អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ៣១,២០៨ ដង)
កំណើតនៃការធ្វើកឋិនទាន

|
បុណ្យដែលទាយកទាយិកាធ្វើដោយនាំចីវរទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់រយៈវេលា៣ខែ ក្នុងអាវាសវត្តណាមួយហើយដើម្បីឲ្យលោកក្រាលគ្រងនោះហៅថាបុណ្យកឋិន ឬកឋិនទានចីវរដូចជាចីវរទានទាំងពួកដែរតែមានឈ្មោះវិសេសប្លែកជាងទានដទៃ ដែលធ្វើហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងពួង ព្រោះប្លែកពីចីវរទានឯទៀតដោយលក្ខណៈ៥យ៉ាងគឺ៖
១- ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថាកឋិនកាលមានតែ២៩ថ្ងៃគឺខែអស្សុជ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៤រោច (ខែដាច់) ខែកត្តិក១៥ថ្ងៃពីត្រឹម១កើតដល់១៥កើត(ពេញបូណ៌មី)។ រយៈកាលនេះ ពាក្យសាមញ្ញហៅថារដូវកឋិន ក្នុងរដូវនេះទាយកចង់មកធ្វើថ្ងៃណាមួយក៏បានឲ្យតែស្ថិតក្នុងថ្ងៃ ទាំង២៩នេះហើយវត្តមួយធ្វើបានតែម្ដងប៉ុណ្ណោះ។ ២- ប្លែកដោយវត្ថុ គឺសំពត់ដែលក្រាលកឋិននោះ បានតែស្បង់ឬចីពរឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិសំពត់ក្រៅពីនេះធ្វើពុំបានហើយសំពត់ទាំង៣មុខទៀតសោតនឹងយកទាំងអស់ជាអង្គកឋិនក៏ពុំបានគឺបានតែ១មុខ ទោះបីទាយកយកចីវរ១ត្រៃគឺ ចីពរ១ ស្បង់១ សង្ឃាដី១ ជាសំពត់កឋិនមកវេរប្រគេនក៏ភិក្ខុអ្នកក្រាលគ្រងលោករើសយកតែវត្ថុណាមួយធ្វើជាអង្គកឋិន គឺលោកចង់យកស្បង់ក៏បានចីពរក៏បាន សង្ឃាដីក៏បាន ស្រេចលើព្រះទ័យលោក ឲ្យតែវត្ថុនោះត្រឹមត្រូវតាមវិនយប្បញ្ញត្តិតែតាមធម្មតាលោកអ្នកក្រាលគ្រងច្រើនយកសង្ឃាដី ជាអង្គកឋិនដោយលោកយល់ថាបណ្ដាចីវរ ១ ត្រៃ សង្ឃាដីជាចីវរធំជាងគេ។ ៣- ប្លែកដោយអំពើ គឺបុគ្គលអ្នកគប្បីធ្វើឲ្យត្រូវរបៀបតាមព្រះវិន័យ។ ៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុក្រៅពីភិក្ខុពុំបានឡើយហើយភិក្ខុនោះទៀត លុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយទើបទទួលក្រាលគ្រងនិងអនុមោទនា កឋិនក្នុងវត្តនោះបានភិក្ខុដែលមិនបានចាំវស្សាឬបាននៅចាំវស្សាដែរតែឲ្យដាច់ក៏ទទួលពុំបាន។ ៥- ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអនិសង្ស៥យ៉ាងក្នុងរវាង៥ខែដូចមានក្នុងវិន័យបិដកភាគ៨ត្រង់កឋិនក្ខន្ធកៈ ថា៖
ដោយកឋិនទានជាទាននាំឲ្យភិក្ខុសង្ឃជាអ្នកទទួលក្រាលគ្រង និងអនុមោទនា បានអានិសង្ស៥យ៉ាង ដូចពោលមកនេះហើយបានជាទាយកអ្នកធ្វើកឋិនត្រូវបានអានិសង្សច្រើនជាអនេកត្រារាប់ពុំបានឡើយ ព្រោះជាចីវរទានពិសេសប្លែកពីចីវរទាននានាដូចពោលមកនេះឯង។ ចីវរទានឲ្យហើយបានទទួលផលានិសង្ស៥យ៉ាង ដែលប្រកបដោយសេចក្ដីសុខស្រួលដល់ភិក្ខុសង្ឃជាអ្នកទទួលទានផង សមដូចព្រះពុទ្ធដីការថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ជនអ្នកមានប្រាជ្ញាណាមួយបានឲ្យនូវសេចក្ដីសុខស្រួលដល់អ្នកដទៃ ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួលវិញពិតប្រាកដពុំខានឡើយ។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |