អានអត្ថបទ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៧,៦៤៦ ដង)
រឿងព្រាហ្មណ៍ចាស់

|
រឿងព្រាហ្មណ៍ចាស់
(កូនមិនដឹងគុណមាតាបិតា អន់ជាងឈើច្រត់) ក្នុងពុទ្ធសម័យ មានព្រហ្មណ៍មហាសាលម្នាក់នៅក្នុងក្រុងសាវត្ថីមានទ្រព្យ ៨ សែនកហាបណៈ មានកូនប្រុស៤នាក់។ កាលកូននោះមានវ័យធំឡើង បានរៀបអាវាហមង្គលហើយចែកទ្រព្យសម្បត្តិឲ្យកូនម្នាក់ៗ ១សែនកហាបណៈ។ ខាងក្រោយមកនាងព្រាហ្មណី ជាភរិយារបស់ ព្រាហ្មណ៍នោះស្លាប់ទៅ គាត់នៅពោះម៉ាយតែម្នាក់ឯង។ កូនទាំង៤នាក់ប្រឹក្សាគ្នាថាបើឪពុក យើងមានប្រពន្ធទៀតមុខជាមានកូនមិនខាន ទ្រព្យ៤សែននឹងកេរ្តិ៍អាករផ្សេងៗ ដែលនៅសល់ក្នុងកណ្ដាប់ដៃគាត់ គាត់មុខជាចែកឲ្យ កូនចុងទាំងអស់ បើដូច្នេះគួរតែយើងទៅនាំយកគាត់មកចិញ្ចឹមជប់លៀងគាត់។ ថ្ងៃមួយ ព្រាហ្មណ៍ក្រោកពីដេកក្នុងវេលាថ្ងៃកូនទៅជួបជុំគ្នាហើយនិយាយអំពីទោស នៅគ្រប់គ្រងផ្ទះដោយឡែកៗពីគ្នា រួចនិយាយអង្វរថាៈ លោកឪពុកយើងខ្ញុំជាកូនទាំងអស់គ្នា នឹងបំរើទំនុកបម្រុងលោកឪពុកដោយគោរពដរាបដល់អស់ជីវិត សូមលោកឪពុកប្រគល់ទ្រព្យសម្បត្តិដែលនៅសល់ទាំងប៉ុន្មាន មកយើងខ្ញុំទាំងអស់គ្នាឱអស់មក កុំរវល់នឹងទុកដាក់ថែរក្សាព្រោះចាស់ហើយ ។ ព្រាហ្មណ៍ក៏ប្រគល់ទ្រព្យឲ្យដល់កូន ទាំង៤នាក់ម្នាក់ត្រូវបាន១សែនកហាបណៈទៀត ខ្លួននៅសល់តែសំពត់១ចង្កេះ ប៉ុណ្ណោះ ទៅនៅជាមួយនឹងកូន ច្បងបង្អស់មិនយូរប៉ុន្មានកូនប្រសារកើតសេចក្ដីធុញទ្រាន់ក៏និយាយ ដៀបដាមថា លោកឪពុក ប្រហែលជាមិនស្គាល់ផ្លូវទៅផ្ទះដទៃទៀតទេដឹង បានជាក្រាញនៅតែផ្ទះខ្ញុំ។ ព្រាហ្មណ៍ឮដូច្នោះតូចចិត្តណាស់ក៏បានដើរទៅនៅគ្រប់ផ្ទះកូនទាំង ៤នាក់គេចេះតែបណ្ដេញដូចៗគ្នា គាត់ទ្រាំនៅមិនបាន ក៏ចេញទៅដើរសូមទានគេតាម ច្រកល្ហកផ្ទះបុគ្គលដទៃទៅជាស្គមស្គាំង ព្រោះបរិភោគអាហារនិងដេកមិនស្រួលនឹក អាណិតអាសូរខ្លួនថាៈ ឱ! អាត្មាអញហើយចាស់ ឡើងកាន់តែលំបាកខ្លាំងឡើងមិនសម បើកូនអញវាមិននឹកអាណិតអញបន្តិចបន្តួចសោះ វាលះបង់ចោលអញដូចជាគោចាស់ បើដូច្នេះអញចូលទៅរក ព្រះសមណគោរតមចុះ ក្រែងលោ បានសុខស្រួសបន្តិច លុះគិតដូច្នេះហើយក៏ទៅកាន់សំណាក់ព្រះសម្ពុទ្ធៗ ត្រាស់សួរថាៈ នែព្រាហ្មណ៍ហេតុអ្វីបានជាអ្នកស្គមស្លេកស្លាំងម្លេះ? ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន៤នាក់ ឥឡូវ នេះវាត្រូវគំនិតគ្នានឹងប្រពន្ធវាបណ្ដេញខ្ញុំព្រះអង្គចោល។ ម្នាលព្រាហ្មណ៍បើដូច្នោះអ្នកចូររៀនមន្តពី តថាគតហើយសូត្រក្នុងទីប្រជុំជនដែលមានកូនរបស់អ្នកទាំងនោះអង្គុយ នៅជាមួយផងមន្តនោះថាៈ ខ្ញុំត្រេកអរដោយកូនឯណាដែលកើតហើយផង ប្រាថ្នានូវ សេចក្ដីចំរើនដល់កូនឯណាផង កូននោះ សមគំនិតជាមួយប្រពន្ធវា ហើយបណ្ដេញខ្ញុំ ចោលដូច ជាឆ្កែបណ្ដេញជ្រូក កូនជាអសប្បុរស លាមក គ្រាន់តែហៅឪៗ ប៉ុណ្ណោះវាលះបង់ខ្ញុំដែលមាន វ័យចាស់ជ្រុលហើយ កូនខ្ញុំនោះប្រៀបដូចអារក្សទឹកមកក្លែងធ្វើជាកូន ឪពុកចាស់របស់កូនពាល តែងដើរសូមទានប្របផ្ទះអ្នកដទៃ ដូចជាសេះចាស់ប្រើមិន កើតគេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំនេះប្រសើរ ឯកូនដែលមិនស្ដាប់បង្គាប់មិនប្រសើរឡើយ ត្បិតឈើច្រត់នេះ អាចការពារគោកាច ឆ្កែកាចក៏បាន ច្រត់ទៅខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់ចុះទៅក្នុងទឹកជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ខ្លួនបានដោយអានុភាពនៃឈើច្រត់ ។ លុះព្រាហ្មណ៍ចាស់ រៀនមន្តនេះអំពីសំណាក់ព្រះមានព្រះភាគ ចប់ហើយក៏ចូលទៅកាន់ទីប្រជុំដែលមានកូន៤នាក់ អង្គុយនៅទីនោះផង ហើយសូត្រមន្តនោះ។ សម័យនោះទំនៀមទំលាប់របស់អ្នក ស្រុកប្រកាន់ថា បើកូនណាបាន ទទួលមត៌កពីមាតាបិតា ហើយមិនចិញ្ចឹមវិញត្រូវអ្នក ស្រុកប្រហារជីវិត ។ គ្រាន់តែព្រាហ្មណ៍ចាស់សូត្រមន្តចប់ មហាជនផ្អើលឆោឡោរកដំបងព្រនង់ប្រុង វាយកូនទាំង៤ នោះសម្លាប់ចោល។ កូនព្រាហ្មណ៍ទាំង៤ នាក់ភ័យខ្លាំងស្ទុះទៅក្រាបទៀបបាទាបិតា សូមខមាទោសរ៉ាប់រងទំនុកបម្រុងដោយគោរព តទៅកូនម្នាក់ៗ បានជូល សំពត់១ គូនឹងនិច្ចភត្តទៀត។ ព្រាហ្មចាស់កាលបើបានសុខហើយ នឹកឃើញគុណ របស់ព្រះសាស្ដា។ ទើបនាំយកសំពត់៣គូនិងនិច្ចភត្តជាច្រើនទៅថ្វាយព្រះសាស្ដាៗ ទ្រង់ទទួលដោយអនុគ្រោះ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ |