អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៤៩៧ ដង)
សំឡេងម៉ែយំអស់សង្ឃឹមព្រោះកូន

|
សំឡេងម៉ែយំអស់សង្ឃឹមព្រោះកូន
ស្មាមញញឹម ដែលធ្លាប់តែមាននៅលើផ្ទៃមុខរបស់ម៉ែ ឥឡូវប្រែជាក្រៀមក្រោះអស់សង្ឃឹម គ្មានទំនុកចិត្ត បន្សល់នូវតែភាពសោកសៅ ជាទីបំផុតព្រោះកូនដែលម៉ែធ្លាប់តែសង្ឃឹម ញញឹមក្នុងចិត្តថា កូនពិតជាកូនល្អទៅអនាគត តែទីបំផុតអ្វីដែលម៉ែសង្ឃឹមប្រែក្លាយជាការខកចិត្ត រកនឹកគិតអ្វីមិនចេញ បានត្រឹមតែសម្រក់ទឹកភ្នែក ស្រែកយំ តែប៉ុណ្ណោះ។ ម៉ែបានផ្ដល់អ្វីៗឲ្យកូនគ្រប់យ៉ាង មិនថាការស្រឡាញ់ ការអាណិត ការថ្នាក់ថ្នម ភាពកក់ក្ដៅ វត្ថុសំភារៈល្អៗ គឺម៉ែផ្ដល់ឲ្យទាំងអស់ ឲ្យតែកូនត្រូវការ ទោះត្រូវយកជីវិតរបស់ម៉ែទៅប្ដូរក៏ដោយក៏ម៉ែមិនដែលសោកស្ដាយឡើយ តែទីបំផុតអ្វីដែលម៉ែទទួលបានពីកូនមកវិញ គឺមានតែភាពអស់សង្ឃឹមគ្រាំចិត្តស្ទើរតែមិនអាចទទួលយកបាន នូវអ្វីដែលកូនផ្ដល់ឲ្យម៉ែសព្វថ្ងៃ គឺកូនមើលមិនឃើញ ពីគុណតម្លៃរបស់ម៉ែ។ ម៉ែចង់ប្រាប់កូនថា ម៉ែពិតជាអស់សង្ឃឹមខ្លាំងណាស់ចំពោះកូន ព្រោះសេចក្ដីប្រាថ្នារបស់ម៉ែគឺចង់ឃើញកូនក្លាយខ្លួនជាមនុស្សល្អ ចង់ឃើញកូនមានឧត្ដមគតិចេះគិតគូវែងឆ្ងាយ មានភាពទទួលខុសត្រូវស្គាល់អ្វីដែលជាគុណ អ្វីជាទោស និងចង់ឲ្យកូនឈប់ធ្វើបាបចិត្តម៉ែទៀតទៅ ម៉ែមិនដែលប្រាថ្នាចង់បានអ្វីអំពីកូន ក្រៅអំពីចង់ឲ្យកូនយល់ចិត្តម៉ែឡើយ ប៉ុណ្ណឹងម៉ែសូមបានទេ? តើកូនអាចផ្ដល់ឲ្យម៉ែបានដែរឬទេ? មុនម៉ែលាចាកលោកនេះទៅ ម៉ែគ្រាន់តែសូមឲ្យកូនយល់ចិត្តម៉ែតែបន្តិច ប៉ុណ្ណឹងកូនធ្វើមិនបានឬ? ម៉ែអាចផ្ដល់អ្វីៗ ឲ្យកូនបានគ្រប់យ៉ាងឲ្យតែកូនត្រូវការ តែកូនដែលផ្ដល់អ្វីឲ្យម៉ែខ្លះទេ ក្រៅអំពីធ្វើឲ្យម៉ែយំ អស់សង្ឃឹមព្រោះកូននោះ។ ម៉ែស្រឡាញ់កូនលើសអ្វីៗទាំងអស់ តែពេលដែលម៉ែនឹកឃើញដល់ទង្វើររបស់កូន ធ្វើដាក់ម៉ែ ម៉ែពិតជាមិនអាចរម្ងាប់ចិត្តថាមិនយំបានឡើយ។ ឱ! កូនអើយ តើកូននៅចាំបានទេ ពាក្យពេចន៍រំលឹកដោយការទូន្មាន ដែលម៉ែធ្លាប់ចំណាយពេលវេលា សឹងតែពេញមួយជីវិតរបស់ម៉ែ ដើម្បីអប់រំទូន្មាន ប្រៀនប្រដៅកូន ឲ្យក្លាយខ្លួនជាកូន ដែលដើរតាមគន្លងធម៌ជាកូនដ៏បវរ ឲ្យក្លាយខ្លួនជាកូន ដែលដើរតាមគន្លងធម៌ជាកូនដ៏បវរ លម្អរដោយចរិយា មារយាទ តែអ្វីដែលម៉ែសង្ឃឹមហើយសង្ឃឹមទៀតត្រូវរសាត់អណ្ដែតឃ្លាតឆ្ងាយសែនឆ្ងាយ ពីការរំពឹងទុករបស់ម៉ែបន្សល់នៅភាពសោកស្ដាយរកបរិយាយមិនត្រូវ ព្រោះកូនដើរខុសពីផ្លូវព្រះដែលម្ដាយធ្លាប់ណែនាំប្រាប់បង្ហាញ់ឲ្យដើរ តែកូនបែរជាជ្រើសរើសផ្លូវមារ ប្រឆាំងនឹងការណែនាំរបស់ម៉ែ។ ចង្វាក់បេះដូងរបស់ម៉ែ ហាក់បីដូចជាគ្មានចលនានឹងលោតបន្តទៅទៀតសោះ បេះដូងរងរបួស ព្រោះអស់សង្ឃឹម ទោះបីម៉ែប្រឹងញញឹម ក៏ញញឹមលែងចេញហារស្ដីអ្វីក៏លែងកើត ស្ទះណែនអួលងំក្នុងដើមទ្រូង បានត្រឹមតែសម្លឹងមើលមុខកូនទាំងខកចិត្តជាទីបំផុត ព្រោះមើលទៅកូនកែអ្វីលែងបានទៀតហើយ កូនអើយម៉ែអស់លទ្ធិភាពទូន្មានកូនហើយ។ ចូរកូនៗ សម្លឹងមើលមកក្នុងទឹកភ្នែករបស់ម៉ែដើម្បីឲ្យដឹងថា ក្នុងកែវភ្នែករបស់ម៉ែវាដក់ដោយការឈឺចាប់យ៉ាងណាខ្លះ បើកូនមានពេលវេលាសូមកូនពិចារណានូវកំហុសរបស់ខ្លួនផងណាកូន ទើបអាចដឹងបានថា កូនធ្លាប់ធ្វើអ្វីខុសឆ្គង ចំពោះអ្នកមានគុណខ្លះ? ឈប់សិន! កូនកុំទាន់អាលដើរចេញពីមុខម៉ែអី កូនអាចនៅស្ដាប់ពាក្យក្នុងចិត្តរបស់ម៉ែបន្តិចបានទេ? កូនសាកសម្លឹងមើលមុខម៉ែឲ្យចំៗមក កូននឹងបានដឹងថា ហេតុអ្វីបានជារាល់ថ្ងៃនេះម៉ែយំ បើម៉ែមិនស្រឡាញ់កូនខ្លាំងទេ ម៉ែក៏មិនខកចិត្តដល់ថ្នាក់នេះដែរ តែដែលម៉ែយំ ម៉ែកើតទុក្ខ ម៉ែខកចិត្ត ម៉ែអស់សង្ឃឹម ក៏ព្រោះតែម៉ែស្រឡាញ់កូន កូនដឹងអត់ថាម៉ែស្រឡាញ់កូន ស្រឡាញ់ខ្លាំងជាងជីវិតម៉ែទៅទៀត។ សូមកូនយកចិត្តម៉ែ ដាក់ក្នុងចិត្តកូនផងណា កូនណា !!... ។ ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា ដោយ៥០០០ឆ្នាំ |