អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,២៤៩ ដង)
បុណ្យគឺបុញ្ញៈ

|
បុណ្យគឺបុញ្ញៈ
ម្ដាយនឹងកូន កំពុងបោសទីធ្លាអារាម ក្នុងខណៈមានពិធីបុណ្យក្នុងវត្ត មានមនុស្សជាច្រើនបានយកចង្ហាន់ បច្ច័យ មានអ្នកមានខ្លះចំនាយលុយសង់វិហារ អារាម កុដិ។ ពេលនោះ កូនក្មេងតូចដែលកំពុងបោសទីធ្លាអារាម ជាមួយម្ដាយបានសួរម្ដាយថាៈ អ្នកម៉ែ គេមានលុយ គេចូលបុណ្យច្រើនអ៊ីចឹងប្រហែលគេបាន បុណ្យច្រើនហើយបានឡើងឋានសួគ៌ហើយ។ ចំណែកយើងក្រីក្រ មិនមានអ្វីធ្វើបុណ្យប្រហែលនៅតែលំបាកបែបនេះបន្តទៀតហើយមើលទៅ? ម្ដាយញញឹមហើយតបវិញថា កូនត្រូវយល់អំពីអ្វីដែលហៅថាបុណ្យ បុណ្យគឺបុញ្ញៈ គឺភាពបរិសុទ្ធជ្រះថ្លា ទោះគេចូលបុណ្យ ១០០រៀល ឬ ១០០លានដុល្លា នោះគ្រាន់តែជាចំនួននៃទានឬវត្ថុបណ្ណោះ មិនមែនជាបុណ្យទេ កាលណាបើគេឲ្យទានហើយ ចិត្តនៅក្ដៅក្រហល់ក្រហាយស្ដាយលុយ ឬ យ៉ាងណានោះក៏មិនបានទទួលបុណ្យដូចគ្នា។ បុណ្យ ឬសេចក្ដីបរិសុទ្ធជ្រះថ្លា មិនស្ថិតនៅលើបរិមាណនៃវត្ថុទេ គឺស្ថិតនៅលើចិត្តរបស់បុគ្គលម្នាក់ៗប្រកបដោយសេចក្ដីសប្បាយរីករាយបើសប្បាយនោះប្រកបដោយសេចក្ដីជ្រះថ្លា ការឲ្យនោះគឺជាបុណ្យ បុណ្យមិនបានប្រមាណថាឲ្យទានច្រើនបានបុណ្យច្រើននោះទេ។ ដើម្បីរីករាយ សប្បាយ បរិសុទ្ធ ជ្រះថ្លា គឺមាន ១០ប្រការ ដែលយើងហៅថា បុញ្ញកិរិយាវត្ថុទាំង ១០ ការឲ្យទានគឺគ្រាន់តែជាចំណែកបុណ្យមួយ ការទេសនា ឬ ត្រេកអរនឹង អំពើរបស់អ្នកដទៃបានសាង ក៏បានបុណ្យ ដូចគ្នាព្រោះគេសប្បាយ ហើយចែកក្ដីសប្បាយនោះមកឲ្យយើង យើងក៏សប្បាយរីករាយ តាមដូចនេះ ហើយបានជាចាស់ៗ ពេលធ្វើបុណ្យហើយមកវិញ តែងតែនិយាយថាប្រាប់ញាតិសន្ដានថា សូមចែកបុណ្យផង គឺចែកសេចក្ដីជ្រះថ្លាដល់គ្រប់ៗគ្នា គឺយកចិត្តបុណ្យសាងចិត្តបុណ្យនោះឯង។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |