អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,៣៩៩ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត

|
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ក្នុងការដើរផ្លូវវាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សលោកដែលប្រាថ្នាដើម្បីស្វែងរកផលប្រយោជន៍ ទាំងបច្ចុប្បន្ន ដើម្បីទុកផលទៅដល់អនាគតនេះហើយ ជាសេចក្ដីប្រាថ្នាគ្រប់ៗគ្នា។ ចំពោះអ្នកដើរផ្លូវ រមែងមានគ្រោះថ្នាក់ជាច្រើន ដែលយើងនឹកមិនដល់ ស្មានមិនត្រូវ ទាំងនេះតើមកពីមូលហេតុអ្វី? យើងមិនសូវជាបានគិតប៉ុន្មានទេ ដោយសារតែយើងគិតថាវាស្រួល ឬមួយក៏មានសេចក្ដីប្រមាទការភ្លេចស្មារតីធ្វេសប្រហែស។ ដូច្នេះហើយបានជាត្រូវជួបនូវឧបសគ្គ ជាច្រើនដែលរាប់មិនអស់ ក្នុងការដើរទៀតសោតរមែងជួបនូវរឿងរ៉ាវជាច្រើនរាប់មិនអស់ ទាំងនេះហើយគ្មាននរណាហ៊ានធានារ៉ាប់រងនូវជីវិត របស់យើងបានឡើយ។ បើសិនជាធានាវិញ បានត្រឹមតែមួយភាគតូចតែប៉ុណ្ណោះតែសូមចាំថា ជីវិតយើងរមែងជួបនូវវិប្បដិសារៈអស់មួយជីវិត តើយើងធ្លាប់បានសាកល្បងហើយឬនៅ ចំពោះការដើររបៀបនេះ ទុកជាបានដើរក្ដី មិនទាន់បានដើរក្ដី សូមចាំថាមានកន្លែងមួយ ដែលយើងទាំងអស់គ្នាត្រូវសាកល្បងមើលសិន ព្រោះអ្វីបានជាយើងត្រូវសាកវាមើល ដោយសារកន្លែងនេះ មានគេនិយាយថា បើសិនជានរជនណាបានដើរ តាមផ្លូវនេះហើយ រមែងជួបនូវលាភដ៏ប្រសើរលើសលប់ ម្យ៉ាងទៀត បើសិនជាយើងបាន ដើរតាមមាគ៌ានេះហើយ រមែងមានការធានារ៉ាប់រងគ្រប់បែប យ៉ាងចំពោះជីវិតយើង។ មិនដឹងថាផ្លូវនោះជាផ្លូវអ្វីឡើយ ប៉ុន្តែគ្រាន់តែបានដឹងថាផ្លូវនោះមានគេបានដើរពីមុនខ្លះហើយ ចំពោះអ្នកដែលបានដើរតាមមាគ៌ានោះ រមែងទទួលបានថា មានសុវត្ថិភាពខ្លាំងណាស់ នឹងបានជោគជ័យគ្រប់បែបយ៉ាងទៀតផង។ បើអញ្ចឹងយើងដើរសាកលោមើល៍ ក្រែងបានដូចគេ និយាយតៗគ្នាថាល្អ ប៉ុន្តែផ្លូវនោះមិនដឹងទៅរកទីកន្លែងណាទេ? បើតាមខ្ញុំគិតមើល បែបមិនសូវពិបាករកមើលទេ ដោយសារកន្លែងនោះមានអ្នកចាំណែនាំ ចំពោះមនុស្សណាដែលប្រាថ្នានឹងដើរស្រាប់ទៅហើយ។ តើនេះពិតមែនឬ បើអញ្ចឹងយើងទៅតែម្ដងទៅកុំឲ្យហួសពេល។ តែសូមប្រាប់ថាកន្លែងដែលត្រូវទៅ យើងជាអ្នកប្រាថ្នា មានការទ្រាំចំពោះភាពលំបាកគ្រប់យ៉ាង បានអាចដើរទៅដល់ទីតាំង យើងត្រូវដើរតាមដំណាក់កាលរបស់វា ក្នុងការដើរតាមដំណាក់ការនោះ គឺមានតែ ៨ ចំណុចប៉ុណ្ណោះ សម្មាទិដ្ឋិ បញ្ញាបានយល់ឃើញត្រឹមត្រូវ គឺបានស្គាល់ច្បាស់នូវសេចក្ដីចម្រើន ហេតុនៃសេចក្ដីវិនាស ស្គាល់ធម៌ដែលគួរលះ និងធម៌ដែលគួរចម្រើនដើម្បីជាប្រយោជន៍។ សម្មាសង្កប្បោ ការត្រិះរិះត្រឹមត្រូវបានគិតគូរត្រិះរិះក្នុងរឿង ដែលមិននាំឲ្យជាប់ជំពាក់ គិតត្រូវក្នុងរឿង ដែលមិននាំឲ្យកើតការគុំកួន ចងអាឃាតព្យាបាទអ្នកដទៃ គិតក្នុងរឿង ដែលមិនឲ្យកើតការបៀត បៀនធ្វើទុកក្នុងចិត្តចំពោះអ្នកដទៃ។ សម្មាវាចា និយាយត្រឹមត្រូវ គឺនិយាយពាក្យពិត ពាក្យមានប្រយោជន៍ មិនបៀតបៀនអ្នកដទៃ មិនឲ្យអ្នកដទៃរងទុក្ខ និយាយពាក្យនាំឲ្យមានការព្រមព្រៀងគ្នា និយាយពាក្យពីរោះទន់ភ្លន់។ សម្មាកម្មន្តោ ធ្វើការងារត្រឹមត្រូវ គឺមិនទៅ សម្លាប់ជីវិតរបស់អ្នកដទៃ មិនធ្វើការងារលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ សម្មាអាជីវោ ការចិញ្ចឹមជីវិតត្រឹមត្រូវ គឺចិញ្ចឹមជីវិតដោយវៀរចាកទោសកម្មផ្សេងៗ ក្នុងផ្លូវលោកផ្លូវធម៌។ បើពោលដល់ការរកស៊ីចិញ្ចឹមជីវិតវិញ គឺត្រូវវៀរចាកអំពើ ឬក៏ជំនួញខុសទាំង ៥ យ៉ាងគឺ ១. សត្ថវណិជ្ជា ជួញដូរគ្រឿងសាស្ត្រាវុធ ២. សត្តវណិជ្ជា ជួញដូរមនុស្ស ៣. មំសវណិជ្ជា ជួញដូរសត្វដែលគេត្រូវសម្លាប់ ៤. មជ្ជវណិជ្ជា ជួញដូរគ្រឿងស្រវឹង ៥. វិសវណិជ្ជា ជួញដូរគ្រឿងពុលសម្លាប់សត្វ។ សម្មាវាយាមោ ព្យាយាមត្រូវ គឺព្យាយាមអប់រំចិត្តក្នុងគោលធម៌ទាំង ៤ យ៉ាងគឺៈ ១. សំវរប្បធាន ព្យាយាមប្រយ័ត្ន មិនឲ្យបាបកើតឡើង ២. បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងហើយ មិនឲ្យកើតមានទៅទៀតបាន ៣. ភាវនាបធាន ព្យាយាមញ៉ាំងកុសលឲ្យកើតឡើងក្នុងសន្ដាន ៤. អនុរក្ខនាបធាន ព្យាយាមរក្សាកុសលធម៌ ដែលធ្លាប់បានធ្វើហើយកាលពីមុន មិនឲ្យសាបសូន្យទៅវិញ សម្មាសតិ រឭកត្រឹមត្រូវ គឺរឭកក្នុងសតិប្បដ្ឋាន ៤ យ៉ាងគឺ ១. កាយានុបស្សនាតិប្បដ្ឋាន រឭករឿយៗដល់កាយឲ្យឃើញថា គ្រាន់តែជាកាយប៉ុណ្ណោះ ២. វេទនានុបស្សនាសតិប្បដ្ឋាន រឭករឿយៗដល់វេទនាឲ្យឃើញថា គ្រាន់តែជាវេទនាប៉ុណ្ណោះ ៣. ចិត្តានុបស្សនាសតិប្បដ្ឋាន រឭករឿយៗដល់ចិត្តឲ្យឃើញថាគ្រាន់តែជាចិត្តប៉ុណ្ណោះ។ ៤. ធម្មានុបស្សនាសតិប្បដ្ឋាន រឭករឿយៗដល់ធម៌ ឲ្យឃើញថាគ្រាន់តែជាធម៌ប៉ុណ្ណោះ។ សម្មាសមាធិ តម្កល់ចិត្តត្រូវ គឺចិត្តដែលតាំងមាំល្អ ក្នុងកុសលធម៌មិនប្រព្រឹត្តទៅក្នុងនីវរណធម៌។ ផ្លូវទាំង ៨ ប្រការនេះ ឈ្មោះថា អរិយមគ្គ ព្រោះជាផ្លូវដ៏ប្រសើរ ជាផ្លូវត្រង់ ផ្លូវមិនមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស សត្វទូទៅ ម្យ៉ាងទៀតជាផ្លូវមិនមានភ័យ ព្រោះកម្ចាត់បង់នូវកិលេសជាគ្រឿងឲ្យភ័យដល់សត្វលោកជាផ្លូវដ៏ត្រជាក់ ព្រោះរម្ងាប់បង់នូវកិលេស ដែលជាគ្រឿងកុតរោលឲ្យកើតក្រហាយ។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |