អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៩,៦១៤ ដង)
ផលនៃការស្តាប់ធម៌

|
ធម្មសញ្ញកត្ថេរាបទាន
មានពិធីឆ្លងមហាពោធិព្រឹក្ស របស់ព្រះមានព្រះភាគព្រះនាមវិបស្សី ឯព្រះសម្ពុទ្ធជាច្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ឋិតនៅទៀបដើមពោធិព្រឹក្ស ។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ទ្រង់មានភិក្ខុសង្ឃចោមរោម ទ្រង់ប្រកាសសច្ចៈ៤ ទ្រង់បន្លឺឡើងនូវវាចាដ៏អង់អាច ។ ព្រះសម្ពុទ្ធមានកិលេសជាគ្រឿងបិទបើកហើយ ទ្រង់សម្តែងធម៌ដោយបម្រួញផង ដោយពិស្តារផង ទ្រង់ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ។ ខ្ញុំបានស្តាប់ធម៌ របស់ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ជាឆ្នើមក្នុងលោក ប្រកបដោយតាទិគុណ ហើយថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តា រួចឈមមុខទៅកាន់ឧត្តរទិសហើយចៀសចេញទៅ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានស្តាប់ធម៌ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្តាប់ធម៌ ។ ក្នុងកប្បទី ៣៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាមសុតវា ជាម្ចាស់ផែនដី ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះធម្មសញ្ញកត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ ធម្មសញ្ញកត្ថេរាបទាន ។ ដកស្រង់ទាំងស្រុងចេញពី បិដកភាគ ៧៤ ទំព័រ ៤-៥ ដោយ៥០០០ឆ្នាំ |