អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥,២៩០ ដង)
សត្រូវជិតនិងឆ្ងាយរបស់មេត្តា

|
រាគៈជាសត្រូវជិតរបស់មេត្តាព្រហ្មវិហារ ព្រោះសភាពនៃមេត្តាជាមួយរាគ មានចំណែកស្មើគ្នាដោយសម្លឹងមើលតែចំពោះចំណែកនៃសេចក្ដីល្អ ដូចសត្រូវរបស់មនុស្សដែលតាំងមូលដ្ឋាននៅជិត មូលដ្ឋាននោះរមែងបានចេញចូល ដោយងាយព្រោះហេតុនោះ មេត្តាគឺព្រះយោគាវចរ ត្រូវតែថែរក្សាឲ្យល្អ (ឲ្យឆ្ងាយ) គឺឲ្យឆ្ងាយអំពីរោគ ចំណែកព្យាបាទជាសត្រូវឆ្ងាយ (របស់មេត្តា) ព្រោះមេត្តាជាមួយនឹងព្យាបាទមាន (សភាព) ជាចំណែករបស់ខ្លួនដែលមិនស្មើគ្នា ដូចសត្រូវរបស់មនុស្សដែលតាំងមូលដ្ឋាននៅក្នុងព្រៃភ្នំជាដើម ព្រោះដូច្នោះ ព្រះយោគាវចរ ទើបមិនត្រូវខ្លាចអំពីសំណាក់នៃព្យាបាទនោះ ហើយចំរើនមេត្តាទៅចុះ។ ក្នុងសេចក្ដីថា បុគ្គលចំរើនមេត្តាផងធ្វើអាការក្រោធឲ្យប្រព្រឹត្តទៅផង នោះជាអឋាន (គឺប្រព្រឹត្តទៅមិនបានឡើយ)។ ខាងដើម កណ្ដាល ទីបំផុត អារម្មណ៍នឹងការពង្រីកផ្សាយអារម្មណ៍នៃព្រហ្មវិហារ ក្នុងន័យម្យ៉ាងថា ព្រហ្មវិហារទាំង៤នោះ មានក្នុងកត្តុកាមឆន្ទ (ឆន្ទគឺសេចក្ដីប្រាថ្នានឹងធ្វើ) ជាខាងដើម មានការបន្ទោបង់ (គឺលះបង់) ជាកណ្ដាល មានអប្បមានា ជាទីបំផុត ដោយអំណាចបញ្ញត្តិធម៌ ចាត់ថា មានឯកសត្វជាអារម្មណ៍ ឬថា (ដោយសម្បត្តិធម៌) មានអនេកសត្វជាអារម្មណ៍ កាលបើដល់ឧបចារ ឬអប្បនាហើយ ការពង្រីកអារម្មណ៍ទើបមាន។ ក្នុងការពង្រីកអារម្មណ៍នោះ បណ្ឌិតគប្បីជ្រាបលំដាប់នៃការពង្រីកផ្សាយ (មេត្តាដូចតទៅ) នេះ ឧបមាដូចជាអ្នកស្រែដែលឆ្លាត កំណត់ទី (ទំហំគោលដៅ) ដែលត្រូវភ្ជួរហើយទើបភ្ជួរទៅយ៉ាងណា ព្រះយោគាវចរក៏យ៉ាងនោះ មុនដំបូងគប្បីកំណត់យកផ្ទះមួយខ្នង (ទីលំនៅរបស់ជនមួយគ្រួសារ) ហើយចំរើនមេត្តាទៅក្នុងសត្វទាំងឡាយក្នុងផ្ទះនោះ ដោយន័យថា សូមសត្វទាំងឡាយក្នុងផ្ទះនេះ ចូលជាអ្នកមិនមានពៀរចុះ ជាដើម ធ្វើចិត្តឲ្យទន់ គួរដល់ក្នុងការភាវនាចំពោះផ្ទះមួយខ្នងនោះ ហើយទើបកំណត់ពីរខ្នងបន្ទាប់ពីនោះ ទើបកំណត់ ៣-៤-៥-៦-៧-៨-៩-១០ ខ្នងហើយ ផ្សាយទៅផ្លូវមួយខ្សែ ពាក់កណ្ដាលស្រុក ស្រុកមួយ រាជាណាចក្រមួយប្រទេសមួយ ជនបទមួយ ទិសមួយ ដោយន័យដូច្នេះចូលធ្វើទាំងចក្រវាឡមួយ ឬថានឹងគប្បីចំរើនមេត្តាទៅក្នុងសត្វទាំងឡាយនោះៗ ក្រៃលែងជាងនោះទៅទៀតក៏បាន ព្រហ្មវិហារដទៃទៀត មានករុណាព្រហ្មវិហារជាដើម ក៏គប្បីចំរើនដោយន័យដូចគ្នានោះឯង នេះជាលំដាប់នៃការ ពង្រីកអារម្មណ៍ក្នុងព្រហ្មវិហារ ភាវនានោះ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ |