អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ២៦,៩៨២ ដង)
ព្រះនាងរោហិណីថេរី

|
រោហិណីគាថា
ព្រះនាងរោហិណីថេរី គ្រាកាលដែលបានសម្រេចព្រះអរហត្តផលហើយ ក៏ពិចារណាសាត្រឡប់ឡើងវិញ ហើយពោលជាឧទានដោយគាថាទាំងឡាយ ដែលបិតានិងខ្លួននៅជាសោតាបន្នាមុននឹងបួស ។
បិតាសួរកូនស្រីថា៖ កូនអើយកូន កូនគេងលក់ក៏ពោលថា សមណៈ កូនភ្ញាក់ឡើងគ៏ពោលថាសមណៈ កូនសរសើរចំពោះពួកសមណៈតែម៉្យាងប៉ុណ្ណោះ កូននឹងទៅជាសមណីដោយពិត ។ កូនតែងផ្គត់ផ្គង់ បាយ ទឹក ដ៏ច្រើន ចំពោះពួកសមណៈ រោហិណីអើយ ឥឡូវនេះ បិតាសូមសួរកូន ព្រោះហេតុអ្វីបានជាពួកសមណៈទើបជាទីស្រឡាញ់របស់កូន ។ ពួកសមណៈជាអ្នកមិនចូលចិត្តធ្វើការងារ ខ្ចិលច្រអូស រស់នៅដោយអាស្រ័យទាន ដែលបុគ្គលដទៃឲ្យ សង្ឃឹមតែនឹងបានចូលចិត្តអាហារមានរសឆ្ងាញ់ ចំនាងមានសេចក្តីស្រឡាញ់ពួកសមណៈ ដោយហេតុដូចម្តេច ? នារោហិណីកូនស្រីឆ្លាតបានឆ្លើយតបទៅរកបិតាដោយវាចាដ៏ពិរោះថា៖ បពិត្រ បិតាបានដេញដោលសួរកូន អំពីពួកសមណៈអស់កាលយូរណាស់មកហើយ កូននឹងសម្តែងនូវបញ្ញា សីល និង សេចក្តីខ្មីឃ្មាត របស់សមណៈទាំងនោះដល់ បិតាក្នុងពេលនេះ ។ សមណៈទាំងឡាយ ជាអ្នកពេញចិត្តក្នុងការងារ មិនខ្ចិលច្រអូស ធ្វើចំពោះតែការងារដែលប្រសើរ ៗ ទើបអាចលះបង់នូវរាគៈទោសៈបាន ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ សមណៈទាំងឡាយ បានកម្ចាត់នូវឫសគល់ទាំងបីរបស់បាបធ្វើតែការងារស្អាត ទើបលះបង់បាបទាំងពួងបានអស់ ពុំមានសល់ ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ កាយកម្មរបស់សមណៈទាំងនោះស្អាត វចីកម្មក៏ស្អាត មនោកម្មក៏ស្អាត ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ សមណៈទាំងនោះ ប្រាសចាកមន្ទិល បរិសុទ្ធស្អាតទាំងខាងក្នុងទាំងខាងក្រៅ ដូចជាស័ង្ខដែលគេខាត់ហើយ បរិបូណ៌ដោយសីលស ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ សមណៈទាំងនោះ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាព្រះអរិយបុគ្គល រស់នៅដោយធម៌ តែងសម្តែងនូវអត្ថនិងធម៌ ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ ពួកសមណៈទៅកាន់ទីឆ្ងាយបាន តាមសេចក្តីពេញចិត្ត មានសតិ ពោលដោយឧបាយនៃប្រាជ្ញា មិនរាយមាយ ដឹងនូវទីបំផុតទុក្ខគឺព្រះនិព្វាន ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ សមណៈទាំងនោះ មិនសន្សំទុកដាក់នូវស្រូវអង្ករក្នុងជង្រុក មិនទុកដាក់ឆ្នាំងអម្បែង មិនទុកដាក់ល្អីកញ្ជើ ស្វែងរកចំពោះតែភោជន ដែលសម្រេចហើយ ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ សមណៈទាំងនោះ មិនទទួលនូវកហាបណៈ មិនទទួលនូវមាស មិនទទួលនូវប្រាក់ ញុំាងជីវិតឲ្យប្រព្រឹត្តទៅដោយបច្ច័យ ដែលកើតឡើងចំពោះមុខ ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ ពួកសមណៈចេញអំពីត្រកូលផ្សេង ៗ អំពីជនបទផ្សេង ៗ ទៅបួសហើយ រមែងរាប់រកគ្នា ទៅវិញទៅមក ព្រោះហេតុនោះ ទើបសមណៈទាំងឡាយជាទីស្រឡាញ់របស់កូន ។ បិតានិយាយដោយសេចក្តីជ្រះថ្លាថា៖ រោហិណីកូនស្រី កូនកើតមកក្នងត្រកូលនេះដើម្បីប្រយោជន៍ពិត កូនជាស្រ្តីមានសទ្ធា មានសេចក្តីគោរពដ៏មុតមាំ ក្នុងព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ។ កូនស្គាល់នូវព្រះរតនត្រ័យ ថាជាបុញ្ញក្ខេត្តដ៏ឧត្តមពិតមែន បើបានសមណៈទាំងនោះ ទទួលនូវទក្ខិណាទានរបស់យើង ម៉្លេះសមគ្រឿងបូជាដែលយើងតម្កល់ហើយ ចំពោះសមណៈទាំងនោះ នឹងមានផលបរិបូណ៌ជាពុំខាន ។ កូនស្រីរំលឹកបិតា បើបិតាខ្លាចទុក្ខ បើទុក្ខមិនជាទីស្រឡាញ់របស់បិតាទេ សូមបិតាដល់នូវព្រះពុទ្ធជាបុគ្គលមិនញាប់ញ័រផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ និង សូមបិតាសមាទានសីលទាំងឡាយផងចុះ ការដល់នូវព្រះរតនត្រ័យ ជាសរណៈ និង ការសមាទានសីល រមែងនាំមកនូវប្រយោជន៍ដល់បិតាដោយពិត ។ បិតាទទួលព្រមថា បិតាសូមដល់ព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក បិតាសូមសមាទានសីលទាំងឡាយផង ការដល់នូវព្រះរតនត្រ័យជាទីពឹងទីរលឹក និង ការសមាទានសីល រមែងនាំមកនូវប្រយោជន៍ដល់បិតាដោយពិត ។ ព្រាហ្មណ៍ជាបិតារបស់នាងរោហិណី តាំងនៅក្នុងសរណៈ និងសីលយ៉ាងនេះហើយ ក្រោយមកកើតសេចក្តីស្លុតសង្វេគក្នុងចិត្ត ក៏ចូលបួសក្នុងព្រះពុទ្ធសាសនា ចម្រើនវិបស្សនាតាំងនៅក្នុងព្រះអរហត្ត ទើបមានឧទានដូច្នេះថា៖ ក្នុងកាលមុន ខ្ញុំជាព្រាហ្មណ៍តែផៅពង្ស ឥឡូវនេះ ខ្ញុំជាព្រាហ្មណ៍ពិត បានបាបបន្សាត់ចោលហើយផង មាននូវវិជ្ជាបីផង មាននូវសួស្តីផង ដល់នូវវេទផង ជាអ្នកងូតទឹកលាងបាបគឺមានកិច្ចបានធ្វើចប់ហើយផង ។
ដកស្រង់ចេញពីសៀវភៅ ជំនួយសតិ ភាគទី ៥ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |