អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣២,១៩២ ដង)
ពេលឈឺធ្ងន់ច្រើនគិតដល់ម៉ែ

|
មនុស្សយើងដោយទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយដោយកាមគុណ ឬរវល់ក្នុងការងាររបស់ខ្លួនផ្សេង ៗ ប៉ុន្តែដល់ពេលដែលខ្លួនឯងមានជម្ងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច ។ ក្នុងសម័យដែលខ្លួនជាកូននៅតូច កាលបើឈឺចាប់អ្វី ៗ ម៉ែតែងនៅថែរក្សាថ្នាក់ថ្មនជានិច្ច កូនឃើញមុខម៉ែជាប្រចាំ ម៉ែហួងហែងកូន ម៉ែសម្រាន្តមិនពេគភ្នែក ម៉ែទ្រាំអត់ងងុយនៅយាមកូន បបោសអង្អែលកូន នៅចាំពេលឲ្យបាយឲ្យទឹក នៅចាំពេលឲ្យថ្នាំ និងនៅចាំជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាក ព្រមទាំងលួងលោមចិត្តកូនដោយសន្យាឲ្យនូវអ្វី ៗ តាមដែលកូនចង់បានទៀតផង ។ ម៉ែជាទីពឺងរបស់កូន ពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអបលក្ខណ៍យ៉ាងណាក្តី ម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ច ។ សេចក្តីស្រឡាញ់របស់ម៉ែ គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដូច្នេះហើយ ទើបដល់ពេលដែលកូនមានជម្ងឺធ្ងន់ ឬ ក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេ កូនតែងតែនឹករកម៉ែ ។
ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!! រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |