែកបេះដូង សោកស្ដាយអើយរ៉ាសែនសៅហ្មង ក្នុងទ្រូងអើយរ៉ាអាណិតម៉ែ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |