អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៩៧,១០៣ ដង)
ចូឡរាហុលោវាទសូត្រ

|
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនា ព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ក្នុងវេលាសាយណ្ហ សម័យព្រះអង្គទ្រង់ចេញពីផលសមាបត្តិ ស្ដេចយាងចូលទៅ កាន់អម្ពលដ្ឋិកាវ័ន នៅពីខាងក្រោយវត្តវេឡុវ័ននោះឯង ដើម្បីប្រោសព្រះរាហុល។ បន្លារមែងស្រួចតាំងពីកើត យ៉ាង ណា ព្រះរាហុលក៏យ៉ាងនោះ គង់ចម្រើនទៅដោយវិវេកគឺ សេចក្ដីស្ងប់ស្ងាត់ក្នុងទីនោះតាំងពីព្រះជន្ម ៧ វស្សា។
អាយស្មន្តំ អាហុលំ អាមន្តេសិ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅព្រះរាហុល គឺត្រាស់ហៅដើម្បីប្រទានឱវាទ។ ពិតណាស់ ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងព្រះធម៌ទេសនា យ៉ាងច្រើនដល់ព្រះរាហុល ព្រះអង្គទ្រង់ត្រាស់សាមណេរប្បញ្ហា រាហុលសំយុត្តមហារាហុលោវាទសូត្រ ចូឡរាហុលោវាទ សូត្រ រួមទាំងអម្ពលដ្ឋិករាហុលោវាទសូត្រនេះផង (ដោយ ចូឡរាហុលោវាទសូត្រមានពីរសូត្រ មួយនៅក្នុងបិដកលេខ២៨ ដែលព្រះរាហុលស្ដាប់ហើយសម្រេចព្រះអរហត្ត ដូច្នេះទើប ព្រះសូត្រនេះ ព្រះអដ្ឋកថាហៅថា អម្ពលដ្ឋិករាហុលោវាទសូត្រ)។
ព្រះរាហុលមានព្រះជន្ម ៧ វាស្សា ព្រះដ៏មានព្រះភាគទ្រង់ ប្រគល់ឲ្យព្រះសារីបុត្តបំបួសជាសាមណេរ ក្នុងវស្សានោះឯង ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះ ដោយ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះថា ព្រះរាហុលនៅកុមារ ជាធម្មតាក្មេងតូចរមែងនិយាយនូវពាក្យដែលគួរនិងមិនគួរ ដូច្នេះយើងនឹងឲ្យឱវាទដល់រាហុល។
ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងឧបមាដោយផ្ដិលទឹក ៤ លើកឧបមាដោយដំរី ២ លើក និងឧបមាដោយកញ្ចក់ ឆ្លុះមុខ ១លើក។ សេចក្ដីនៅក្នុងព្រះសូត្រនេះ គឺមាន ប្រយោជន៍ដើម្បីកុំឲ្យព្រះរាហុលពោលនូវសម្បជានមុសាវាទ (ពោលកុហកទាំងដឹងខ្លួនច្បាស់)។
ឧបមាដោយផ្ដិលទឹក ៤ លើក
១- ព្រះអង្គទ្រង់ទុកទឹកឲ្យសល់បន្តិចក្នុងផ្តិល ហើយត្រាស់សួរ...។
២- ព្រះអង្គទ្រង់ចាក់ទឹកដែលសល់បន្តិចនោះចោល ហើយត្រាស់ សួរ...។
៣- ព្រះអង្គទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរ...។
៤- ព្រះអង្គទ្រង់ត្រាស់សួរព្រះរាហុលបញ្ជាក់អំពីផ្តិលទឹកនោះៗ ដោយការប្រៀបធៀបហើយ ទើបព្រះអង្គត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្ដីអៀនខ្មាសក្នុង សម្បជានមុសាវាទ ដូចជាទឹកដែលមានប្រមាណតិច ដូចជាទឹក ដែលតថាគតចាក់ចោល ដូចជាផ្តិលទឹកដែលតថាគតផ្កាប់ និង ដូចជាផ្តិលទឹកដែលទទេរលីងធេង ដូច្នេះឯង។
ឧបមាដោយដំរី ២ លើក
១- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងពួងធ្វើការ សព្វគ្រប់ រក្សាទុកតែប្រមោយប៉ុណ្ណោះ ឈ្មោះថា មិនទាន់ហ៊ាន លះបង់ជីវិតនៅឡើយ។
២- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងអស់ធ្វើ ការសព្វគ្រប់ មិនរក្សាទុកសូម្បីតែប្រមោយ ឈ្មោះថា ជាដំរី ហ៊ានលះបង់ជីវិត។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមាន សេចក្ដីអៀនខ្មាសក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះមិនធ្វើបាបកម្មតិចតួចដូច្នេះទេ។
ម្នាលរាហុល ព្រោះ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញនឹង មិនពោលពាក្យកុហក សូម្បីគ្រាន់តែដើម្បីសើចលេងនោះ ឡើយ ម្នាលរាហុលអ្នកត្រូវសិក្សា យ៉ាងនេះចុះ។ បទថា នាហំ តស្ស កិញ្ចិ បាបំ គឺបុគ្គលណា ដែលមិនមាន សេចក្ដីអៀនខ្មាស ក្នុងការពោលកុហកទាំងដែលដឹងខ្លួន ច្បាស់ ថាបុគ្គលនោះឯង មិនធ្វើនូវបាបកម្មអ្វីតិចតួចនោះ មិនមានឡើយ (បានសេចក្ដីថា មិនមាននូវសម្បជាន មុសាវាទណា ដែលមិនមែនជាបាបសូម្បីត្រឹមតែបន្តិចបន្តួច នោះទេ គឺថា បើមិនបានធំក៏បាបតូចដែរ ដូចជាដំរីក្នុង ចំណុចទីពីរ ដែលថាមិនធ្វើកម្មដោយអវយវៈណាមួយនោះ មិនមានហ្នឹងឯង)។
ឧបមាអំពីកញ្ចក់ កញ្ចក់មានប្រយោជន៍ដូចម្ដេច? កញ្ចក់មានប្រយោជន៍ក្នុង ការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណាត្រិះរិះ មើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណាត្រិះរិះមើល រួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណាត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីការពិចារណានូវ កម្មទាំងបី ទាំងដែលនឹងធ្វើ កំពុងធ្វើ ទាំងដែលធ្វើរួចហើយ ដោយពិស្ដារ ដែលព្រះធម៌ទេសនានេះប្រព្រឹត្តទៅសមគួរ ដល់វេនេយ្យសត្វគឺបុគ្គលដែលគួរដល់ការណែនាំ។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
|