អានអត្ថបទ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៥,៩៩០ ដង)
ឧបាសកនិទ្ទេស

|
ឧបាសកនិទ្ទេស
សម្តែងអំពីនាមថា ឧបាសក និងធម៌របស់ឧបាសកផ្សេង ៗ មានសីលជាដើម ជនដែលមាននាមប្បញ្ញត្តិថា “ឧបាសក” នោះ ដោយហេតុដែលបានចូលទៅជិតដល់ព្រះរតនត្រ័យ ជាទីពឹងទីរឮកដូចពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងចំពោះមហានាមសក្យរាជថា “ម្នាលមហានាម គ្រហស្តឯណាមួយ បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក គ្រហស្តនោះឯង បានឈ្មោះថា ឧបាសក បើស្ត្រីហៅថា ឧបាសិកា” ។ ម៉្យាងទៀត មានបាលីថា រតនត្តយំ ឧបាសតីតិ ឧបាសកោ ជនឯណា ចូលទៅងង្គុយជិតព្ររតនត្រ័យ ជននោះឈ្មោះថា ឧបាសក ។ អធិប្បាយថា ជនដែលចូលទៅអង្គុយជិតព្រះរតនត្រ័យនោះគឺ មិនមែនជាអ្នកចូលទៅអង្គុយជិតព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជានិច្ច ដោយរូបកាយនោះទេ គឺលោកសង្រ្គោះយកនាមកាយជាប្រមាណ, សូម្បីជននោះ ស្ថិតនៅក្នុងទីឆ្ងាយប៉ុន្មាន តែមានសន្តានចិត្តប្រព្រឹត្តជាប់នៅក្នុងគុណព្រះរតនត្រ័យជានិច្ច, ចិត្តនោះឱនទៅតោងយកគុណព្រះរតនត្រ័យ ជាទីពឹងទីរឮកជានិច្ចហើយ ជននោះឈ្មោះថា បានចូលទីអង្គុយជិតព្រះរតនត្រ័យជានិច្ច, បើគ្រាន់តែចូលទៅអង្គុយជិតព្រះពុទ្ធដោយរូបកាយតែសន្តានចិត្តនោះ ស្ថិតនៅក្នុងទីឆ្ងាយអំពីគុណព្រះរតនត្រ័យមិនបង្អោនចិត្តទៅក្នុងគុណព្រះរតនត្រ័យទេ ជននោះឈ្មោះថា ស្ថិតនៅឆ្ងាយអំពីគុណព្រះរតនត្រ័យ មិនមែនជា “ឧបាសក ឬ ឧបាសិកា ” ឡើយ ។ ដកស្រង់ចេញពីសៀវភៅ បារមីកថា ពុទ្ធបទាន រៀបរៀងដោយៈ មុនីកោសល្យ នៅ ហៃឡុង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |