អានអត្ថបទ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,១៩១ ដង)
ប្រេតទាំងឡាយមកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជាំង

|
រឿងតិរោកុឌ្ឌប្រេត
(ព្រះសម្ពុទ្ធទ្រង់សម្តែងថា) ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ ។ កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករលឹកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ ។ ជនទាំងឡាយណាជាអ្នកអនុគ្រោះ ជនទាំងនោះ រមែងឲ្យនូវទឹកនិងភោជន ដ៏ហ្មត់ចត់ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរសម្រេច ដល់ញាតិទាំងឡាយ សូមឲ្យញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ ។ ឯប្រេតជាញាតិទាំងនោះ មកប្រជុំគ្នាក្នុងទីដែលឲ្យទាននោះ ជាអ្នកមកល្អហើយ កាលបើបាយនឹងទឹកដ៏ច្រើន (ដែលគេឧទ្ទិសដល់ខ្លួន) គប្បីអនុមោទនា ដោយគោរពថា យើងទាំងឡាយបាន (ទទួលផល) ព្រោះហេតុនៃពួកញាតិណា សូមញាតិទាំងនោះ របស់យើង រស់នៅអស់កាលយូរចុះ ការបូជាឈ្មោះថាញាតិទាំងឡាយបានធ្វើហើយ ដល់ពួកយើង ឯអ្នកឲ្យទាន មិនមែនជាមិនមានផលឡើយ ។ កសិកម្មគឺការភ្ជួររាស់ ក៏មិនមាន ក្នុងភូមិនៃប្រេតនោះ គោរក្ខកម្មគឺការរក្សាគោ ក៏មិនមាន ក្នុងភូមិនៃប្រេតនោះ វណិជ្ជកម្ម គឺការជួញប្រែដែលជាហេតុ បាននូវសម្បត្តិ ដូច្នោះក៏មិនមាន ការរលក់ចេញ ទិញចូល ដោយប្រាក់ក៏មិនមាន ។ បុគ្គលទាំងឡាយ ធ្វើកាលកិរិយា ទៅកើតជាប្រេត រមែងញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យ នោះដោយសារ តែផលទាន ដែលញាតិឲ្យហើយ អំពីលោកនេះ ។ ទឹកធ្លាក់ចុះក្នុងទីទួល រមែងហូរទៅកាន់ទីទាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ ។ ផ្លូវទឹកទាំងឡាយ ដ៏ពេញ រមែងញ៉ាំងសាគរឲ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ ។ បុគ្គលកាលរលឹកឃើញនូវឧបការគុណ ដែលញាតិនិងមិត្តជាដើម បានធ្វើដល់ខ្លួន ក្នុងកាលមុនថា អ្នកឯណោះបានឲ្យ (របស់នេះ) ដល់អាត្មាអញ អ្នកឯណោះបានធ្វើ (គុណនេះ) ដល់អាត្មាអញ ជនទាំងនោះ ជាញាតិមិត្ត ជាសំឡាញ់ របស់អាត្មាអញ ដូច្នេះហើយ គួរឲ្យទក្ខិណាទាន ដល់ប្រេតទាំងឡាយ ។ ការយំក្តី ការសោកក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគប្បីធ្វើឡើយ ព្រោះកិច្ចមានយំសោកជាដើម មិនជាប្រយោជន៍ ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹងឮឡើយ) ។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់ទុកនៅល្អហើយ ក្នុងព្រះសង្ឃ រមែងសម្រេចផល ដើម្បីជាប្រយោជន៍ដល់ញាតិនោះ អស់កាលដ៏យូរអង្វែង តាមឋានៈគឺទីដែលគួរសម្រេចបាន ។ ក៏ញាតិធម៌នោះ មហារាជបាន សម្តែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ មហារាជបានធ្វើហើយ កម្លាំងកាយរបស់ភិក្ខុទាំងឡាយ មហារាជបាន បំពេញហើយ បុណ្យដ៏ច្រើនមហារាជក៏បានសន្សំហើយ ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ៤-៦ ដោយ៥០០០ឆ្នាំ |