អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២០,៣៥៤ ដង)
ធ្វើបុណ្យតាមអារម្មណ៍

|
ធ្វើបុណ្យតាមអារម្មណ៍
តើធ្វើបុណ្យតាមអារម្មណ៍ តើបានបុណ្យដែរឬទេ? បានបុណ្យ គឺនៅពេលមានអារម្មណ៍ចង់ធ្វើបុណ្យចង់ឲ្យទានចំពោះព្រះសង្ឃ ឪពុកម្ដាយសាច់ញាតិ ឬចង់ជួយសង្គ្រោះមនុស្សកម្សត់អត់ឃ្លាន មិនមានស៊ីលំបាកក្រីក្រទុក្ខវេទនាគ្មានទីពឹងពេលនេះហើយវាជាបុណ្យ វាជាកុសល វាជាអំពើល្អ វាជាធម៌ស។ ការធ្វើបុណ្យនេះ មិនចាំបាច់ការឲ្យទានប៉ុណ្ណឹងទេ សូម្បីតែយើងរក្សាសីលសូត្រធម៌សិក្សាព្រះធម៌សិក្សាព្រះធម៌ចម្រើនសមាធិភាវនា និង ពិចារណាធម៌ ឲ្យដឹងបុណ្យបាបគុណទោសខុសត្រូវក្នុងជីវិតប្រចាំថ្ងៃ ឲ្យឃើញថាអ្វីនៅក្នុងលោកនេះ សុទ្ធតែមិនទៀងទាត់ ជាទុក្ខ វាមិនមែនជារបស់ខ្លួន នេះហើយជាបុណ្យដែលយើងធ្វើទៅតាមអារម្មណ៍ ចង់បានចង់ដឹងចង់ជួយចង់ឲ្យគេមានសេចក្ដីសុខ នេះហៅថាបុណ្យ។ មិនបានបុណ្យ គឺនៅពេលណាដែលយើងមិនមានអារម្មណ៍ចង់ធ្វើបុណ្យ មិនចង់ធ្វើទាន មិនចង់ រក្សាសីល មិនចង់សូត្រធម៌ មិនចង់សិក្សាព្រះធម៌ មិនចង់ចម្រើនសមាធិ មិនចង់ភាវនាធម៌ មិនចង់ពិចារណាធម៌ ឲ្យដឹងបុណ្យបានគុណទោសខុសត្រូវក្នុងជីវិតនេះ ហើយមិនបានបុណ្យ គឺជាចិត្តអកុសល ជាចិត្តអាក្រក់ ជាចិត្តខ្ជិល ជាចិត្តកំណាញ់ ជាចិត្តសៅហ្មង ជាចិត្តគិតតែប្រយោជន៍ខ្លួន ជាចិត្តលោភលន់ ជាចិត្តមិនចង់ជួយអ្នកដទៃឲ្យមានសេចក្ដីសុខដូចខ្លួន ជាចិត្តខ្វះមេត្តាករុណាដល់សត្វទាំងឡាយ ដែលមានទុក្ខវេទនាក្នុងជីវិត ហើយមិនព្រមជួយសង្គ្រោះនេះហើយជាអារម្មណ៍ចិត្តបាប ជាចិត្តមិនមានបុណ្យ។ បើសិនជាធ្វើបុណ្យដែរ តែមិនពេញចិត្តធ្វើ ធ្វើដោយបង្ខំចិត្តខ្លាចគេថា ឬធ្វើតាមគេតាមឯងតាមប្រពៃណី ឬធ្វើទាំងមិនដឹងខុសត្រូវ បានបុណ្យដែរតែបានតិចព្រោះធ្វើបុណ្យមិនមានបញ្ញា។ ការធ្វើបុណ្យតាមអារម្មណ៍ខឹង តាមអារម្មណ៍ស្ដាយក្រោយ ពេលផលបុណ្យកើតទ្រព្យមកដល់ខ្លួន ទ្រព្យនោះច្រើនមានបញ្ហា កើតរឿងកើតរ៉ាវប្ដឹងផ្ដល់ តស៊ូក្ដីគ្នាមិន ចេះចប់មិនចេះហើយ ទម្រាំនឹងបានទ្រព្យនោះមក ស្ទើរតែអស់ទ្រព្យសម្បត្តិដែលរកបានពីមុននោះមក ព្រោះធ្វើបុណ្យតាមអារម្មណ៍ខឹង ធ្វើបុណ្យស្ដាយក្រោយនេះឯង។ សរុបសេចក្ដីមក នៅពេលមានអារម្មណ៍ល្អ ចង់ធ្វើបុណ្យបានបុណ្យហើយ មិនចង់ធ្វើបុណ្យក៏មិនបានបុណ្យដែរ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |