អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២១,៤៣០ ដង)
សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃ

|
សម្បសាទិកត្ថេរាបទាន
បពិត្រព្រះពុទ្ធមានព្យាយាម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ព្រះអង្គផុតស្រឡះហើយ ចាកកិលេសទាំងពួង ខ្ញុំព្រះអង្គដល់ហើយនូវសេចក្តីវិនាស សូមព្រះអង្គជាទីពឹងរបស់ខ្ញុំនោះ ។ ព្រះសិទ្ធត្ថ ទ្រង់មិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ទ្រង់សម្តែងប្រាប់ខ្ញុំថា ព្រះសង្ឃសើ្មដោយមហាសមុទ្រ ប្រមាណមិនបាន ប្រសើរបំផុត អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ទាំងចូរបណ្តុះនូវពូជដ៏ល្អ ក្នុងព្រះសង្ឃដែលទុកជាស្រែមិនមានធូលីគឺរាគៈ ជាស្រែប្រគល់ផល ឥតមានទីបំផុត ។ ព្រះសព្វញ្ញូ ជាឆ្នើមក្នុងលោក ព្រះអង្គប្រសើរជាងពួកនរៈ លុះទ្រង់សម្តែងនូវពាក្យនេះ ទ្រង់ប្រៀនប្រដៅខ្ញុំយ៉ាងនេះហើយ ក៏ស្តេចហោះឡើងទៅឯផ្ទៃអាកាស ។ កាលដែលព្រះសព្វញ្ញូ ប្រសើរជាងពួកនរៈ ស្តេចពុទ្ធដំណើរទៅហើយ មិនយូរប៉ុន្មាន ខ្ញុំក៏ដល់នូវមរណៈ ហើយបានទៅកើតក្នុងឋានតុសិត ។ ក្នុងកាលនោះ ខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះសង្ឃ ដែលជាស្រែមិនមានធូលី ជាស្រែប្រគល់ផលឥតមានទីបំផុត ខ្ញុំបានរីករាយហើយ ក្នុងឋានសួគ៌អស់មួយកប្ប ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំមានសេចក្តីជ្រះថ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីជ្រះថ្លា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសម្បសាទិកត្ថេរ មានអាយុ បានសម្តែងនូវគាថា ទាំងនេះដោយប្រការដូច្នេះ ។ ចប់ សម្បសាទិកត្ថេរាបទាន ។ ដកស្រង់ទាំងស្រុងចេញពី បិដកភាគ ៧៤ ទំព័រ ៦-៧ ដោយ៥០០០ឆ្នាំ |