35
ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២០,៩៨៣
Today
ថ្ងៃម្សិលមិញ ១៧២,០១១
ខែនេះ ៧,៣៩១,៩៣៣
សរុប ៣៩៩,៦៥០,៣៧៧
អានអត្ថបទ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ១១០,០៨០ ដង)

លោកធាតុ ៣ យ៉ាង



 

ចូឡនិកាសូត្រ
(សម្ដែងអំពីលោកធាតុ ៣ យ៉ាង)


គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។  

លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុទាំង ១០០០ ឲ្យដឹងច្បាស់​ដោយសំឡេងបាន ។

បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណាឲ្យដឹងច្បាស់ដោយសំឡេងបាន ។ ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ ។ ព្រះ​អានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ​ជាសាវក​របស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។

បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ​មាន​ប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ ព្រះ​អានន្ទដ៏​មានអាយុ ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគជាគម្រប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះ​ភាគ​​យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោកញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។

បពិត្រព្រះអង្គដ៏ចម្រើនចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ ព្រះមានព្រះភាគត្រាស់ថា សុតា តេ អានន្ទ សហស្សី ចូឡនិកា លោកធាតុ ម្នាលអានន្ទ លោកធាតុតូច ១០០០ អ្នកបានស្ដាប់ហើយ ។ បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ។ បពិត្រព្រះសុគត ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សម្តែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ ។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ 

ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ៖

១. យាវតា អានន្ទ ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា ម្នាលអានន្ទ ព្រះចន្រ្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយ បានត្រឹមណា ត្រឹមណោះលោកកំណត់ហើយសម្ដែងហើយថាជាលោកធាតុមួយ គឺចក្កវាឡមួយ ។

២. តាវ សហស្សធា លោកោ ។ តស្មិំ សហស្សធា លោកេ ត្រូវកំណត់យកលោកនោះ ១០០០ ក្នុងលោកដែលកំណត់ ១០០០ ដងនោះ សហស្សំ ចន្ទានំ មានព្រះចន្រ្ទ ១០០០, សហស្សំ សូរិយានំ  ព្រះអាទិត្យ ១០០០, សហស្សំ សិនេរុបព្វតរាជានំ សេ្ដចភ្នំសិនេរុ ១០០០, សហស្សំ ជម្ពុទីបានំ ជម្ពូទ្វីប ១០០០, សហស្សំ អបរគោយានានំ អបរគោយានទ្វីប ១០០០, សហស្សំ ឧត្តរកុរូនំ ឧត្ដរកុរុទ្វីប ១០០០, សហស្សំ បុព្វវិទេហានំ បុព្វវិទេហទ្វីប ១០០០, ចត្តារិ មហាសមុទ្ទសហស្សានិ មហាសមុទ្រ ៤០០០, ចត្តារិ មហារាជសហស្សានិ មហារាជ (លោកបាល) ៤០០០, សហស្សំ ចាតុមហារាជិកានំ ស្ថានចាតុម្មហារាជិកៈ ១០០០, សហស្សំ តាវតិំសានំ ស្ថានតាវត្តិង្ស ១០០០, សហស្សំ យាមានំ ស្ថានយាមៈ ១០០០, សហស្សំ តុសិតានំ ស្ថានតុសិត ១០០០, សហស្សំ និម្មានរតីនំ ស្ថាននិម្មានរតី ១០០០, សហស្សំ បរនិម្មិតវសវត្តីនំ ស្ថានបរនិម្មិតវសវត្តី ១០០០, សហស្សំ ព្រហ្មលោកានំ ព្រហ្មលោក ១០០០ ។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូច) ។ អយំ វុច្ចតានន្ទ ម្នាលអានន្ទ ការកំណត់យ៉ាងនេះ ហៅថា សហស្សីចូឡនិកាលោកធាតុ  (លោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០) ។ 

៣. ការកំណត់សហស្សីចូឡនិកាលោកធាតុនោះចំនួន ១០០០ ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមកាលោកធាតុ (លោកធាតុកណ្ដាលដែលមានចក្កវាឡចំនួន ១០០០០០០ = យកសហស្សីចូឡនិកាសោកធាតុ គុណនឹង ១០០០) ។ 

៤. ការកំណត់ទ្វិសហស្សីមជ្ឈិមកាលោកធាតុនោះចំនួន ១០០០ ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ (លោកធាតុធំដែលមានចក្កវាឡចំនួន ១ សែនកោដិ ។ 
ម្នាលអានន្ទ កាលបើតថាគតប្រាថ្នាគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន ។ 

បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច ។ ម្នាលអានន្ទ ក្នុងលោកនេះ តថាគតផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណាពួកសត្វទាំងនោះស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកងញុំាងសំឡេងឲ្យលាន់ឮ ។ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ណាដ៏បានយ៉ាងនេះឯង ។ 

កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលយ៉ាងនេះថា ឱជាលាភរបស់ខ្ញុំព្រះអង្គហើ យខ្ញុំព្រះអង្គឈ្មោះថា បានល្អហើយ ព្រោះថាព្រះសាស្ដារបស់ខ្ញុំ ព្រះអង្គមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។ 

កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វីក្នុងដំណើរនុ៎ះ ។ 

កាលបើព្រះឧទាយិដ៏មានអាយុនិយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុដូច្នេះថា ម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈយ៉ាងនេះ ហើយគប្បីធ្វើមរណកាលដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថាអានន្ទនឹងបរិព្វាន ក្នុងអត្តភាពជាបច្ចុប្បនេះ ។ ចប់ ចូឡនិកាសូត្រ ។


(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ បិដកលេខ ៤១ ទំព័រ ៣១២ )
សេចក្ដីអធិប្បាយ

ពាក្យថា ចូឡនិកាលោកធាតុ គឺជាលោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០ អយំ សាវកានំ វិសយោ សហស្សីចូឡនិកាលោកធាតុនេះជាវិស័យនៃសាវ័កទាំងឡាយ ។ ពាក្យថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ  បានដល់ លោកធាតុដែលមានឈ្មោះថា  ទ្វិសហស្សីមជ្ឈិមិកា គឺមានប្រមាណនៃចក្កវាឡ ១ លាន ព្រោះត្រូវគុណហើយដោយចំណែកនៃពាន់ក្នុងចក្កវាឡមួយពាន់នេះ ។  ព្រោះថា ស្ថានទីមានប្រមាណប៉ុណ្ណេះ ព្រះតថាគតទាំងឡាយទ្រង់សម្ដែងគឺបញ្ចេញនូវព្រះរស្មីអំពីសរីរៈ កម្ចាត់សេចក្ដីងងឹតអន្ធការ និងអាចដើម្បីញ៉ាំងមនុស្សទេវតាទាំងឡាយឲ្យបានឮព្រះសូរសៀងបាន ។

ឯត្តកេន ពុទ្ធានំ ជាតិក្ខេត្តំ នាម ទស្សិតំ ឈ្មោះថា ជាតិក្ខេតរបស់ព្រះពុទ្ធទាំងឡាយ គឺលោកសម្ដែងហើយដោយពាក្យប្រមាណប៉ុណ្ណេះ ។  ពិតមែនហើយ ក្នុងភពចុងក្រោយនៃព្រះសព្វញ្ញុពោធិសត្វទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១  ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាថងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាដ់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និង ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ស្ថានទីដែលជាចក្កពវាលមានប្រមាណប៉ុណ្ណេះរមែងកម្រើកញាប់ញ័រ ។

ពាក្យថា តិសហស្សីមហាសហស្សីលោកធាតុ ជាលោកធាតុធំដែលមានចក្កវាឡចំនួនមួយសែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា មានចក្កវាឡចំនួនដប់សែនកោដិ ។ តិសហស្សីមហាសហស្សីលោកធាតុនេះឯង ឈ្មោះថាជា អាណាខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដូច្នេះហើយ ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះបរិត្តទាំងឡាយគឺ អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និង រតនបរិត្ត រមែងផ្សាយទៅដល់ចក្កវាឡមានប្រមាណប៉ុណ្ណេះ ។

តត្ថ ពុទ្ធានំ អវិសយោ នាម នត្ថិ ក្នុងបណ្ដាលោកធាតុទាំងនោះ ឈ្មោះថា មិនមែនជាវិស័យរបស់ព្រះពុទ្ធទាំងឡាយ រមែងមិនមាម ។

(មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ កនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ  ចូឡនិកាសូត្រ)
សេចក្ដីប្រៀបធៀបរវាងសាវកវិស័យនឹងពុទ្ធវិស័យ

ម្នាលអានន្ទ អ្នកនិយាយអ្វីយ៉ាងនេះ សាវកទាំងឡាយរមែងតាំងនៅញាណដោយចំពោះ តែតថាគតបំពេញបារមី ១០ ហើយបានសម្រេចសព្វញ្ញុតញ្ញាណ ដែលនរណាៗ នឹងប្រមាណមិនបាន អ្នកនិយាយយ៉ាងនេះ  ៖

១. នខសិខាយ បំសុំ គហេត្វា មហាបថវិបំសុនា សទ្ធិំ ឧបមេន្តោ វិយ  ហាក់ដីដូចជាយកចុងក្រចកចូកនូវធូលីដ៏តិចតួចមកប្រៀននឹងគំនរមហាប្រថពីដ៏ធំ ។
២. តាឡច្ឆិទ្ទំ គហេត្វា អនន្តាកាសេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកប្រហោងដើមត្នោតដ៏តូចមកប្រៀននឹងអាកាសដែលមិនមានទីបំផុត ។
៣. ចាតកសកុណំ គហេត្វា ទិយឌ្ឍយោជនសតិកេន សុបណ្ណរាជេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកសត្វចចាតដ៏តូចមកប្រៀននឹងស្ដេចគ្រុឌដែលហើរបាន ១៥០ យោជន៍ ។ 
៤. ហត្ថិសោណ្ឌាយ ឧទកំ គហេត្វា មហាគង្គាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងប្រមោយដំរីមកប្រៀននឹងទឹកក្នុងទន្លេះគង្គាដ៏ធំ ។
៥. ចតុរតនិកេ អាវាដេ ឧទកំ គហេត្វា សត្តហិ សរេហិ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងរណ្ដៅប្រវែង ៤ ហត្ថ មកប្រៀននឹងមហាជាតស្រះទាំង ៧ ។
៦. នាឡិកោទនមត្តលាភិំ មនុស្សំ គហេត្វា ចក្កវត្តិរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកមនុស្សដែលមានតម្លៃត្រឹមតែបាយមួយនាឡិមកប្រៀននឹងស្ដេចចក្កពត្តិ ។
៧. បំសុបិសាចកំ គហេត្វា សក្កេន ទេវរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកបំសុបិសាច (បិសាចធូលី) មកប្រៀននឹងស្ដេចសក្កទេវរាជ ។
៨. ខជ្ជោបនកប្បភំ គហេត្វា សូរិយប្បភាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកពន្លឺនៃអំពិលអំពែកដ៏តូចមកប្រៀននឹងពន្លឺនៃព្រះអាទិត្យ ។

ព្រោះវិស័យរបស់សាវកទាំងឡាយជាចំណែកមួយ ឯពុទ្ធវិស័យជាចំណែកមួយ, ធម៌ជាគោចរ របស់សាវកទាំងឡាយជាចំណែកមួយ ឯធម៌ជាគោចររបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ, កម្លាំងរបស់សាវកទាំងឡាយជាចំណែកមួយ ឯកម្លាំងរបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ ។
 

(មនោរថបូរណី អដ្ឋកថា សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក  អានន្ទវគ្គ ចូឡនិកាសូត្រ )
លោកធាតុ    

ពាក្យថា លោកធាតុ មានន័យថា ទំហំនៃលោកដែលត្រូវកំណត់ដោយចំនួនចក្កវាឡមានប្រការផ្សេងៗ ។ ពាក្យថា ចក្កវាឡ មានន័យថា មានអាការៈមូលដូចកង់រថ លោកពោលសំដៅដល់ ស្ថានទីដ៏ធំមួយមានរាងមូលដែលមានភ្នំចក្កវាឡជាកំពែងឡោមព័ទ្ធជុំវិញ ។ លោកធាតុចែកចេញជា ៤ ប្រភទ ៖

១. លោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយ ។
២. សហស្សីចូឡនិកាលោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយពាន់ ។
៣. ទ្វិសហស្សីមជ្ឈិមកិកាលោកធាតុ បានដល់ លោកធាតុកណ្ដាល គឺចក្កវាឡមួយលាន ហើយក្នុងអដ្ឋកថាមនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថាយតុវដកសុត្តនិទ្ទេស​វណ្ណនា សម្ដែងថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុនេះ ជា ជាតិក្ខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដោយសេចក្ដីថា ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាង​មហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹង ១ ថ្ងៃដែលព្រះ​អង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និងថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ចក្កវាឡមានប្រមាណ ១ លាន នេះ មែងកម្រើកញាប់ញ័រ តែក្នុងអដ្ឋកថាទាំង​ឡាយជាច្រើនដូចអដ្ឋកថាទីឃនិកាយ អដ្ឋកថាមជ្ឈិមនិកាយ អដ្ឋកថាខុទ្ទកនិកាយ ហើយសូម្បីអដ្ឋ​កថា​អង្គុត្តរនិកាយនៃសូត្រដទៃៗ បានសម្ដែងថា ជាតិក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ មានត្រឹមតែចក្កវាឡ ១ ម៉ឺនប៉ុណ្ណោះ ។
៤. តិសហស្សីមហាសហស្សីលោកធាតុ  បានដល់ ចក្កវាឡមួយសែនកោដិ ក្នុងអដ្ឋកថា មនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថា តុវដកសុត្តនិទ្ទេសវណ្ណនាបានសម្ដែង​ថា តិសហស្សីមហាសហស្សីលោកធាតុនេះ ជា អាណាក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដោយសេចក្ដីថា ក្នុងវេលាដែលព្រះអង្គសម្ដែងអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត រតនបរិត្ត អាជ្ញានៃព្រះបរិត្តទាំងនេះ រមែងផ្សាយទៅក្នុងចក្កវាឡមានប្រមាណ ១ សែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា តិសហស្សីមហាសហស្សីលោកធាតុនេះ មានចក្កវាឡ ចំនួន ១០ សែនកោដិ  ។

ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៤,១០៤ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,៧៦២ ដង)
សំបុត្រ​ទិញ​ថ្នាំ​គ្រូ​ពេទ្យ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣២៤ ដង)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩៧០ ដង)
អត់​ធន់​សិក្សា​នូវ​ការ​ពិត
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៩,៤៤៤ ដង)
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿