អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,២៣៧ ដង)
សម្នាក់បដិបត្តិធម៌

|
សម្នាក់បដិបត្តិធម៌
នៅក្នុងព្រះត្រៃបិដកមិនមានសម្នាក់បដិបត្តិធម៌ទេ មានតែ វត្តព្រះសង្ឃ និង កន្លែងផ្សេងៗទៀតដែលព្រះសង្ឃគង់ចាំវស្សា ។ ឧបាសក ឧបាសិកាសុទ្ធតែនៅផ្ទះទាំងអស់ ដោយច្រើនជា ព្រះអរិយបុគ្គល ដូចជានៅនគរមគធៈ អង្គៈ សាវត្ថី ពារាណសី ជាដើម ។ គ្រហស្ថទាំងនោះ ទៅវត្តថ្វាយទានដល់សង្ឃ និង ស្តាប់ព្រះធម៌ទេសនាតាមកាល បើថ្ងៃឧបោសថសីល ឧបាសកខ្លះ នៅវត្តមួយយប់ស្តាប់ព្រះថេរៈសន្ទនាធម៌ ។ យើងមិនអាចនឹកច្រឡំថា បុថុជ្ជនមានសទ្ធា សីល សុតៈ ចាគៈ បញ្ញា ស្មើនឹងព្រះអរិយបុគ្គលឡើយ កុំចាំបាច់ពោលដល់ថា គ្រាន់បើជាងនោះ ។ សម័យសព្វថ្ងៃ ជាសម័យនៃព្រះសទ្ធម្មធ្លាក់ ចុះ បុថុជ្ជនយកការបដិបត្តិខុស មកសម្គាល់ថាខ្លួនឯងប្រសើរ យ៉ាងនេះមួយ យ៉ាងនោះមួយ ។ គ្រហស្ថអាចមករស់នៅជុំគ្នាតាមកន្លែងណាមួយ ក្នុងវត្ត ឬ ក្នុងអាស្រម ដោយម៉្យាងដើម្បីរៀនធម៌ និងម៉្យាងទៀតគឺជាចំណូល ចិត្តក្នុងកន្លែងនោះៗ ឯចំណែកទីតាំងនៃធម៌បដិបត្តិពិតប្រាកដ គឺ សភាវធម៌ដែលកើតមាន ដែលកំពុងប្រាកដក្នុងលោក ៦ មាន លោកភ្នែកត្រចៀកជាដើម ។ ស្រុកខ្មែរយើងជាដើម គ្រហស្ថនិយមស្លៀកពាក់ពណ៌ស កោរសក់ កោរពុកមាត់ ពុកចង្កា នៅក្នុងសម្នាក់បដិបត្តិធម៌ នេះ ជាការនិយមកាន់យករបស់ប្រើប្រាស់ ឬសម្លៀកបំពាក់ដែលសៅហ្មងជាប្រមាណ (លូខប្បមាណ ) ប៉ុន្តែបើកាន់យកធម៌ជាប្រមាណ វិញ (ធម្មប្បមាណ ) គឺដឹងធម៌ពិតដែលជាជីវិតប្រក្រតី ចប់រឿងទាំងអស់ នេះជាធម៌បដិបត្តិចេញចាកលោក ។ សម្នាក់បដិបត្តិធម៌សព្វថ្ងៃ ឱ្យតម្លៃ ឬឱ្យអត្ថន័យខ្លឹមសារ ចំពោះសមាធិ ដែលជាប្រមុខនៃវិបស្សនា ទាំងមានការអះអាង ថា បើមិនធ្វើសមាធិទេ ចម្រើនវិបស្សនាមិនបានឡើយ ។ ពាក្យ អះអាងនេះ មិនមានក្នុងព្រះត្រៃបិដកទេ ពុទ្ធបរិស័ទសិក្សាហើយ យល់ច្រឡំខ្លួនឯង ។ សូមពុទ្ធបរិស័ទជ្រាបអំពីប្រយោជន៍នៃសមាធិ ៖ - សមាធិ ជាបទដ្ឋានរបស់បញ្ញា គឺសមាធិដូចជាជីដាក់ដំណាំ ចំណែកបញ្ញាដឹងនាមរូប ដូចជាដំណាំ ដែលមានពូជដុះអំពី សតិប្បដ្ឋាន ៤ ។ - បញ្ញាដែលអប់រំដោយសមាធិ រមែងមានផលច្រើន មាន អានិសង្សដ៏ច្រើន គឺមានន័យដូចពាក្យថា សមាធិជាបទដ្ឋានរបស់ បញ្ញាដែរ ។ សូមកុំភ្លេចថា ជាមួយនឹងសតិប្បដ្ឋាន ក៏មាននូវ សម្មាសមាធិដែរ សមាធិនេះ រមែងអប់រំឱ្យចម្រើននូវវិបស្សនា ខ្ពស់ឡើងៗដោយពិត ។ - សីល សមាធិ បញ្ញាក្នុងគម្ពីរវិសុទ្ធិមគ្គ គឺជាការប្រមូល រួបរួមធម៌ដែលជាផ្លូវដ៏បរិសុទ្ធក្នុងព្រះពុទ្ធសាសនា មានលោកិយ មានលោកុត្តរ ។ - សមថវិបស្សនា គឺជាការសង្គ្រោះអរិយមគ្គអង្គ ៨ បាន ដល់ សម្មាទិដ្ឋិ និង សម្មាសង្កប្បៈ សង្គ្រោះក្នុងវិបស្សនា នៅអង្គ មគ្គ ៦ ទៀត សង្គ្រោះក្នុងសមថៈ ។ ម៉្យាងទៀត សមថៈ អង្គធម៌ គឺឯកគ្គតាចេតសិក សម្បយុត្តជាមួយនឹងបញ្ញាលោកិយ និង បញ្ញាលោកុត្តរជាដើម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សតិប្បដ្ឋាន មិនមែន សមាធិប្បដ្ឋានទេ ដែលជាផ្លូវទៅកាន់ព្រះនិព្វាននោះ ។ អារម្មណ៍ នៃសតិថ្នាក់សតិប្បដ្ឋាន គឺធម៌ដែលមានពិតស្រាប់ៗ អាស្រ័យ បច្ច័យកើតឡើង អត់សាងអារម្មណ៍អ្វីផ្សេងទៀតទាំងអស់ គ្រាន់តែ បញ្ច្រាសពីតណ្ហាត្រឡប់មកដល់ធម៌បច្ចុប្បន្ន ក៏ត្រូវបញ្ចប់ភារកិច្ច ពោលគឺលះនូវអភិសង្ខារ តាមលំដាប់នៃអរិយមគ្គ ។ សមាធិ ម៉្យាង មានអានិសង្សឱ្យនៅជាសុខក្នុងបច្ចុប្បន្ន ដោយអំណាចនៃឈានសមាបត្តិ ។ សមាធិម៉្យាងទៀត ឱ្យសម្រេច ឫទ្ធិអភិញ្ញាផ្សេងៗ ។ ម៉្យាងទៀត ជាឧបការៈឱ្យចូលនិរោធសមាបត្តិ សម្រាប់ព្រះអនាគាមី និង ព្រះអរហន្ត ។ បើមិនមែនជា ព្រះអរហន្តទេ សមាធិឱ្យបដិសន្ធិក្នុងព្រហ្មលោក ដោយអំណាច រូបជ្ឈាន និង អរូបជ្ឈាន ។ សមាធិ ដែលរៀបរាប់មកខាងលើនេះ គឺសម្មាសមាធិជា មហគ្គតកុសល ។ នៅក្នុងបិដក មានសម្តែងមិច្ឆាសមាធិផងដែរ ដែលជាមិច្ឆាមគ្គ បានដល់ឯកគ្គតាចេតសិកដែលកើតក្នុងអកុសល- ចិត្ត មានលោភមូលចិត្តជាដើម ។ ការចម្រើនសម្មាសមាធិទៅបាន គឺអាស្រ័យសតិសម្បជញ្ញៈថ្នាក់សមថៈ ដឹងលក្ខណៈនៃចិត្តស្ងប់រាគៈ ទោសៈ មោហៈ បើមិនដឹងលក្ខណៈនៃចិត្តស្ងប់ទេ ចម្រើនសម្មាសមាធិមិនបានឡើយ ។ សម្មាសមាធិជាបទដ្ឋាននៃវិបស្សនា គឺសម្មាសមាធិនៃ បុគ្គលដែលមានប្រក្រតីចម្រើនសតិប្បដ្ឋាន ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |