អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៨៧៦ ដង)
ពាក្យថា ប្រយោជន៍...

|
ពាក្យថាប្រយោជន៍ (ជាភាសាសំស្ក្រឹត ភាសាបាលីបយោជន) បើជាភាសាខ្មែរ ដំណើរដែលគួរប្រកប អ្វីៗ ដែលគេត្រូវការ ដែលគេប្រកបទៅកើតការ ផលសម្រេចអំពីការប្រកប ប្រយោជន៍ក្នុងលោកនេះ ប្រយោជន៍ក្នុងបរលោកបុគ្គលគប្បីធ្វើអំពើណា ដែលមានប្រយោជន៍ មិនគួរធ្វើអំពើណា ដែលឥតប្រយោជន៍ឡើយ។
បានដល់អ្វីៗណាដែលកើតបានមក អំពីការព្យាយាមធ្វើព្យាយាមរៀន ព្យាយាមអានសូត្រទន្ទេញ កត់ចំណាំចាំស្គាល់យល់ ចេះដឹងបាន អ្វីនោះឯងចាត់ថាផលប្រយោជន៍។ បើតាមន័យនេះ ពាក្យថាប្រយោជន៍ ឃើញថាផ្សេងអំពីពាក្យថាគុណ ត្រង់ដែលមានន័យថា សភាវធម៌ ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួន ឬសភាវធម៌ដែលគួរសន្សំឲ្យកើតមានបានដល់ផ្នែកខាងល្អតែម្យ៉ាង។ ពាក្យថាគុណនេះ សំដៅយកតែនាមធម៌ប៉ុណ្ណោះ ពុំបានសំដៅយកដល់រូបធម៌ ដូចពាក្យថាប្រយោជន៍ផងទេ។ ដូច្នេះយើងចង់និយាយថាជាគុណប្រយោជន៍ យ៉ាងនេះជាដើម ដើម្បីសម្ដែងបញ្ជាក់ឲ្យបានច្បាស់លាស់ថា ផលដែលកើតបានមកអំពីការព្យាយាមនោះ គឺជាសម្មាវាយាមៈការព្យាយាមត្រូវ ព្យាយាមប្រពៃ ទើបផលដែលកើតអំពីការព្យាយាមនោះ ចាត់ជាផលបានមកប្រកបដោយគុណ គឺសេចក្ដីល្អជាគុណប្រយោជន៍ បើពុំនោះសោតទេនឹងបានជាមិច្ឆាវាយាមៈ ការព្យាយាមខុស ព្យាយាមមិនប្រពៃមិនល្អ ផលដែលត្រូវបានមក ក៏ឈ្មោះថាមិនល្អ យើងពុំអាចប្រើពាក្យថាគុណភ្ជាប់ជាមួយពាក្យថាប្រយោជន៍បែបនោះបានទេ។ ឧទាហរណ៍ដូចជាពួកចោរ ព្យាយាមលួចឆ្មក់ឆក់ប្រវ័ញ្ច កេងបន្លំបោកប្រាស់បានទ្រព្យសម្បត្តិអំពីអ្នកដទៃមក អ្វីៗដែលបានមកនោះ ហៅបានត្រឹមជាផលប្រយោជន៍ប៉ុណ្ណោះ ពុំបានចាត់ថាជាគុណប្រយោជន៍ទេ។ ដូច្នេះពាក្យថាប្រយោជន៍ យើងអាចនិយាយបានទាំងផ្នែកអាក្រក់ផង ទាំងផ្នែកល្អផង ដែលផ្ទុយអំពីពាក្យថាគុណទើបមានពាក្យពោលថា ត្រូវធ្វើអំពើណាដែលជាប្រយោជន៍ត្រង់នេះសំដៅយកអំពើដែលជាគុណ ដើម្បីឲ្យបានជាផលប្រយោជន៍នោះ ទៅជាគុណដែល កុំធ្វើអំពើណាដែលពុំមានជាគុណ នាំឲ្យបានតែផលជា "អគុណ" ។ សូម្បីតែអង្គមគ្គទាំងប្រាំបី ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់បញ្ជាក់ឲ្យបានច្បាស់ថា មគ្គដែលប្រកបដោយគុណ គឺសម្មាសមគ្គ មគ្គដែលប្រាសចាកគុណគឺ មិច្ឆាមគ្គដូច្នេះជាដើម។ ដូចពាក្យថា ប្រយោជន៍នេះ ក្នុងព្រះពុទ្ធសាសនា ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់បានសម្ដែងបញ្ជាក់ ឲ្យព្យាយាមបំពេញទាំងជាប្រយោជន៍ក្នុងលោកនេះ និងប្រយោជន៍ក្នុងបរលោក ក៏បានដល់ប្រយោជន៍ដែលជាគុណ ឬហៅថាគុណប្រយោជន៍នោះឯង។ ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា រៀបរៀងដោយ ឧបាសក ម៉ិញ សាវ៉ាន ដោយ៥០០០ឆ្នាំ |