អានអត្ថបទ
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៩៦១ ដង)
រឿងគហបតីប្រេត

|
រឿងគហបតីប្រេត
(ទោសនៃការមើលងាយព្រះសារិរិកធាតុ) កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទ មល្លរាជជាប្រធាន បានរៀបបូជាព្រះបរមសពព្រះសម្ពុទ្ធ លុះបូជាហើយ ព្រះមហាក្សត្រទាំងឡាយក្នុងជម្ពូទ្វីប លើកទ័ពមកច្បាំងដើម្បីព្រះបរមធាតុកាល នោះទោណអាចារ្យ បានសម្រុះសម្រួលចែកព្រះបរមធាតុ ដល់ព្រះរាជាទាំងឡាយ នោះ ដោយសន្តិវិធី។ ព្រះរាជា ទាំងឡាយនោះក៏នាំយកព្រះបរមធាតុ ទៅនគរ រៀងរាល់ព្រះអង្គ។ ឯព្រះបាទអជាតសត្រូវ ព្រះអង្គមានសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង បានរៀបចាត់ចែងធ្វើពិធីដង្ហែ យ៉ាងឱឡារិកសន្ធិក មហិមា ចាប់តាំងតែពីថ្ងៃចេញដំណើរពី ក្រុងកុសិនារា ទៅដរាបដល់ក្រុងរាជគ្រឹះ គឺតម្កល់ព្រះបរមលើព្រះរាជរថជ័យដែលវិចិត្រដោយរតន ៧ ប្រការ កាលបើចេញហែរបាន ចម្ងាយប្រវែង១ រាជរថហើយឈប់ធ្វើបុណ្យម្ដងចំនួន ៧ យប់ថ្ងៃ ចេះតែធ្វើតាម លំដាប់ដូច្នេះដរាបដល់ក្រុងរាជគ្រឹះ។ រួបរួមរយៈវេលាដែលហែរចេញពីក្រុងកុសិនារាទៅដល់ក្រុងរាជគ្រឹះអស់ ៧ឆ្នាំ ៧ខែ ៧ថ្ងៃទើបដល់។ ពួកពុទ្ធបរិស័ទទាំងអស់ ក្នុងក្រុងរាជគ្រឹះ មានសេចក្ដីជ្រះថ្លា សប្បាយរីករាយយ៉ាងក្រៃលែង។ ឯពួកជនមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននាក់ មិនជ្រះថ្លា បែរជានិយាយ ត្អួញត្អែរថាធ្វើបុណ្យយូរយ៉ាងនេះ គ្មានអ្នកណារកស៊ីធ្វើអ្វីកើតទេ។ ពួកទាំងនោះ ចងសេចក្ដីក្រោធចំពោះព្រះធាតុ និងព្រះមហាក្សត្រជាដើម រាល់ពេលវេលា។ បណ្ដាមនុស្ស មិច្ឆាទិដ្ឋិជាង៨ម៉ឺននោះ មានគហបតីម្នាក់មានទ្រព្យច្រើន ជាអ្នកមិច្ឆាទិដ្ឋិចំណាប់មួយដែរ ឯភរិយា បុត្រីកូនប្រសារគាត់ ជាសម្មាទិដ្ឋិ មានចិត្តជ្រះថ្លា ទៅហែព្រះសារីរិកធាតុ ធ្វើបុណ្យជាមួយគេឯងរាល់ពេលវេលាទោះបី គហបតីស្ដីបន្ទោសយ៉ាងណា ក៏មិនធ្វើជាដឹងឮ។ លុះធ្វើមរណកាល តាមលំដាប់សង្ខាររបស់ខ្លួនទៅ គហបតីកើតជា ប្រេតជាមួយពួក ជនមិច្ឆាទិដ្ឋិជាង ៨ ម៉ឺននាក់នោះនៅចន្លោះភ្នំគិជ្ឈកូដ។ ឯភរិយាបុត្រី បុត្រប្រសារទៅកើត ជាទេវតានៅស្ថានសួគ៌។ ថ្ងៃមួយព្រះមហាក្សត្របត្ថេរ ចេញពីនិរោធ ហើយពិចារណាមនុស្សស្លាប់ទៅកើត ជាប្រេតនរកច្រើនទើបលោកនិមន្តទៅឈរត្រង់ទីលាន មុខព្រះចេតិយដែលបញ្ចុះ ព្រះបរមធាតុ ហើយថ្លែងឫទ្ធិធ្វើឲ្យនរក ប្រេត មនុស្ស ទេវតាមើលឃើញគ្នាទៅវិញទៅមក។
ឯគហបតី ប្រេតនោះក្រឡេកមើលទៅព្ធដ៏អាកាសឃើញភរិយា បុត្រ បុត្រប្រសារ ខ្លួនកើតជាទេវតា សោយទិព្ធសម្បត្តិដូច្នោះ នឹកក្ដៅក្រហាយនឹងវាសនា របស់ខ្លួន ក៏ចូលទៅជិត ព្រះមហាកស្សប ហើយប្រកាសថា ឲ្យតែបានរួចពីប្រេតវិស័យ ទៅកើតជា មនុស្សវិញ នឹងខំគោរព បូជា ព្រះសារីរិកធាតុគ្រប់ពេលវេលា។ មួយស្របក់ក្រោយមក ព្រះមហាកស្សប រំសាយឫទ្ធិលែងឲ្យ ឃើញនៅដូចធម្មតាវិញ។ ពួកពុទ្ធបរិស័ទទាំងឡាយ ឃើញហេតុ អស្ចារ្យដូច្នោះ ក៏ចូលទៅថ្វាយបង្គំសួរបុព្វកម្ម របស់នរក ប្រេត ដែលខ្លួនបានឃើញផ្សេងៗ គ្នា។ ព្រះមហាថេរ ក៏ប្រារព្ធយករឿង ប្រេតជាង ៨ ម៉ឺននាក់ មានគហបតីប្រេតមកសម្ដែង តាមដំណើរ បុព្វកម្មរបស់ប្រេតទាំងនោះ ក្នុងកាលនោះឯង។ឯពួកប្រេតជាង ៨ ម៉ឺននាក់ មានគហបតីប្រេតជាប្រធាននៅរងទុក្ខវេទនាដរាបដល់សព្វថ្ងៃ ព្រោះតែការមើលងាយ ព្រះសារីរិកធាតុនោះឯង។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ |