អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ២៥,៤៤០ ដង)
ពាក្យចាក់ដោតរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្ត

|
សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា បិដកលេខ ៥២ ( ទំព័រ ៣២ )
ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិន គួរធ្វើទុកក្នុងចិត្តទេ ព្រោះកិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ ( នោះមិនមែនជាមុខការរបស់ខ្លួន ) បុគ្គលមិនគួរពិនិត្តមើលទេ បុគ្គលគួរពិនិត្យពិចារណាតែកិច្ចការទាំងឡាយរបស់ខ្លួនដែលបានធ្វើរួចហើយ និង នៅមិនទាន់បានធ្វើតែម៉្យាងប៉ុណ្ណោះ ។ ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ ( ល្អ ) តែគ្មានក្លិន ( ក្រអូប ) ( រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់ ) ដូចម្តេចម៉េច វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន ( រមែងក្រអូបដល់អ្នកដែលទ្រទ្រង់ ) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។ នាយមាលាការ ចេះធ្វើសំណុំនៃកម្រងផ្កា អំពីគំនរនៃផ្កាផ្សេង ៗ គ្នាឲ្យបានច្រើនបាន យ៉ាងណាមិញ កុសលដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើន យ៉ាងនោះ ។ ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមឈើក្តី ក្លិនផ្កាម្លិះក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសីលជាគុណជាតិប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះ ។ ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា ភាគទី ១ រៀបរៀងដោយៈ វ៉ាង ស៊ីណា ហៅម៉ុម វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |