អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,១៨៤ ដង)
មិនលួចទ្រព្យរបស់គេ

|
មិនលួចទ្រព្យគេ
ក្នុងសីលទី២នេះ ទ្រង់ហាមមិនឲ្យលួចទ្រព្យអ្នកដ៏ទៃហើយអោយប្រកបមុខរបរចិញ្ចឹម ជីវិតដោយសុចរិតត្រឹមត្រូវតាមគន្លងធម៌ ដែលហៅថា សម្មាអាជីវៈ ។ អ្នកខ្លះដែលមិនបានសិក្សាឲ្យបានដល់ជម្រៅនៃព្រះពុទ្ធសាសនា មានការចោទប្រកាន់ថា ព្រះពុទ្ធសាសនានិយាយតែពីរឿងបុណ្យបាបៗ ម្ល៉ោះហើយធ្វើអោយអ្នកគោរពតាមមានសភាពក្រលំបាក កុហក និយាយបញ្ឆោត ឬ ថាចេះរបៀបកោរមិនដាក់ទឹកនោះ ទើបទទួលជ័យជំនះក្នុងការប្រកបមុខរបរនោះសួរថាតើសប្បាយណាស់ទៅឬ ជាមួយទ្រព្យសម្បត្តិដែលបានមកដោយអំពោះទុច្ចរិតនោះ? មនុស្សម្នាក់ៗគ្មាន ស្រឡាញ់អ្វីឲ្យខ្លាំងជាស្រលាញ់ខ្លួនឡឡើយ ចុះបើដឹងខ្លួនក្លាយជាចោរ ឬមនុស្សទុរជនហើយនោះ តើមានអ្វីនៅល្អសម្រាប់ខ្លួនទៀតទៅ! ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ គឺដើម្បីដោះស្រាយបញ្ហាជីវិតរបស់សត្វលោកហ្នឹងឯង ប៉ុន្តែសត្វលោកភាពច្រើនចេះតែមើលរំលង ឃើញលាមកថាជា ផ្កា ឃើញរបស់ល្អថាគ្មានតម្លៃ ខំបង្កើតសេចក្ដីលោភលន់ឲ្យកាន់តែច្រើនឡើងៗ រហូតទាល់តែភ្លេចតួនាទីរបស់ខ្លួនថាជាមនុស្ស។ ព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យចេះដឹងពីប្រយោជន៍ ៣ យ៉ាងគឺ ១- ប្រយោជន៍បច្ចុប្បន្ន ២- ប្រយោជន៍លោកខាងមុខ ៣- ប្រយោជន៍ក្នុងព្រះនិព្វាន តែក្នុងទីនេះ ខ្ញុំសូមបើករង្វង់ក្រចកបន្តិចដើម្បីលើកយកធម៌ខ្លះៗ ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ និងសេដ្ឋកិច្ចសង្គមដែលជាប្រយោជន៍អាចមើលឃើញផ្ទាល់នឹងភ្នែកដូចតទៅ ក- ទិដ្ឋធម្មិកត្ថប្រយោជន៍៤យ៉ាង ( ប្រយោជន៍បច្ចុប្បន្ន ) ១- ព្យាយាមស្វែងរកទ្រព្យសម្បត្តិ ២- ចេះថែរក្សាទ្រព្យដែលរកបានមកហើយ ៣- សេពគប់រកមិត្តល្អត្រឹមត្រូវ ៤- ចេះចាយវាយទ្រព្យសម្បត្តិឲ្យសមតាមឋានៈរបស់ខ្លួន។ ១- កិច្ចការប្រឹងប្រែងរកទ្រព្យសម្បត្តិ គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗ ទ្រព្យសម្បត្តិមិនអាចកើតមានដល់មនុស្សខ្ជិលច្រអូសបានឡើយ ដូចបុរាណបានពោលថា " ចេះពីរៀនមានពីរក "។ ២- ការថែរក្សាទ្រព្យដែលរកបានមកឲ្យគង់វង្សល្អ បានដល់ការចេះសន្សំសំចៃទ្រព្យទុក អោយផុតពីសេចក្ដីអន្តរាយផ្សេងៗ ហើយនឹងចេះកែខៃរកផលកម្រៃអំពីទ្រព្យនោះទៀតផង។ ក្នុងប្រទេសនីមួយៗ គេតែងមានកន្លែងផ្ញើប្រាក់ ដែលហៅថាធនាគារ ដើម្បីអោយប្រជាជនចេះ សន្សំទ្រព្យសម្បត្តិ ហើយបានថ្លៃការអំពីប្រាក់ទាំងនោះថែមទៀត។ ៣- ការជ្រើសរើសមិត្ត គឺជាការជ្រើសរើសផ្លូវដើរសម្រាប់ជីវិត បើសេពគប់មិត្តអាក្រក់រមែងនាំមកនូវសេចក្ដីវិនាសគ្រប់ច្រកល្ហក បើសេពគប់មិត្តល្អ នឹងមានសេចក្ដីសុខចម្រើនកើនប្រយោជន៍ជារឿយៗ ព្រោះមិត្តល្អគេអាចជួយពន្យល់វិធីស្វែងរកសេចក្ដីសុខចម្រើន ទាំងផ្នែកទ្រព្យសម្បត្តិ ទាំងផ្នែកគំនិតប្រាជ្ញាស្មារតី គេស្ទាត់ជំនាញក្នុងកិច្ចការណា គេនឹងជួយពន្យល់មិត្តក្នុងកិច្ចការនោះមិនខាន។ មិត្តអាក្រក់ប្រៀបដូចលាមក ឯមិត្តល្អប្រៀបបីដូចជាកំរងផ្កាមានក្លិនក្រអូប តើយើង គួរជ្រើសយកលាមករឺក៏ផ្កា? ៤- ការចេះចាយវាយឲ្យសមនឹងឋានៈរបស់ខ្លួន បានសេចក្ដីថា ការចាយវាយមិនឲ្យ លើសចំនួនទ្រព្យដែលមានបើរកបានតិចចាយតាមតិច បើរកបានច្រើនកុំភ្លើតភ្លើនចាយទាល់តែអស់ ត្រូវវៀរចាកការចំនាយណាដែលគ្មានការចាំបាច់ឬគ្មានប្រយោជន៍ ត្រូវសំចៃទុកខ្លះសម្រាប់ពេល ណាដែលរកទ្រព្យមិនបានឬមានគ្រោះថ្នាក់ផ្សេងៗមានជម្ងឺតម្កាត់ជាដើម។ ខ- លក្ខណៈអ្នកធ្វើជំនួញ៣យ៉ាងគឺ ១- បញ្ញាចក្ខុ ជាអ្នកមានបញ្ញា ២- វិរិយារម្ភៈ ជាអ្នកប្រារព្ធសេចក្ដីព្យាយាម ៣- សនាថោ ជាអ្នកមានទីពឹងច្រើន ១- បញ្ញាចក្ខុ ជាអ្នកមានបញ្ញា គឺឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាអោយចំណេញស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ ដូចជាថា កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេ... ដូច្នេះជាដើម។ ២- វីរិយារម្ភៈ ប្រារព្ធសេចក្ដីព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ មិនខ្ជិលច្រអូស មិនបង្អាប់ឲ្យហួសពេលវេលានៃមុខរបរនិងសេចក្ដីត្រូវការរបស់អ្នកទិញ។ ៣- សនាថោ ជាអ្នកមានទីពឹងច្រើន គឺប៉ិនប្រសប់ក្នុងការទាក់ទងមនុស្សបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រលាញ់ ចេះធ្វើខ្លួនឲ្យគេស្រលាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ។ លោកអ្នកអានទាំងឡាយ! តើមានកន្លេងណាដែលព្រះសម្មាសម្ពុទ្ធបង្រៀនអោយមនុស្សក្រ ឬទន់ខ្សោយស្មារតីដែររឺទេ? អ្នកដែលចោទព្រះពុទ្ធសាសនាដោយប្រការផ្សេងៗ ប្រៀបបីដូចជាមនុស្សខ្វាក់ ហើយខំស្រែកថាលោកនេះងងឹតណាស់ លោកនេះគ្មានពន្លឺទេ ព្រោះគេគ្មានភ្នែកគឺបញ្ញា ដើម្បីសិក្សាស្រាវជ្រាវនូវព្រះពុទ្ធវចនៈឲ្យបានច្បាស់លាស់។ ចេតនាវៀរចាកការលួចទ្រព្យអ្នកដទៃ គឺជាធម៌របស់មនុស្ស ព្រោះមនុស្សគ្រប់គ្នាចង់ឲ្យទ្រព្យសម្បត្តិគង់វង្ស បើមនុស្សគ្រប់គ្នាគោរពតាមសីលទី២នេះ គេនឹងមានឈ្មោះថាជាអ្នកមានធម៌ សម្មាអាជីវៈ កាលណាគេមានធម៌សម្មាអាជីវៈ នោះចោររមែងមិនមាន។ អំពើឆក់ប្លន់ អំពើចាប់ជំរឹតជាដើម ដែលនាំអោយមានភាពវឹកវរនៅក្នុងសង្គម មិនដែលកើតមកអំពីអ្នកមានសីលទេ គឺកើតមកអំពីតែមនុស្សគ្មានសីលតែប៉ុណ្ណោះ។ បើគ្រប់គ្នាមានសីលហើយ មនុស្សម្នាមិនចាំបាច់ ចាក់សោរទ្វារផ្ទះក៏បានព្រោះគ្មានចោរ ដូច្នេះសង្គមជាតិពិតជាមានសុខសន្តិភាពត្រូវការមនុស្សមានសីលខ្លាំងណាស់។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការធម៌ ដោយ៥០០០ឆ្នាំ |