អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧០៨ ដង)
ព្រះនាម ពុទ្ធោ

|
ព្រះនាម ពុទ្ធោ
ព្រះនាមទី ៩ របស់ព្រះអង្គគឺ « ពុទ្ធោ » ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផង។ ចតុរារិយសច្ចមាន ៤ យ៉ាងគឺ
១- ទុក្ខអរិយសច្ច ធម្មជាតដឹងនូវទុក្ខ ២- ទុក្ខសមុទយសច្ច ដឹងនូវដែនកើតទុក្ខ ៣- ទុក្ខនិរោធអរិយសច្ច ដឹងនូវទីរំលត់ទុក្ខ ៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដឹងនូវ ផ្លូវទៅកាន់ទីរំលត់ទុក្ខ។ ទុក្ខអរិយសច្ចមាន ១២ យ៉ាងគឺ៖ ១- ជាតិទុក្ខ ការកើតជាទុក្ខ ២- ជរាទុក្ខ ការចាស់គ្រាំគ្រាជាទុក្ខ ៣- ព្យាធិទុក្ខ ការឈឺចុកចាប់ជាទុក្ខ ៤- មរណទុក្ខ ស្លាប់ជាទុក្ខ ៥- សោកទុក្ខ យំសោកជាទុក្ខ ៦- បរិទេវទុក្ខ យំទួញរៀបរាប់ជាទុក្ខ ៧- ទុក្ខទុក្ខ ទុក្ខត្រួតលើទុក្ខជាទុក្ខ ៨- ទោមនស្សទុក្ខ ការអាក់អន់ចិត្តជាទុក្ខ ៩- ឧបាយាសទុក្ខ ចង្អៀតចង្អល់ចិត្តជាទុក្ខ ១០- អបិយេហិ សម្បយោគទុក្ខ កិរិយាប្រកបដោយសត្វនឹងសង្ខារមិនជាទីស្រលាញ់ពេញចិត្តជាទុក្ខ ១១- បិយេហហិ វិប្បយោគទុក្ខ ការប្រាចាកសត្វនិងសង្ខារជាទីស្រឡាញ់ជាចិត្តជាទុក្ខ ១២- យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខំ ចង់បានរបស់ណាមិនបានរបស់នោះជាទុក្ខ និង សង្ខិតេន បញ្ចុប្បាទានខន្ធា ទុក្ខា ទុក្ខទាំងអស់សរុបឲ្យខ្លី គឺបញ្ចក្ខន្ធ។ ទុក្ខសមុទយអរិយសច្ចមាន ៣ យ៉ាងគឺ៖ ១-កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកាម ២- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងភព ៣- វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងព្រហ្មឥតរូប។ ទុក្ខនិរោធអរិយសច្ចរំលត់នូវធម៌ ៧ យ៉ាងគឺ៖ ១- កាមរាគៈ តម្រេកក្នុងកាម ២- បដិឃៈ ថ្នាំងថ្នាក់ក្នុងចិត្ត ៣- ទិដ្ឋិ យល់ខុស ៤- វិចិកច្ឆា សេចក្ដីសង្ស័យ ៥- មានៈ រឹងត្អឹង ៦- ភវរាគៈ តម្រេកក្នុងភព ៧- អវិជ្ជា សេចក្ដីល្ងង់ខ្លៅ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចមាន ៨ យ៉ាងគឺ៖ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ត្រូវ ២- សម្មាសក្កប្បៈ ត្រិះរិះត្រូវ ៣- សម្មាវាចា សម្ដីត្រូវ ៤- សម្មាកម្មន្តៈ ការងារត្រូវ ៥- សម្មាអាជីវៈ ចិញ្ចឹមជីវិតត្រូវ ៦- សម្មាវាយាមៈ ព្យាយាមត្រូវ ៧- សម្មាសតិ រលឹកត្រូវ ៨- សម្មាសមាធិ តម្កល់ចិត្តត្រូវ។ សម្មាទិដ្ឋិ ៣ យ៉ាង គឺ៖ ១- កម្មស្សកតា សម្មាទិដ្ឋិ យល់ត្រូវថាសត្វលោកប្រព្រឹត្តទៅតាមកម្ម។ ២- ទសវត្ថុកសម្មាទិដ្ឋិ យល់ត្រូវចំពោះការធ្វើជាសម្មាទិដ្ឋិ ១០ យ៉ាង។ ៣- ចតុសច្ចសមាទិដ្ឋិ យល់ត្រូវចំពោះអរិយសច្ច ៤។ សម្មាសង្កប្ប ៣ យ៉ាងគឺ៖ ១- នេក្ខកម្មសង្កប្ប ត្រិះរិះក្នុងការចេញចាកកាម ២- អព្យាបាទសង្កប្ប ត្រិះរិះក្នុងការមិនព្យាបាទអ្នកដទៃ ៣- អវិហិង្សាសង្កប្ប ត្រិះរិះក្នុងការមិនប្រើអំពើហិង្សាដាក់អ្នកដទៃ។ សម្មាវាចា ៤ យ៉ាងគឺ៖ ១- មុសាវាទា វិរតិ វៀរចាកការនិយាយកុហក ២- បិសុណវាចាយ វិរតិ វៀរចាកការនិយាយញុះញុង ៣- ផរុសវាចាយ វិរតិ វៀរចាកការនិយាយចាក់ដោត ៤- សម្ផប្បលាបា វិរតិ វៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍។ សម្មាកម្មន្ត ៣ យ៉ាងគឺ៖ ១- បាណាតិបាតា វេរមណី មិនសម្លាប់សត្វ ២- អទិន្នាទានា វេរមណី មិនលួចទ្រព្យអ្នកដទៃ ៣- កាមេសុ មិច្ឆាចារា វេរមណី មិនប្រព្រឹត្តខុសក្នុងកាម។ សម្មាអាជីវ ៥ យ៉ាងគឺ៖ ១- សត្ថវណិជ្ជា មិនជួញគ្រឿងសស្ត្រាវុធ ២- សត្តវណិជ្ជា មិនជួញមនុស្ស សត្វ ៣- មំសវណិជ្ជា មិនជួញសាច់ ៤- មជ្ជវណិជ្ជា មិនជួញគ្រឿងស្រវឹង ៥- វិសវណិជ្ជា មិនជួញថ្នាំពិស។ សម្មាវាយាម ៤ យ៉ាងគឺ៖ ១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនបានឲ្យបាបកើតឡើង ២- បហានប្បធាន ព្យយាមលះបាបដែលកើតឡើងហើយ ៣- អនុរក្ខនាបធាន ព្យាយាមរក្សាកុសលដែលមានហើយ ៤- ភាវនាបធាន ព្យាយាមចម្រើននូវកុសលធម៌ដែលមិនធ្លាប់មាន។ សម្មាសតិ ៤ យ៉ាងគឺ៖ ១- កាយានុបស្សនា សតិប្បដ្ឋានា សតិតម្កល់ក្នុងកាយ ២- វេទនានុបស្សនា សតិប្បដ្ឋានា សតិតម្កល់ក្នុងវេទនា ៣- ចិត្តានុបស្សនា សតិប្បដ្ឋានា សតិតម្កល់ក្នុងចិត្ត ៤- ធម្មានុបស្សនា សតិប្បដ្ឋានា សតិតម្កល់ក្នុងធម៌។ សម្មាសមាធិ ៤ យ៉ាងគឺ៖ ១- បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិសុខកើតពីវិវេគ ២- ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ មានចិត្តថ្លាស្អាត ខាងក្នុងមានបីតិ សុខៈ កើតពីវិវេគ ៣- តតិយជ្ឈាន ប្រាសចាកបីតិមានសុខៈ និងឧបេក្ខា ៤- ចតុត្ថជ្ឈាន លះបង់សុខទុក្ខ មិនសោមនស្ស មិនទោមនស្ស មិនសុខ មិនទុក្ខ មានសតិប្រកបដោយឧបេក្ខា ដ៏បរិសុទ្ធ។ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គភ្ញាក់រឭក ចាកមោហៈហើយបរិបូណ៍ដោយសប្បរិសធម៌។ សប្បុរិសធម៌មាន ៧ យ៉ាងគឺ៖ ១- ធម្មញ្ញុតា ដឹងប្រមាណក្នុងធម៌ ២- អត្ថញ្ញុតា ដឹងប្រមាណក្នុងសេចក្ដី ៣- អត្តញ្ញុតា ដឹងប្រមាណក្នុងខ្លួន ៤- មត្តញ្ញុតា ដឹងប្រមាណក្នុងអ្នកដទៃ ៥- កាលញ្ញុតា ដឹងប្រមាណក្នុងពេលវេលា ៦- បរោបរញ្ញុតា ដឹងប្រមាណក្នុងចិត្តអ្នកដទៃ ៧- បរិសញ្ញុតា ដឹងប្រមាណក្នុងបរិស័ទ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រះព្រះអង្គបានបំពេញបារមីដ៏ឧត្ដម ដើម្បីបានសម្មាសម្ពោធិញ្ញាណ។ បារមីមាន ១០ យ៉ាងគឺ៖ ១- ទានបារមី វេស្សន្ដរ ២- សីលបារមី ភូមិទត្ត ៣- នេក្ខម្មបារមី តេមិយ ៤- បញ្ញាបារមី មហោសថ ៥- វីរិយបារមី មហាជានក ៦- ខន្តិបារមី ចន្ទកុមារ ៧- សច្ចបារមី វិធូរបណ្ឌិត ៨- អធិដ្ឋានបារមី នេមិរាជ ៩- មេត្តាបារមី សុវណ្ណសាម ១០- ឧបេក្ខាបារមី នារទព្រហ្ម។ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គ កម្ចាត់បង់នូវអវិជ្ជា។ អវិជ្ជាមាន ៨ យ៉ាងគឺ៖
១- ទុក្ខេ អញ្ញាណំ មិនដឹងកងទុក្ខ ២- ទុក្ខសមុទយេ អញ្ញាណំ មិនដឹងដែននៃកងទុក្ខ ៣- ទុក្ខនិរោធេ អញ្ញាណំ មិនដឹងទីរំលត់ទុក្ខ ៤- ទុក្ខនិរោធគាមិនីបដិបទាយ អញ្ញាណំ មិនដឹងនូវផ្លូវទៅកាន់ទីរំលត់ទុក្ខ ៥- បុព្វន្តេ អញ្ញាណំ មិនដឹងទីបំផុតកំណើតជាតិពីមុន ៦- អបរន្តេ អញ្ញាណំ មិនដឹងទីបំផុតកំណើតជាតិខាងមុខ ៧- បុព្វន្តាបរន្តេ អញ្ញណំ មិនដឹងទីបំផុតកំណើតពីមុន និងកំណើតខាងមុខ ៨- បដិច្ចសមុប្បាទេ អញ្ញាណំ មិនដឹងកងទុក្ខក្នុងបដិច្ចសមុប្បាទ។ ពាក្យថាពុទ្ធោមានអត្ថ ១៥ ប្រការគឺ៖ ១- ពុជ្ឈិតា សច្ចានីតិ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវសច្ចៈទាំងឡាយ។ ២- ពោធេន្តោ បជាយាតិ ពុទ្ធោ ទ្រង់ព្រះ នាមថា ពុទ្ធោ ព្រោះព្រះអង្គញ៉ាំងពពួកជនឲ្យត្រាស់ដឹងផង។ ៣- សព្វញ្ញុតាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រះអង្គត្រាស់ដឹងនូវធម៌ទាំងពួង។ ៤- សព្វទស្សាវិតាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គទ្រង់ឃើញនូវធម៌ទាំងពួងដោយចក្ខុញាណ។ ៥- អនញ្ញនេយ្យតាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គមិនមានអ្នកដទៃណា ដឹកនាំព្រះអង្គឡើយ។ ៦- វិសតិតាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គមាននូវស្មារតីដ៏វិសេស។ ៧- ខីណាសវសង្ខាតេន ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គដល់នូវការរាប់ថា អស់ទៅនូវអាសវៈ។ ៨- និរុបក្កិលេសសង្ខាតេន ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គដល់នូវការរាប់ថា មិនមានឧបក្កិលេស។ ៩- ឯកន្តវីតរាគោតិ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គប្រាសចាករាគៈ ដោយដាច់ខាត។ ១០- ឯកន្តវីតទោសោតិ ពុទ្ធោ ទ្រង់ព្រះ នាមថា ពុទ្ធោ ព្រោះព្រះអង្គប្រាសចាកនូវទោសៈ ដោយដាច់ខាត។ ១១- ឯកន្តវីតមោហោតិ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គប្រាស់ចាកមោហៈដោយដាច់ខាត។ ១២- ឯកន្តនិក្កិលេសោតិ ពុទ្ធោ ព្រះអង្គទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គមិនមាននូវកិលេសដោយដាច់ខាត។ ១៣- ឯកាយ មគ្គំ គតោតិ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គយាងទៅកាន់ផ្លូវតែមួយ ឬផ្លូវទៅកាន់ព្រះនិព្វានបានដល់សតិប្បដ្ឋាន ៤។ ១៤- ឯកោ អនុត្តរំ សម្មាសម្ពោធឹ អភិសម្ពុទ្ធោតិ ពុទ្ធោ ព្រះអង្គទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះ ព្រះអង្គត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ដោយព្រះអង្គឯង។ ១៥- អពុទ្ធិវិហតត្តា ពុទ្ធិប្បដិលាភា ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គកម្ចាត់បង់នូវការមិនមាន បញ្ញា ដោយការបាននូវបញ្ញា។ ពុទ្ធោតិ នេតំ នាមំ មាតរា កតំ ន បិតរា កតំ ន ភាតរា កតំ ន ភគនិយា កតំ ន មិត្តាមច្ចេហិ កតំ ន ញាតិសាលោហិតេហិ កតំ ន សមណព្រាហ្មណេហិ កតំ ន ទេវតាហិ កតំ វិមោក្ខន្តិកមេតំ ពុទ្ធានំ ភគវន្តានំ ពោធិយា មូលេ សហ សព្វញុតញ្ញាណស្ស បដិលាភា សច្ឆិកាបញ្ញត្តិ យទិទំ ពុទ្ធោតិ ទ្រង់ព្រះនាមថា ពុទ្ធោ នេះ មិនមែនជាព្រះនាមដែលព្រះមាតាថ្វាយទេ មិនមែនព្រះបិតាថ្វាយទេ មិនមែនបងប្អូនប្រុសថ្វាយទេ មិនមែនបងប្អូនស្រីថ្វាយទេ មិនមែនមិត្រនិងអាមាត្យថ្វាយទេ មិនមែនពួកញាតិសាលោហិតថ្វាយទេ មិនមែន សមណព្រាហ្មណ៍ថ្វាយទេ មិនមែនទេវតាថ្វាយទេ ទ្រង់ព្រះនាមថា ពុទ្ធោ នេះជាវិមោក្ខន្តិកនាម ពឺព្រះនាមដែលមានក្នុងទីបំផុត ក្នុងអរហត្តផល នៃព្រះពុទ្ធទាំងឡាយ ទ្រង់មានព្រះភាគ ជាសច្ឆិកាបញ្ញត្តិ គឺបញ្ញត្តិ ព្រោះជាការជាក់ច្បាស់ក្នុងធម៌ទាំងពួងបានកើតព្រមជាមួយនឹងសព្វញ្ញុតញ្ញាណនៅគល់ពោធិព្រឹក្ស។ ព្រះគុណបទនេះ សំដៅយកព្រះអង្គត្រាស់ដឹងនូវសច្ចធម៌ មួយទៀតពាក្យថា «ពុទ្ធោ» នេះ ប្រែថា ព្រះអង្គភ្ញាក់រលឹកហើយអំពីដំណេក គឺ មោហៈ ព្រះអង្គមានព្រះប្រាជ្ញារីករាយហើយ ព្រះអង្គសម្រេចកិច្ចគ្រប់យ៉ាងហើយ។ ម្យ៉ាងទៀតព្រះគុណ នាមនេះបានដល់ភាពនៃព្រះអង្គជាអ្នកបរិបូណ៌ដោយសប្បុរសធម៌៧ប្រការ បញ្ជាក់សេចក្ដីឃើញថា ព្រះអង្គជាកាលញ្ញូ (អ្នកដឹងកាលសម័យ) ។ កាលព្រះអង្គបរិបូណ៌ដោយគុណទាំងនេះ ទ្រង់សម្ដែងធម៌ទេសនាប្រោសសត្វលោក ឲ្យប្រកបដោយគុណនេះផងដែរ ដើម្បីចង់ឲ្យសត្វត្រាស់ដឹង ឃើញធម៌ដូចព្រះអង្គដោយទ្រង់ពុំមើលបំណាំសត្វលោក ដែលកំពុងល្ងង់ខ្លៅនោះឡើយ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |