អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៣៤០ ដង)
ឧបនិស្ស័យក្នុងផ្នួស ម្លប់ធម៌វិន័យ

|
ឧបនិស្ស័យក្នុងផ្នួស ម្លប់ធម៌វិន័យ
ព្រះនាង សុភាកម្មារធីតាថេរី បានពោលជាមួយនឹងពួកញាតិ ដែលមកបបួលឱ្យព្រះនាងសឹកចាកសិក្ខាបទ ថា ៖ អ្នកទាំងឡាយជាញាតិរបស់យើង ដូចម្តេចបានជាមកធ្វើ ដូចជាសត្រូវទៅវិញ បបួលយើងឱ្យរីករាយនៅក្នុងកាមទាំងឡាយ ទាំងដែលអ្នកទាំងឡាយ បានដឹងថាយើងជាអ្នកបួស ជាស្ត្រីឃើញ ភ័យក្នុងកាមទាំងឡាយ ។ អាសវៈទាំងឡាយមិនមែនអស់ទៅ ព្រោះមាសនិងប្រាក់ទេ កាមទាំងឡាយមិនមែនជាមិត្តឡើយ ជា សភាវៈសម្លាប់នូវប្រយោជន៍ ជាសត្រូវ ជាព្រួញសរដែលដោតមុត ជាប់នៅ ។ ព្រះថេរីដាស់តឿនពពួកញាតិ ព្រោះថាញាតិគប្បីមាន បំណងល្អដល់គ្នា ទំនុកបម្រុងគ្នា ជួយគ្នា មិនមែនតែទ្រព្យសម្បត្តិ ប៉ុណ្ណោះទេ គឺគប្បីជួយទំនុកបម្រុងគ្នាតាមផ្លូវព្រះធម៌ទៀតផង ដើម្បីជាប្រយោជន៍ដល់ការរួចផុតចាកទុក្ខផ្សេងៗបាន ។ ប៉ុន្តែ ចំពោះព្រះនាងសុភាកម្មារថេរី ព្រះនាងមាននូវឧបនិស្ស័យខ្ពស់ បានចូលកាន់ផ្នួស ក្នុងកាលដែលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្មនៅ ដូច្នេះ ពពួកញាតិមិនគប្បីយកទ្រព្យសម្បត្តិមកលួងលោមព្រះនាង នោះទេ ទោះជាមានចិត្តស្មោះត្រង់ តែនេះជាសេចក្តីល្ងង់ ទើប ព្រះនាងពោលថា ធ្វើដូចជាសត្រូវ ។ ព្រះថេរីអង្គនេះ បានបំពេញបារមីមកក្នុងសាសនាព្រះពុទ្ធ អង្គមុនៗ សាងសន្សំបុណ្យកុសលជាឧបនិស្ស័យនៃព្រះនិព្វានក្នុង ភពនោះៗ ។ ក្នុងជាតិនេះ នាងកើតជាធីតានៃជាងមាសក្នុងក្រុង រាជគ្រឹះ ព្រោះអាស្រ័យរូបសម្បត្តិនាងស្រស់ស្អាត ទើបបានឈ្មោះ ថា សុភា ។ នាងធំដឹងក្តីជាលំដាប់ ហើយនាងមានសេចក្តីជ្រះថ្លា នឹងព្រះសាស្តា ក្នុងកាលដែលព្រអះង្គទ្រង់យាងចូលក្រុងរាជគ្រឹះ ជាដំបូង ។ ថ្ងៃមួយ នាងចូលទៅថ្វាយបង្គំព្រះបរមសាស្តា ព្រះអង្គទ្រង់ជ្រាបនាងមានឥន្ទ្រិយចាស់ក្លា ទើបទ្រង់ត្រាស់សម្តែង អរិយសច្ច ៤ ដ៏សមគួរដល់អធ្យាស្រ័យ ទាន់ពេលនោះឯង នាង ក៏តាំងនៅក្នុងសោតាបត្តិផល ប្រដាប់ដោយន័យមួយពាន់ ។ ក្រោយមកនាងឃើញទោសក្នុងឃរាវាសវិស័យ ក៏បួសក្នុងសម្នាក់ ព្រះនាងបជាបតិគោតមី តាំងនៅក្នុងសីលភិក្ខុនី ប្រកបរឿយៗ ដោយភាវនាដើម្បីអរិយមគ្គជាន់លើ ។ ពួកញាតិនាំគ្នាចូលទៅរក ព្រះនាងគ្រប់វេលា ប្រកាសអំពីទ្រព្យសម្បត្តិចំនួនច្រើន និងលួងលោមដោយកាមទាំងឡាយ ។ ក្នុងបិដកលេខ ៥៧ ទំព័រ ២០៦ ព្រះនាងបានពោលថា កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត តាក់តែង ខ្លួនប្រាណ បានស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ការត្រាស់ដឹង សច្ចធម៌បានកើតមានដល់ខ្ញុំ ដែលជាស្រីមិនប្រមាទ ។ ព្រោះការ ត្រាស់ដឹងនូវសច្ចធម៌នោះឯង ទើបខ្ញុំមិនសូវជាមានសេចក្តីត្រេក អរក្នុងកាមារម្មណ៍ឡើយ ខ្ញុំឃើញភ័យក្នុងសក្កាយគឺឧបាទានក្ខន្ធ ៥ ហើយពេញចិត្តនឹងការសាងផ្នួសតែម៉្យាង ។ ខ្ញុំលះបង់ពួកញាតិ ទាសកម្មករ ស្រុកស្រែទាំងឡាយដ៏ ស្តុកស្តម្ភ និង គំនរនៃទ្រព្យទាំងឡាយ ដែលគួរឱ្យត្រេកអររីករាយ ខ្ញុំលះបង់សម្បត្តិដ៏ច្រើនហើយបួស ។ ខ្ញុំចេញចាកផ្ទះដោយសទ្ធា យ៉ាងនេះហើយ បួសក្នុងព្រះសទ្ធម្មដែលព្រះសម្មាសម្ពុទ្ធ ត្រាស់ សម្តែងហើយដោយប្រពៃ ខ្ញុំប្រាថ្នានូវការមិនមានកង្វល់ ឯការ ត្រឡប់មករកកាមវិញនោះ មិនសមគួរដល់ខ្ញុំទេ ។ ប្រាក់ក្តី មាសក្តី របស់បុគ្គលនោះៗ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់នោះ ឡើយ ។ ការទទួលមាសប្រាក់ មិនសមគួរដល់សមណៈ ព្រោះ មាសប្រាក់មិនមែនជាទ្រព្យដ៏ប្រសើរទេ ។ ការទទួលមាសប្រាក់ សុទ្ធតែជាគ្រឿងឱ្យកើតលោភៈ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធដោយធូលីគឺកិលេស ប្រកបដោយសេចក្តីរង្កៀស មានការចង្អៀតចង្អល់ច្រើន ឯភាពទៀងទាត់ឋិតថេរក្នុងទ្រព្យនេះ មិនមានទេ ។ ពួកនរជនដែលត្រេកអរនឹងទ្រព្យ ឈ្មោះថាជាអ្នក ប្រមាទ ជាអ្នកមានចិត្តសៅហ្មង កើតជាសត្រូវនឹងគ្នា រមែងធ្វើ នូវជម្លោះជាច្រើនទៅវិញទៅមក ។ សេចក្តីវិនាសច្រើនប្រការ គឺ ការសម្លាប់ ការចង ការសៅហ្មង ទាំងសេចក្តីសោក ខ្សឹកខ្សួល រមែងកើតប្រាកដដល់ពួកជនដែលដេកត្រាំក្នុងកាម ទាំងឡាយ ។ ព្រះគាថារបស់ព្រះនាង សុភាកម្មារធីតាថេរី នៅមានបន្ត ទៀត ។ ព្រះនាងមានឥន្ទ្រិយចាស់ក្លា មិនថាកំពុងឃើញ កំពុងឮ ឬកំពុងគិត សុទ្ធតែជាធម៌ពិតប្រាកដដល់បញ្ញារបស់ព្រះនាង ។ ក្នុងលោកនេះ មិនមានការបានអ្វីឱ្យប្រសើរដូចជាការបានដឹងនូវ ធម៌ពិតនោះឡើយ ។ ព្រះថេរីបានពោលពាក្យជាសុភាសិត ឱ្យអ្នក ដទៃបានដឹងពីអធ្យាស្រ័យ ដែលព្រះនាងបានសន្សំអប់រំមក ជាការ សម្តែងឱ្យឃើញថា អ្វីៗគឺជាសេចក្តីពិតទៅតាមបច្ច័យ គឺមិនមែន ចេះតែទាមទារបានទេ ផ្ទុយមកវិញ បើបានដឹងធម៌ពិតគឺមិនមាន ការទាមទារអ្វីទាំងអស់ ព្រោះសេចក្តីពិតជាអារម្មណ៍នៃការរលត់ តណ្ហា ។ ដកស្រង់ចាក សៀវភៅ ជំនួយសតិភាគទី ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |