ចេះមើលឱ្យឃើញផ្នែកល្អ

|
បុគ្គលដែលមានការទាក់ទងជាមួយនឹងយើង ឬហេតុការណ៍ដែលកើតឡើងដល់យើង គឺយើងគួរព្យាយាមសម្លឹង មើលដោយការយកចិត្តទុកដាក់ដល់បុគ្គលនោះ និងហេតុការណ៍ផ្សេងៗនោះ ក្នុងផ្នែកល្អតាមសមគួរ ។ បើយើងចេះសម្លឹងមើលនិងចេះស្រាវជ្រាវរកផ្នែកល្អរបស់បុគ្គលនោះ ឬ ហេតុការណ៍នោះ យើងនឹងបាននូវប្រយោជន៍ជាពិតប្រាកដ។ បុគ្គលខ្លះទោះបីមានចំណែកអាក្រក់ ខូចកាចដ៏ច្រើនក៏ពិតមែនហើយ ប៉ុន្តែក៏គង់មាននូវចំណែកល្អខ្លះ បើយើងចេះជ្រើសរើសយកដោយការត្រួតត្រាពិនិត្យ ប្រកបដោយសុភនិច្ឆ័យ ។
ដើមឈើដោយទូទៅ រមែងមានប្រយោជន៍មិនដូចគ្នា ហើយអ្នកណាដឹងនូវប្រយោជន៍នៃដើមឈើនោះ ត្រង់ចំណែកណា ក៏នាំយកនូវចំណែកត្រង់នោះឯងមកធ្វើជាប្រយោជន៍ទៅ ។ ដើមឈើខ្លះមានប្រយោជន៍គ្រប់ចំណែកទាំងអស់ ទាំងឫស ទាំងដើម ទាំងសំបក ទាំងស្រាយ ទាំងខ្លឹម ទាំងផ្កា ទាំងស្លឹក និងទាំងផ្លែ ហើយសុទ្ធតែជាប្រយោជន៍សំខាន់ៗទៀតផង ប៉ុន្តែចំណែកណាត្រូវបានជាប្រយោជន៍ក្នុងផ្នែកណានោះ គឺ ស្រេចហើយតែការចេះដឹងនិងការយល់របស់យើង ។
|