អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,២៦៧ ដង)
ពាក្យសួរចំពោះការបដិបត្តិ ទិសដៅពិត នៃការបដិបត្តិធម៌

|
ពាក្យសួរចំពោះការបដិបត្តិ ទិសដៅពិត
នៃការបដិបត្តិធម៌ សួរៈ ក្នុងសម័យដែលលោកឪពុកនៅមានជីវិត នាងខ្ញុំធ្លាប់បានសួរគាត់ថា ពេលនេះពុកមានអាយុច្រើន ហើយក៏មិនមានភារកិច្ចអ្វីដែលត្រូវធ្វើដែរ ហេតុអ្វីបានជាមិនចូលចិត្តក្នុងការបដិបត្តិធម៌ ដើម្បីធ្វើប្រយោជន៍ឲ្យខ្លួនឯង? គាត់ឆ្លើយថា ព្រោះគាត់នៅមានកិលេស។ ក្រែងថា តែអស់កិលេសហើយ នឹងមានកិច្ចអ្វីដែលត្រូវបំពេញទៀត ពេលនេះកូនត្រូវធ្វើយ៉ាងណា? -ឆ្លើយៈ ប្រព្រឹត្តទៅបាន២យ៉ាង។ ម្យ៉ាងលោកញៀនជាប់ជាមួយនឹងការយល់របស់មនុស្សមិនតិចទេ ដែលសម្លឹងមករឿងធម៌អាថ៌ ថាជារឿងគួរជៀស គួរគេច គួរវាង ត្រង់នេះវាជាផ្លូវ ឬជាគំនិតឃ្លៀងឃ្លាត ភ្លាត់ប្លាត សម្លឹងឃើញខុស។ ទី២ គឺលោកខ្ជិលនិយាយប្រាប់រៀបរាប់ច្រើន ក៏និយាយខ្លីៗអ៊ីចឹងទៅ។ ការពិតនោះរឿងធម៌អាថ៌ ពុំចាំបាច់និយាយ ដល់ការលះកិលេសនោះទេ គ្រាន់តែបានសប្បាយចិត្ត មានសេចក្ដីសុខ ព្រោះការយល់ដឹង ការសិក្សាក៏ជាប្រយោជន៍ ព្រោះថា បើលះកិលេសបានហើយ សេចក្ដីសុខក៏លះបានដែរ ពុំចាំបាច់បំពេញធម៌ធ្វើអ្វីទៀត? -សួរៈ លោកឪពុកធ្លាប់ប្រាប់ថា គាត់មានសេចក្ដីសុខហើយដូចជា នៅផ្ទះមើលទូរទស្សន៍ជាដើម ព្រោះនៅពេលដែលគាត់មានជីវិតរស់នៅ គាត់ចូលចិត្តមើលទូរទស្សន៍ណាស់។ ពេលខ្លះខ្ញុំចង់ជូនគាត់ទៅវត្ត គាត់ពោលអាងថា មិនស្រួលខ្លួន អង្គុយយូរមិនបាន។ -ឆ្លើយៈ គាត់អាចមិនមានទម្លាប់តាមផ្លូវចិត្តក្នុងរឿងវត្តវ៉ាដូច្នោះហើយ គ្រាដំបូងមិនគួរនិយាយដល់រឿងវត្ត គឺនិយាយធម៌ដែលជារឿង ជារ៉ាវទាក់ទងនឹងជីវិតប្រចាំថ្ងៃ ដោយពុំចាំបាច់ប្រាប់ឈ្មោះធម៌ក៏បាន ហើយប្រព្រឹត្តទៅរឿយៗជាមួយការសន្ទនាដោយមិនបានដឹងថា ជារឿងធម៌អាថ៌។ ធម៌មិនគឺអ្វី គឺសេចក្ដីពិតក្នុងរបស់ទាំងឡាយក្នុងដំណើរជីវិត។ ការបដិបត្តិចំពោះរបស់ផ្សេងៗត្រឹមត្រូវតាមហេតុផល នេះគឺធម៌។ ការមិនប្រាប់ឈ្មោះធម៌ មិនបញ្ចេញសព្ទធម៌ ហើយនិយាយធម្មតាយ៉ាងនេះ រហូតបានយល់ចូលចិត្តក្នុងចំណុចខ្លះៗហើយ ទើបផ្ដើមយកសៀវភៅធម៌មកអាចឲ្យស្ដាប់។ -សួរៈ នាងខ្ញុំបានព្យាយាមហើយ ដូចជាបានក្រាបសំពះគាត់ហើយ ជម្រាបថា នឹងអាចសៀវភៅឲ្យគាត់ស្ដាប់ តែគាត់បដិសេធថា មិនចង់ស្ដាប់។ -ឆ្លើយៈ គួររង់ចាំឲ្យគាត់ទាមទារដោយខ្លួនឯង កុំប្រាប់ថានឹងអាចឲ្យគាត់ស្ដាប់។ ត្រូវនិយាយឲ្យគាត់ចង់ដឹង ឬថាមានប្រការដែល ត្រូវវែកញែកគ្នា ហើយគាត់ជាផ្នែកខាងអ្នកសាកសួរ។ -សួរៈ សូម្បីដល់ខណៈចុងក្រោយ នៅក្នុងមន្ទីរពេទ្យ នាងខ្ញុំចង់ឲ្យលោកឪពុកមានចិត្តស្ងប់ ក៏មិនដឹងប្រើឧបាយយ៉ាងណា ក៏ចាត់ឲ្យមានពិធីសូត្រមន្ត ដើម្បីឲ្យគាត់កើតនូវកុសលចិត្តឡើង គាត់ក៏ប្រាប់ថា មិនដឹងយ៉ាងមិច ឲ្យតែគាត់ស្ដាប់សម្លេងសូត្រមន្ត គាត់មានអារម្មណ៍ជ្រួលច្របល់ ពិបាកទ្រាំ ខ្ញុំក៏ទាល់ប្រាជ្ញា។ ព្រោះថា យើងខ្លួនឯង បានហ្វឹកហាត់ចិត្តដឹង តែមិនអាចជួយឪពុកបាន ឥឡូវនេះនាងខ្ញុំសូមសាកសួរថា តើនៅមានវិធីយ៉ាងណា ក្នុងការណែនាំពពួកញាតិ ឬថា យើងធ្វើនេះវាហួសពីតួនាទី? -ឆ្លើយៈ មិនមែនទេ តែត្រូវមានវិធីក្នុងការបបួល ដើម្បីឲ្យចិត្តទោរទន់ទៅ ដែលជារឿងត្រូវព្យាយាមប្រព្រឹត្តរឿយៗ។ ជួនកាលគាត់អាចមានទិដ្ឋិយល់ឃើញក្នុងផ្លូវបដិបក្ខ ឬផ្លូវផ្ទុយគ្នាព្រោះហេតុនោះ ទើបជារឿងពិបាក ត្រូវចាំរយៈពេលយូរ ដោយមិនដឹងខ្លួនថា កំពុងចូលទៅកាន់ទីនោះៗ គឺឲ្យព្រមចូលមកឯងៗឬថា បបួលដោយមិនដឹងខ្លួន។ -សួរៈ ធ្លាប់ប្រើឧបាយដូចជាថា ទៅដើរលេង ហើយក៏ជូនទៅទស្សនាទីវត្តផ្សេងៗ តែក្រោយមកគាត់បានបដិសេធ ព្រោះថាបើជាមួយយើងៗនឹងជូនមកវត្ត។ ទោះជាប្រាប់ថា ទៅដើរលេងដើម្បីផ្លាស់ប្ដូរបរិយាកាសក៏ដោយ។ បើជាអ្នកដទៃ ខ្ញុំក៏អាចដាក់ចិត្តជាឧបេក្ខាបាន តែនេះជាលោកឪពុកដែលជាញាតិជិតបំផុតទើបចង់ឲ្យលោកមានឱកាស តែក៏មិនអាចសម្រេចទៅបាន។ -ឆ្លើយៈ បើយ៉ាងនេះ ត្រូវដាក់ចិត្តថា សូមឲ្យលោកនៅដោយ ចិត្តស្រស់ស្រាយ រីករាយសប្បាយ។ ការតាំងចិត្តបែបនេះពេលខ្លះ ក៏អាចផ្សារភ្ជាប់គ្នាបានដោយស្មានមិនដល់ ដោយតាំងចិត្តត្រឹមតែថា សូមឲ្យលោកមានចិត្តល្អស្អាត មានសេចក្ដីសុខ គឺនឹកតែយ៉ាងនេះ កុំនឹកអ្វីផ្សេង ការពិតគោលដៅរបស់យើងគឺនៅត្រង់នេះឯង។ បើតាំងចិត្តយ៉ាងនេះ គង់មានថ្ងៃមួយចំណុចផ្សារភ្ជាប់នឹងប្រាកដ អាស្រ័យដោយមេត្តានេះជាឆ្នួន។ -សួរៈ យើងអាចតាំងចិត្តមេត្តាចំពោះពួកញាតិដែលជាធំយ៉ាងនេះបានឬ? -ឆ្លើយៈ មែនហើយ សារៈសំខាន់គឺឲ្យលោកយល់អំពីវត្តទៅវត្តសិក្សាធម៌ ក៏ដើម្បីឲ្យលោកមានចិត្តល្អស្អាត មានសេចក្ដីសុខនេះជាទិសដៅពិតប្រាកដ កុំតម្រង់ទៅថាត្រូវតែចូលវត្ត ត្រូវតែស្ដាប់ធម៌។ ណ្ហើយ មិនត្រូវកង្វល់នោះឡើយ ធម៌ក៏ជាវិធីការជួយឲ្យលោករឹតតែមានសេចក្ដីសុខក្រៃលែងឡើង តែបើលោកនៅទទួលមិនទាន់បាន យើងក៏លើកទិសដៅនេះទុកសិនចុះ។ នេះជាវិធីការតែមួយ ហើយតទៅរឿយៗ ចាប់ផ្ដើមបញ្ជ្រាបធម៌ចូលកាលណាគាត់យល់ព្រមទទួល។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |