អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២៥,៥២៩ ដង)
អានិសង្សសីល

|
អានិសង្សសីល
បុគ្គលអ្នកប្រាថ្នាសម្បត្តិសួគ៌ឬព្រះនិព្វាន ដែលនឹងបានសម្រេចដូចបំណង ក៏ព្រោះតែសេចក្ដីប្រតិបត្តិ, មិនសម្រេចព្រោះសេចក្ដីប្រាថ្នា ឬការអង្វរ តែម្យ៉ាងប៉ុណ្ណោះឡើយ។ ឯសេចក្ដីប្រតិបត្តិនោះដែលជាខាងដើមបំផុត ក៏គឺសីល, សីលទុកដូចជាភូមិផែនដី, គុណធម៌ដទៃទុកដូចជាពូជ, មានផែនដីគឺសីលបរិបូណ៍ហើយ ទើបពូជធារគឺគុណធម៌ដទៃ ៗ លូតលាស់ដុះដាលចម្រើនឡើងជាលំដាប់ទៅបាន។ ព្រោះហេតុដូច្នេះបានជា លោកសម្ដែងថា ៖ សីលបរិភាវិតោ សមាធិ មហប្ផលោ ហោតិ មហានិសំសោ សមាធិដែលសីលដុសខាត់ហើយ ជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន, សមាធិបរិភាវិតា បញ្ញា មហប្ផលា ហោតិ មហានិសំសា បញ្ញាដែលសមាធិដុះខាត់ហើយ ជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន បញ្ញាបរិភាវិតំ ចិត្តំ សម្មាទេវ អាសវេហិ វិមុច្ចតិ ចិត្តដែលបញ្ញាដុសខាត់ហើយ រួចស្រឡះចាកអាសវៈ ទាំងឡាយដោយប្រពៃពិត។ ភិក្ខុអ្នកសម្បូណ៌ដោយសីល រមែងបានសេចក្ដីត្រជាក់ចិត្តឥតក្ដៅក្រហាយ ដូចព្រះបរមសាស្ដាទ្រង់ទេសនាសរសើរអានិសង្សថា សីល មានប្រយោជនឲ្យកើត សំវរៈការសង្រួម, ការសង្រួម មានប្រយោជន៍មិនឲ្យមាន វិប្បដិសារៈ សេចក្ដីក្ដៅក្រហាយចិត្ត, ការមិនមានវិប្បដិសារៈ មានប្រយោជន៍ឲ្យកើត បាមោជ្ជៈ សេចក្ដីរីករាយចិត្ត, បាមោជ្ជៈ មានប្រយោជន៍ឲ្យកើត បីតិ សេចក្ដីឆ្អែតចិត្ត, បីតិ មានប្រយោជន៍ឲ្យកើត សុខៈ សេចក្ដីស្រួលចិត្ត, សុខៈ មានប្រយោជន៍ឲ្យកើត សមាធិ សេចក្ដីតម្កល់ចិត្តមាំក្នុងកុសលធម៌, សមាធិ មានប្រយោជន៍ឲ្យកើត យថាភូតញ្ញាណទស្សនៈ សេចក្ដីយល់ឃើញដឹងច្បាស់នូវសភាវធម៌ទាំងពួងតាមពិត, យថាភូតញ្ញាណទស្សនៈ មានប្រយោជន៍ឲ្យកើត និព្វិទា សេចក្ដីនឿយណាយក្នុងសត្វនិងសង្ខារ, និព្វិទាមានប្រយោជន៍ឲ្យកើត វិរាគៈ សេចក្ដីប្រាសចាកតម្រេក, វិរាគៈ មានប្រយោជន៍ឲ្យបាន វិមុត្តិ សេចក្ដីរួចស្រឡះចាកកិលេស, វិមុត្តិ មានប្រយោជន៍ឲ្យបាន វិមុត្តិញ្ញាណទស្សនៈ សេចក្ដីយល់ឃើ្ដឹងច្បាស់ថាបានវិមុត្តិ, វិមុត្តិញ្ញាណទស្សនៈ មានប្រយោជន៍ឲ្យបាន អនុបាទាបរិនិព្វាន គឺការរំលត់ទុក្ខដោយអស់សេចក្ដីប្រកាន់មាំ។ ម្យ៉ាងទៀត ទ្រង់ត្រាស់ថា៖ ឥច្ឆតិ ហិ ភិក្ខវេ សីលវតោ ចេតោបណិធិ ម្នាលភិក្ខុទាំងឡាយ! សេចក្ដីប្រាថ្នាដែលតាំងនៅក្នុងចិត្តរបស់អ្នកមានសីល រមែងបានសម្រេចដូចបំណង។ ព្រោះហេតុនេះបានជា ក្នុងទីបំផុតនៃការសមាទាន លោកអ្នកឲ្យសីលរមែងសំដែងអានិសង្សប្រាប់ឧបាសក អ្នកសមាទានហើយបង្គាប់ឲ្យដុសខាតសំអាតសីលដោយគាថា ថា ៖ សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វសោធយេ។ សេចក្ដីថា សត្វទាំងឡាយទៅកាន់ស្ថានសួគ៌ក៏បានព្រោះសីល, សត្វទាំងឡាយបរិបូណ៌ដោយភោគៈក៏ព្រោះសីល, សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខគឺព្រះនិព្វានក៏ព្រោះសីល, ព្រោះហេតុនោះ បុគ្គលជាសប្បុរសគប្បីជម្រះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មងឡើយ។ ពាក្យដែលបង្គាប់ឲ្យសង្រួមក្នុងបាតិមោក្ខ ដូចពោលមកហើយនេះ រាប់ថាជា ពុទ្ធសាសនា ពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធរាល់ព្រះអង្គដែលបានត្រាស់ក្នុងកាលទាំងពួង តែងទ្រង់ប្រដៅដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |