អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៣៤១ ដង)
កូនជាទីស្រឡាញ់ ពាក្យនិយាយជាការសំខាន់ម៉្យាង

|
រក្សាសម្តី
កូនជាទីស្រឡាញ់ ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្ន ២ យ៉ាង ៈ ១ ‑ មុននិយាយ
២ ‑ និយាយរួចហើយ មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យល្អ និងកាលនិយាយរួចហើយ កូន ត្រូវរក្សាពាក្យនិយាយ ។ ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយនាយរបស់យើងណា៎ កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាមសន្យា ទោះបីជាត្រូវស្លាប់ក៏ត្រូវព្រមដែរ ដើម្បីរក្សាសម្តី ។ កូនអើយ រឿងពាក្យសម្តីនេះ មនុស្សទាំងឡាយគេកាន់យកណាស់ បើបង់សម្តីទៅហើយ អ្វី ៗ ដទៃទៀតសូម្បីល្អយ៉ាងណាក៏រមែងខូចកេរ្តិ៍ឈ្មោះក្នុងការមិនរក្សាសម្តី ដូច្នេះហើយទើបបុរាណពោលថា " មនុស្សគេយកសម្តី ដំរីគេយកភ្លុក " ។ ព្រោះហេតុនេះ នៅពេលកូនគិតថា ខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្តី ហើយបើកូនមិនចង់លំបាក គឺកូនកុំចេះតែទទួលពាក្យគេដោយងាយ ៗ នោះ ត្រូវពិចារណាឲ្យល្អជាមុនថា កាលទទួលពាក្យគេហើយ អាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេ គឺត្រូវគិតល្អិតល្អន់ស្រួលបួលហើយជាមុនសិន ។ មនុស្សយើង បើរក្សាសម្តីខ្លួនឯងទុកមិនបានទៅហើយ តើអាចរក្សាអ្វីបានទៅ ព្រោះអម្បាលពាក្យសម្តីជាសម្បត្តិមានតម្លៃក្នុងខ្លួណ រក្សាមិនបានផង ចំណង់បើរបស់ដទៃក្រៅខ្លួនធ្វើដូចម្តេចនឹងអាចរក្សាបាន ។ ដូច្នេះ ទើបម៉ែឪដាស់តឿនឲ្យកូន ពិចារណាឲ្យល្អមុននិយាយ មុនសន្យា អ្វី ៗ ជាមួយអ្នកណា ៗ ហើយត្រូវកូនកុំជា មនុស្សភ្លេចពាក្យសន្យាដោយងាយ ៗ ឡើយ ។ មនុស្សដែលបង់ពាក្យបង់សម្តី សូម្បីដោះស្រាយយករួចខ្លួនបានម្តងក៏ពិត តែលុះដល់តទៅ កាលបើមាន ហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះ ក៏ គេដកសេចក្តីទុក្ខចិត្តដែរ ។ ចូរកូនកុំជាមនុស្សនិយាយឡេះឡោះ ឬនិយាយកុហកសូម្បីតែដើម្បីសើចលេង ឡើយ និងចូរកូនចាំទុកថា ពាក្យសម្តីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ ។ ចូរកូនចាំពាក្យខាងក្រោមនេះ ‑ ពាក្យសម្តីជាការងារដ៏ធំ បណ្ឌិតរមែងរក្សាសច្ចៈ ។ ‑ និយាយតិចតែបានការ ប្រសើរជាងនិយាយច្រើនឥតប្រយោជន៍ ។ ‑ មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេ ។ ‑ គុណធម៌មិនមែននៅនឹងអណ្តាតទេ គឺឋិតនៅតែក្នុងចិត្តប៉ុណ្ណោះ ។ ដកស្រង់ចេញពីសៀវភៅ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្តបទដោយៈ សូត្រ តុលា ដោយ៥០០០ឆ្នាំ |