អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦៣,២០២ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥

|
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី ៥
៙. ពេលវេលា មិនបានធ្វើឲ្យខូចមនុស្សទេ មនុស្សទេតើ ដែលធ្វើឲ្យខូចពេលវេលា យកពេលវេលាទៅធ្វើអំពើថោកទាបផ្សេង ៗ ។
៙. គុណធម៌ មិនដែលបោះបង់ចោលមនុស្សទេ គឺមនុស្សទេតើ ដែលលះបង់រត់ចោលគុណធម៌ ធ្វើឲ្យខ្លួនឯងប្រាសចាកនូវគុណធម៌ ។
៙. គុណធម៌សម្បូរណាស់ តែសត្វលោកដោយច្រើន មិនបានយកចិត្តទុកដាក់នឹងការចម្រើនគុណធម៌ យកចិត្តទុកដាក់តែជាមួយនឹងកាមគុណ ។
៙. បុគ្គលដើរកាត់ព្រៃ ស្រាប់តែជួបជ្រោះជ្រៅ ដំណោះស្រាយបញ្ហាគឺមិនមែនជញ្ជូនដុំថ្មដាក់ឲ្យពេញជ្រោះនោះសិន ទើបបានដើរទៅនោះទេ យ៉ាងណា ដំណើរចេញចាកទុក្ខ ក៏យ៉ាងនោះដែរ គឺមិនមែនជាដំណើរ ហួងហែង ចាត់ចែង ឈ្លោះប្រកែក ទាស់ទែង ជាមួយនឹងលោកនេះ នៅធ្វើលោកនេះឲ្យរាបស្មើសិននោះទេ ។ ដើរតាមផ្លូវមានបន្លា ត្រូវពាក់ទ្រនាប់ជើងក្រាស់ៗ សម្លៀកបំពាក់ក្រាស់ៗ ហើយដើរឲ្យត្រូវផ្លូវ មិនត្រូវនៅឈ្លោះជាមួយនឹងបន្លាទេ យ៉ាងណា អ្នកដែលដើរឆ្លងកាត់លោកនេះ ត្រូវមានធម៌ ព្រោះ ៉ ធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌ ៉ ។
៙. អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ឯតម្មង្គលមុត្តមំ នេះជាមង្គលដ៏ឧត្ដម ។
៙. គុណធម៌សម្បូរណាស់ អាចនិយាយបានថា លើកដៃចាប់បាន ដូចជាការសំពះមាតាបិតាជាដើម ក៏ប៉ុន្ដែ មនុស្សអ្នកចម្រើនដោយគុណធម៌នោះសែនក្រ ។
៙.យើងចេះតែចង់ឲ្យអ្នកដទៃធ្វើអី្វ និយាយអី្វ គិតអី្វ យល់អ្វី ដូចយើង រឿងនេះវានាំឲ្យមានការចង្អៀតចង្អល់ចិត្តណាស់ ដូច្នេះត្រូវឲ្យអភ័យ មានមេត្តាចំពោះមនុស្សទូទៅវិញ ហើយត្រូវយល់ឲ្យច្បាស់ថា មនុស្សយើងមានអធ្យាស្រ័យខុសគ្នាជាធម្មតា គឺថា មនុស្សយើងត្រូវតែមិនដូចគ្នា ក្នុងរឿងខ្លះ ៗ ដូច្នោះឯង ។
៙. ជីវិតនេះមានតម្លៃណាស់ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ឲ្យដូចខ្លួនយើងជាមនុស្សល្អនោះទេ ដូច្នេះ ត្រូវប្រើជីវិតឲ្យជាប្រយោជន៍ មានស្មារតីគ្រប់គ្រងការងាររបស់ខ្លួន ៕៚
ដោយ៥០០០ឆ្នាំ
|