អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣៣៩ ដង)
អារម្មណប្បច្ច័យគឺជាជីវិតប្រចាំថ្ងៃ

|
អារម្មណប្បច្ច័យគឺជាជីវិតប្រចាំថ្ងៃ នៃចិត្តចេតសិក។
រូបកាយជាធាតុមិនដឹង មិនគិត មិនពិចារណា មិនសោយអារម្មណ៍ មិនមែនជាសត្វ ប៉ុន្តែអាស្រ័យនឹងរូបកាយ នេះមានចិត្តចេតសិកកើតឡើងបន្តជាប់ខណៈគ្នា មានរបៀបត្រឹមត្រូវជា ចិត្តនិយាម គឺទំនៀមទៀងទាត់ ជាវិធីតាមច្បាប់កំណត់នៃការកើត តាមជាតិ តាមកិច្ច តាមស្ថាន តាមអារម្មណ៍ ៘ ចិត្តចេតសិកជាធម្មជាតិដឹងនូវអារម្មណ៍ ដែលអារម្មណ៍នោះ បាននាំឱ្យចិត្តចេតសិកហ្នឹងឯងកើតឡើង ដោយ អារម្មណប្បច្ច័យ ព្រោះចិត្តចេតសិក មិនអាចដឹងអារម្មណ៍ ដទៃណា ក្រៅអំពីអារម្មណ៍ដែលនាំឱ្យខ្លួនឯងកើតឡើង ហ្នឹងទេ ។ បុគ្គលពិចារណានូវទានដែលបានឱ្យហើយក្តី ឬពិចារណានូវកុសលដទៃៗទៀតក្តី ដោយចិត្តជ្រះថ្លា តាមពិត បុគ្គលអ្នកពិចារណានោះ ក៏គឺជាមហាកុសលចិត្ត ៨ដួង ចេតសិក ៣៣ ហ្នឹងឯង មិនមែនជាគ្រហស្ថ ឬ បព្វជិត ឡើយ ។ ការពិចារណាចំពោះកុសល ដែលបានសន្សំទុកល្អ ហើយ ក្នុងកាលមុន បុគ្គលអ្នកពិចារណានោះ មានចិត្ត ជ្រះថ្លាយ៉ាងណាៗ ប៉ុន្តែដែលថាបុគ្គលនោះក៏គឺ មហាកុសល ចិត្ត និង ចេតសិកជាតួពិចារណា កើតរលត់បន្តគ្នា ដោយ មានបុណ្យកុសលក្នុងកាលមុនជាអារម្មណប្បច្ច័យ ។ ទោះជាបុគ្គលអ្នកពិចារណាឈានក្តី បុគ្គលអ្នកពិចារណាគោត្រភូវោទានៈក្តី បុគ្គលអ្នកពិចារណាមគ្គក្តី មិន មានអ្វីក្រៅអំពីមហាកុសលចិត្តុប្បាទ ជាតួពិចារណាតែ ប៉ុណ្ណោះ ពិចារណាហើយរលត់ទៅ សូន្យទៅ ត្រូវចិត្តុប្បាទ ថ្មីៗកើតបន្ត សុទ្ធតែជា ធម្មាគឺពួកបរមត្ថធម៌ ជាតំណនៃ សង្ខារធម៌សុទ្ធ រកសត្វក្នុងគំនរនៃសង្ខារធម៌ពុំមានឡើយ នៅផ្ទះចិត្តចេតសិកផ្សេង អាស្រ័យអារម្មណប្បច្ច័យ នៅឯផ្ទះ ចេញទៅផ្សារ ចិត្តចេតសិកផ្សេង អាស្រ័យអារម្មណប្បច្ច័យនៅឯផ្សារ ឃើញរូបចិត្តចេតសិកផ្សេង ឮ សំឡេង ចិត្តចេតសិកផ្សេង ធំក្លិន ដឹងរស ដឹងផោដ្ឋព្វៈ ចិត្ត ចេតសិកផ្សេង មិនមានតួខ្លួន តួសត្វបុគ្គល ជា អ្នកដឹងអារម្មណ៍ឡើយ កាលចិត្តចេតសិករលត់ អស់ពុំមានសល់ ដោយប្រការណា សេចក្តីដឹងខ្លួនថា អញ នៅក្នុងរូបក្ខន្ធសុទ្ធនេះ ពុំមានទេ ។ ព្រះអរិយបុគ្គលពុំមានសេចក្តីត្រិះរិះថា ចិត្តចេតសិក ជាខ្លួនអញ ហើយក៏មិនបានត្រិះរិះថា មានខ្លួនអញផ្សេង អំពីចិត្តចេតសិកទៀតដែរ ។ ដោយឡែកអំពីរូបកាយ ក្នុងជីវិតប្រចាំថ្ងៃ មិនមាន អ្វីក្រៅអំពីការប្រព្រឹត្តិទៅនៃចិត្តចេតសិកដែលជាតួដឹងអារម្មណ៍ឡើយ ។ ចិត្តចេតសិក មិនមានអ្វីជារបស់ខ្លួនសោះ កាលដែល កើតឡើងហើយការពារតែខ្លួនឯងមិនបានផង តាមពិត ចិត្តចេតសិក រូប គឺគ្រាន់តែជាផលនៃបច្ច័យតែប៉ុណ្ណោះ ។ ការសិក្សាអំពីអារម្មណប្បច្ច័យ មានប្រយោជន៍ធំ ធេងដល់ការយល់អំពីជីវិតពិត និង មានប្រយោជន៍យ៉ាង សំខាន់ គឺជំនួយដល់ការចំរើនសតិប្បដ្ឋាន ។ បុគ្គលដែលមិនបានអប់រំចិត្តក្នុងធម៌របស់ព្រះអរិយៈ មិនបានហ្វឹកហាត់ចិត្តក្នុងធម៌របស់សប្បុរស រមែងមិនបាន ឃ្លាតឆ្ងាយអំពីបញ្ចក្ខន្ធឡើយ ជាប់ដោយចំណងគឺ សេចក្តី ប្រកាន់ថា បញ្ចក្ខន្ធជាខ្លួនអញ ។ បុគ្គលដែលប្រកាន់មាំនូវបញ្ចក្ខន្ធ រមែងនិយមចូល ចិត្តធ្វើការងារមិនជាប្រយោជន៍ ដោយសំគាល់ថា មានខ្លឹម សារក្នុងជីវិតរបស់ខ្លួន គឺដោយច្រើននិយមការងារដែល សប្បាយរីករាយភ្លើតភ្លើន ជួបជុំគ្នានិយាយសើចលេង ៘ ហើយក៏និយមចូលចិត្តណាស់ដែរ ក្នុងការនិយាយ រឿងប្លែកៗរបស់អ្នកដទៃ សូម្បីកំហុសបន្តិចបន្តួចរបស់គេ ក៏ខំចាំទុកមិនភ្លេច សំរាប់និយាយនៅពេលជួបអ្នកនេះ អ្នក នោះ ព្រោះគិតថា បើបាននិយាយអំពីរឿងអាក្រក់របស់គេ ច្រើននាក់ទៅ ធ្វើឱ្យខ្លួនឯងបានប្រសើរឡើង ដូច្នេះហើយ ទើបបានជាពោលថា ខ្ញុំមិនអញ្ចឹងទេ ។ ម៉្យាងទៀត អ្នកប្រកាន់មាំចំពោះបញ្ចក្ខន្ធ និយម បង្ករឿងឈ្លោះ ចូលចិត្តស្តីបន្ទោសឱ្យអ្នកដទៃ ហើយឆ្ងាញ់ ក្នុងការនិយាយពាក្យបញ្ឈឺចិត្តឱ្យគេណាស់ ព្រោះថាបើអ្នក ដទៃណា ដែលខ្លួនឯងបានអន់ចិត្តជាមួយនោះ អ្នកដទៃ នោះគេបានសុខសប្បាយ ខ្លួនឯង ឯណេះទៅជាបាយមិន ឆ្ងាញ់ មេ្ល៉ាះហើយនឹករករឿងរករ៉ាវយ៉ាងនេះយ៉ាងនោះ ដែលជាការឥតប្រយោជន៍ យ៉ាងហោចណាស់ ក៏បាននិយាយពាក្យស៊កសៀតឱ្យគេខ្លះដែរ ទើបខ្លួនឯងគិតថា បានសុខ ចិត្ត ។ សត្វលោកដោយច្រើន តែងតែអន់ចិត្ត ដោយគិតថា អ្នកនេះ អ្នកនោះ បំភ្លេចខ្លួនចោល ទាំងដែលខ្លួនឯងធ្លាប់ បានជួយទំនុកបំរុង ឬធ្លាប់បានផ្តល់ឱ្យនូវអ្វីៗទោះតិចទោះ ច្រើនក្តី ក៏ក្នុងគំនិតគិតថា គេនោះបានជំពាក់ខ្លួនឯងទៅ ហើយ ដូច្នេះគេមិនសមបំភ្លេចខ្លួនឡើយ ។ តាមពិតមនុស្សលោក គួរតែខិតខំកសាងខ្លួន រៀន សូត្រការងារល្អៗអំពីអ្នកដទៃ ព្រោះថា ការកើតមកជា មនុស្ស គឺកើតមកដើម្បីប្រយោជន៍ គួរជ្រះថ្លាក្នុងការ បំពេញសេចក្តីល្អឱ្យបានច្រើនឡើងៗ ព្រោះ កម្របានណាស់នូវឱកាសពេលវេលានៃការ យល់ដឹងអំពីគុណប្រយោជន៍នៃអំពើល្អ ។ ពិតណាស់ ឱកាសពេលវេលានៃការបានយល់ បាន ដឹង អំពីប្រយោជន៍របស់គុណធម៌ទាំងពួង ហៅពេញសែន ក្រ ដូច្នេះបុគ្គលមិនគួរប្រមាទក្នុងការបណ្តែតបណ្តោយ ពេលវេលាឡើយ ។ ការចំណាយពេលវេលា ប្រកែកតវ៉ា យកឈ្នះ យក ចាញ់ រក្សាទុកនូវការប្រកាន់អញ គឺអញមិនចាញ់ឯង អញ ស៊ីបាយអញ ប្រាក់ចាយកំលាំងរបស់អញ យកការឈ្លោះស្តី ថា ធ្វើជាអាជ្ញារបស់ខ្លួន យកមានៈលើកធ្វើជាទង់ឱ្យខ្ពស់ នេះហើយការរស់នៅក្នុងគំនរភ្នក់ភ្លើង និង ជាការបាត់បង់ របស់ដ៏មានតំលៃ ហើយបានមកវិញនូវរបស់ដែលមាន ទោស ប្រៀបដូចបុគ្គលចំណាយដុំមាស ដុំពេជ្រ ទៅដូរយក ខ្ទួយ ក្អែប មកទុកក្នុងផ្ទះអញ្ចឹងដែរ ។ ការចំណាយពេលវេលា ដើម្បីបានសប្បាយនៅក្នុង កាមគុណ និង ចំណាយពេលវេលាដើម្បីនិយាយគ្នាពីនេះ ពីនោះ ឥតប្រយោជន៍ ប្រៀបដូចជាការបណ្តេញមនុស្សល្អ ស្លូតត្រង់ ជាមនុស្សបានការចោល ហើយហៅយកនូវមនុស្សខូច មនុស្សអែបអប បញ្ជោរលើកជើងលើកដៃ ឱ្យមក នៅជាមួយធ្វើការងារក្នុងផ្ទះ អញ្ចឹងដែរ ។ ការសង្រួមកាយ-វាចា-ចិត្ត ពិតជាមិនងាយសង្រួមបានមែនក៏ដោយ ប៉ុន្តែគុណធម៌គឺ សេចក្តីព្យាយាម ព្រោះ សេចក្តីសង្វេគជាបទដ្ឋាន បានរុញច្រានឱ្យបុគ្គលឃ្លាតចេញ អំពីបាបកម្មបន្តិចម្តងៗ បានទៅជាអ្នកសង្រួមដ៏ប្រពៃ យប់ ថ្ងៃប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទ ។ បុគ្គលអ្នកសង្រួម មានចិត្តស្ថិតនៅក្រោមម្លប់ព្រះ ធម៌ដ៏ត្រជាក់ មិនខឹងក្រោធ ឬអាក់អន់ចិត្តចំពោះអ្នកណាៗ ព្រោះតែការមិនជំពាក់ចិត្តនៅក្នុងលោក ។ បុគ្គលអ្នកសង្រួមមានមេត្តាចំពោះសព្វសត្វនានា ព្រោះឃើញសព្វសត្វទាំងអស់ប្រាថ្នាសេចក្តីសុខ មានករុណា ព្រោះឃើញសត្វលោកកំពុងតែប្រឹងរត់គេចចេញអំពី សេចក្តីទុក្ខ ទាំងដែលមិនបានដឹងផ្លូវ ដើម្បីរត់ឱ្យបានរួចផុត ចាកអំពីទុក្ខនោះផង ។ បុគ្គលអ្នកសង្រួម មានវាចាពិរោះ និយាយទៅរក អ្នកដទៃដោយទឹកចិត្តមានមេត្តា មានករុណា ពាក្យសំដីជា ផ្កា ជាទឹកឃ្មុំ ពាក្យសំដីមានប្រយោជន៍ ផ្អែមស្រទន់ ធ្វើឱ្យ អ្នកស្តាប់ស្ងប់ចិត្ត មានស្មារតី ។ បុគ្គលអ្នកសង្រួម មិនមានបំណងឱ្យអ្នកណាម្នាក់ មានសេចក្តីទុក្ខឡើយ ទោះជាបុគ្គលនោះបានធ្វើអំពើមិន ជាប្រយោជន៍មកលើលោកយ៉ាងណាក៏ដោយ លោកអ្នក សង្រួមតែងតែឱ្យអភ័យជានិច្ចជាកាល ។ បុគ្គលអ្នកសង្រួម មានចិត្តរួចផុតចាកការប្រកាន់មាំ ការជាប់ជំពាក់មាំ សុខចិត្តប្រគល់ឧបាទានក្ខន្ធ ៥ ឱ្យម្ចាស់ គេនៅក្នុងលោកនេះ ដោយអាស្រ័យព្រហ្មយានដ៏ប្រសើរ បានកើតឡើងនៅក្នុងអត្តភាពរបស់លោក ព្រហ្មយានដ៏ ប្រសើរនោះ បាននាំលោកចេញចាកឱ្យឃ្លាតឆ្ងាយអំពី ត្រើយអាយ កាត់សមុទ្រតណ្ហា ទៅកាន់ត្រើយនាយ ដែល ជាត្រើយបរមសុខ ។ បុគ្គលអ្នកសង្រួម មិនធ្វើនូវអំពើអ្វីៗដែលមាន លក្ខណៈជាប់នៅក្នុងលោកនេះឡើយ ព្រោះលោកបាន កំណត់ដឹងហើយនូវលោកនេះ និង បរលោក ដោយបញ្ញា ដ៏ប្រពៃ ។ កាយនេះ កើតឡើងដោយអាស្រ័យ សមុដ្ឋានផ្សេងៗ មានការចំរើនធំធាត់ដោយចំណីអាហារ ប៉ុន្តែទោះជាធាត់ស្គមយ៉ាង ណា ក៏ត្រឹមតែជាមហាភូតរូប ៤ គឺ ដី ទឹក ភ្លើង ខ្យល់ និងឧបាទាយរូបផ្សេងៗ ទៀតប៉ុណ្ណោះ ពុំមែនជាសត្វបុគ្គលតួខ្លួន ឡើយ ឯចំណែកវិញ្ញាណរបស់សត្វលោក បានអាស្រ័យនឹងរូបកាយនេះ ព្រោះមាន វត្ថុរូបជាទីអាស្រ័យ និងព្រោះដោយអារម្ម ណប្បច្ច័យ ទើបមានវិញ្ញាណកើតឡើង បន្តគ្នាពុំមានវិញ្ញាណណាមួយជាសត្វ ឡើយ ។ ការសិក្សាអំពីអារម្មណ៍របស់ចិត្ត និង ចេតសិក នាំ ឱ្យបានយល់អំពីការកើតរលត់នៃចិត្តចេតសិក និង នាំឱ្យ បានយល់អំពីអារម្មណ៍របស់សតិប្បដ្ឋាន ៤ ព្រមទាំងនាំឱ្យ មានការចំរើនសតិប្បដ្ឋាន-វិបស្សនា បានជាប្រក្រតីធម្មតា ក្នុងការបានដល់ទីពឹងពិតប្រាកដទៀតផង ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |