អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៨,៥៦៣ ដង)
អារម្មណ៍របស់មនុស្សជិតស្លាប់

|
អារម្មណ៍របស់មនុស្សជិតស្លាប់
( ដកស្រង់ចេញពីសៀវភៅ កើត-ស្លាប់ រៀបរៀងដោយ ភិក្ខុ ងិន ភេន ) មនុស្សយើង ក្នុងពេលជិតស្លាប់ ចិត្តចុងក្រោយបំផុតហៅថា ចុតិចិត្ត ឬ ចុតិវិញ្ញាណ តែងតែឃើញនូវអារម្មណ៍ ៣ យ៉ាងគឺ ៖ កម្មារម្មណ៍ ១ ( អារម្មណ៍នៃកម្ម ), កម្មនិមិត្តារម្មណ៍ ១ ( អារម្មណ៍នៃកម្មនិមិត្ត ), គតិនិមិត្តារម្មណ៍ ១ ( អារម្មណ៍នៃគតិនិមិត្ត ), ឬហៅខ្លីថា កម្ម កម្មនិមិត្ត គតិនិមិត្ត ឯណានីមួយ គឺ ឃើញតែមួយទេ ។ កម្មារម្មណ៍ខាងកុសល ( អារម្មណ៍នៃកម្មជាកុសល ) គឺឃើញខ្លួនឯងកំពុងធ្វើទាន រក្សាសីល. . . ខាងអកុសល គឺឃើញខ្លួនឯងកំពុងស្លាប់សត្វ លួចទ្រព្យគេជាដើម . . . កម្មនិមិត្តារម្មណ៍ខាងកុសល គឺ ឃើញគ្រឿងប្រដាប់ធ្វើបុណ្យ កុលស ដូចជាត្រៃចីវរ កុដិ សាលា ព្រះវិហារៈជាដើម . . . ខាងអកុលស គឺឃើញគ្រឿងប្រដាប់ធ្វើបាប ដូចជា ដាវ លំពែង ធ្នូ ស្នា ជាដើម ។ គតិនិមិត្តារម្មណ៍ខាងកុសល គឺ ឃើញ វិមាន ប្រាសាទ រាជវាំង. . . ខាងអកុសល គឺឃើញកន្លែងឃុំឃាំង ឃើញយប់ងងឹតគួរឲ្យភ័យខ្លាច . . . ( . . . ) លុះឃើញអារម្មណ៍នេះឯណានីមួយហើយ ក៏ចាប់អារម្មណ៍នេះជាប់, មុននឹង ចុតិចិត្ត នេះរលត់ វាបានប្រគល់អារម្មណ៍នេះ ព្រមទាំងសំណុំរឿងនៃកម្មចាស់ទាំងអស់ឲ្យទៅ បដិសន្ធិចិត្ត, បដិសន្ធិចិត្តទទួលយកហើយ ក៏បំពេញតួនាទីទៅចាប់ភពថ្មីទៀត ក្នុងកន្លែងដ៏សមគួរដល់កម្រិតនៃវិញ្ញាណនោះ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |