អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៨៦៥ ដង)
អសម្មោហសម្បជញ្ញៈ

|
អសម្មោហសម្បជញ្ញៈ
អសម្មោហសម្បជញ្ញៈ ដឹងឋានមានសេចក្ដីមិនវង្វេងនោះ មានសេចក្ដីអធិប្បាយថា៖ សេចក្ដីមិនវង្វេងក្នុងឥរិយាបថទាំងឡាយ មានឈានទៅមុខ ថយទៅក្រោយជាដើមហៅថា អសម្មោហសម្បជញ្ញៈ។ បណ្ឌិតគួរជ្រាបសេចក្ដីនោះយ៉ាងនេះថា ធម្មតាពួកអន្ធពាលបុថុជ្ជនររមែងវង្វេងក្នុងឥរិយាបថទាំងឡាយមានឈានទៅមុខជាដើម គឺគ្រាន់តែដឹងថា ខ្លួនឈានទៅមុខ, ជំហានទៅមុខខ្លួនបានឈានទៅហើយ ដូច្នេះឬថា អញឈានទៅមុខ, ជំហានទៅមុខអញបានឈានទៅហើយ ដូច្នេះប៉ុណ្ណោះ មិនដឹងវិសេសជាងនេះឡើយ។ ឯយោគាវចរភិក្ខុក្នុងពុទ្ធសាសនានោះ មិនវង្វេងដូច្នោះទេ គឺកាលបើមានចិត្តគិតថា អាត្មាអញនឹងឈានទៅមុខ ដូច្នេះហើយ ក៏នឹកឃើញថា ឱ! ឥឡូវនេះវាយោធាតុញ៉ាំងវិញ្ញត្តិឲ្យកើតឡើង គឺខ្យល់កម្រើកហើយតា ដូច្នេះ ជាមួយនឹងចិត្តដែលគិតថា អញឈានទៅមុខ នោះឯង; ហើយគិតតទៅទៀតថា ឱ! ឥឡូវនេះ រាងឆ្អឹងដែលលោកសន្មតថាកាយនេះ កំពុងឈានទៅមុខដោយអំណាចកម្រើកវាយោធាតុ និង កិរិយាចិត្តហើយ។ គិតយ៉ាងនេះគ្រប់ឥរិយាបថ និងធាតុទាំង ៤។ តាមសេចក្ដីក្នុងបរមត្ថថា ការដើរក៏ជារបស់ពួកធាតុការឈរក៏ជារបស់ពួកធាតុទាំងអស់។ ចិត្តដែលប្រព្រឹត្តទៅជាមួយនឹងរូបក្នុងចំណែកនោះៗ ជាប់គ្នាដូចខ្សែទឹក។ សេចក្ដីនេះ សមដូចន័យគាថាដែលលោកពោលថា៖ អញ្ញំ ឧប្បជ្ជតេ ចិត្តំ អញ្ញំ ចិត្តំ និរុជ្ឈតិ អវីចិមនុសម្ពន្ធោ នទីសោតោវ វត្តតិ។ សេចក្ដីថា៖ ចិត្តដទៃកើតឡើង ចិត្តដទៃក៏រលត់ទៅប្រហែលគ្នានឹងខ្សែទឹកទន្លេដែលប្រព្រឹត្តជាប់ទៅតាមរលក។ សេចក្ដីមិនវង្វេងក្នុងឥរិយាបថទាំងឡាយមានឈានទៅខាងមុខជាដើម ដូចពណ៍នាមកហើយនេះ បានឈ្មោះថា អសម្មោហសម្បជញ្ញៈ។ អ្នកដែលប្រកបដោយសម្បជញ្ញៈដូច្នេះ ចិត្តក៏រមែងជ្រះថ្លា មិនមានឱកាសឲ្យឧបក្កិលេសរុករានចូលមកបាន។ សតិនិងសម្បជញ្ញៈទាំងពីរនេះ បើកើតឡើងព្រមគ្នាក្នុងវេលាមួយ ក៏រឹងរឹតតែទ្វេកម្លាំងច្រើនឡើង អាចកំចាត់សត្រូវគឺកិលេសដែលជាមេកងធំ គឺរាគៈ ទោសៈ មោហៈ ឲ្យអស់ទៅបាន, តែកិលេសទាំងនេះអស់ទៅហើយ ចិត្តរមែងបរិសុទ្ធជ្រះថ្លាផូរផង់; ទុកជាមិនដាច់អស់ជាសមុច្ឆេទប្បហាន ក៏គង់ជាតទង្គប្បហាន; កាលបើជាតទង្គប្បហានរឿយៗ ក៏រមែងក្លាយជាសមុច្ឆេទប្បហានទៅបាន។ សន្ដានចិត្តនៃជនដែលបានដុសខាត់រឿយៗ រមែងស្អាតផូរផង់ទៅដោយលំដាប់តាមទំនងនៃកុសលធម៌ដែលជាគ្រឿងដុសខាត់នោះ ៗ, ដូចព្រាហ្មណ៍ម្នាក់ដែលធ្វើការកុសលបន្តិចម្ដងៗ ជាលំដាប់ ដរាបដល់បានសម្រេចមគ្គផល, សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ៖ រឿង ព្រាហ្មណ៍ធ្វើបុណ្យជាលំដាប់ ព្រាហ្មណ៍នោះ បានធ្វើបុណ្យជាលំដាប់ៗ តាំងពីតិចៗ ដរាបដល់បានសម្រេចមគ្គផលជាទីបំផុត។ មុនដំបូងបានឃើញទីដែលភិក្ខុ ១ រូបឈរឃ្លុំចីពរ ទីនោះមិនស្អាតប្រឡាក់ដោយភក់និងស្មៅ; ក៏ធ្វើឲ្យស្អាតល្អឡើង បានជញ្ជូនដីខ្សាច់យកមករោយរាយ រួចធ្វើបារាំបាំងកំដៅថ្ងៃ ខាងក្រោយកំផុតបានសាងសាលា ១ ត្រង់ទីនោះ។ វេលាសម្ពោធឆ្លងសាលានោះ បាននិមន្តព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រធានមកឆាន់; លុះទ្រង់ឆាន់ហើយ, ក៏ក្រាបបង្គំទូលប្រវត្តិហេតុនៃការសាងសាលានោះឲ្យទ្រង់ជ្រាបតាំងពីខាងដើមជាលំដាប់មក រួចវេរសាលានោះថ្វាយចំពោះសង្ឃ មានព្រះសម្ពុទ្ធជាប្រធានកាលដែលព្រះបរមគ្រូនឹងអនុមោទនា ក៏ទ្រង់សម្ដែងបទព្រះគាថានេះថា៖ អនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ កម្មារោ រជតស្សេវ និទ្ធនេ មលមត្តនោ។ សេចក្ដីថា អ្នកមានប្រាជ្ញាគួរកំចាត់មន្ទិលក្នុងខ្លួនខណៈ ៗ បន្តិចម្ដង ៗ ដោយលំដាប់ទៅ, ដូចជាងមាសដែលជម្រះស្នឹមនៃមាសប្រាក់ ដូច្នោះ។ ពាក្យដែលទូន្មានឲ្យធ្វើចិត្តរបស់ខ្លួនផូរផង់ ជាលំដាប់ដរាបដល់បានសម្រេចអរហត្តជាទីបំផុត ដូចពោលមកនេះរាប់ថាជា ពុទ្ធសាសនា ពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធរាល់ព្រះអង្គដែលបានត្រាស់កក្នុងកាលទាំងពយង តែងទ្រង់ប្រដៅដូច្នេះ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |