ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ

|
ការសម្រេចធម៌និងការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ ក្នុងវេលាដែលព្រះមានព្រះភាគទ្រង់យាងបិណ្ឌបាតប្រព្រឹត្តកិច្ចប្រោសសត្វ ដែល ពុទ្ធវង្សរបស់ព្រះអង្គ ។ ព្រះបាទសុទ្ធោទនៈជាពុទ្ធបិតា បានយាងទៅឃាត់ ហើយបានស្ដាប់ ព្រះគាថាដែលព្រះមានព្រះភាគទ្រង់សម្ដែង ក៏បានសម្រេចសោតាបត្តិផល ដោយ ព្រះគាថានេះថា ៈ ធម្មបាលជាតកំ សុត្វា អនាគាមិផលេ បតិដ្ឋាសិ ហើយព្រះរាជាបានស្ដាប់នូវ ធម្មបាលជាតក (ក្នុងថ្ងៃខាងក្រោយអំពីការបួសរបស់ព្រះនន្ទ) ទ្រង់ក៏បានតាំងនៅក្នុង អនាគាមិផល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត មហាធម្មបាលជាតក បិដកលេខ ៥៩ ទំព័រ ១៨៦) មរណសមយេ សេតច្ឆត្តស្ស ហេដ្ឋា សិរិសយនេ និបន្នោយេវ អរហត្តំ បាបុណិ។ អរញ្ញវាសេន បធានានុយោគកិច្ចំ រញ្ញោ នាហោសិ។ ក្នុងមរណសម័យ (ពេលជិតនឹងស្លាប់) ព្រះបាទសុទ្ធោទនៈទ្រង់ផ្ទុំលើសិរិសយនៈ ខាងក្រោមស្វេតច្ឆត្រប៉ុណ្ណោះ ហើយបានដល់នូវព្រះអរហត្ត ។ កិច្ចដែលត្រូវប្រកបដោយ សេចក្ដីព្យាយាមជាគ្រឿងតម្កល់ទុកដោយអរញ្ញវាស (ព្រៃជាទីនៅ) មិនមានដល់ ព្រះរាជាឡើយ ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក មហាវគ្គ មហាខន្ធកៈ រាហុលវត្ថុកថា ត្រង់ព្រះសម្មាសម្ពុទ្ធទ្រង់យាងនិវត្តទៅនគរកបិលពស្ដុតាមការអារាធនារបស់ព្រះកាឡុទាយីដែលជារាជទូតរបស់ព្រះពុទ្ធបិតា) សេចក្ដីសន្និដ្ឋាន : កាលដែលព្រះបាទសុទ្ធោទនៈសម្រេចព្រះអរហត្តហើយបរិនិព្វាននេះ មិនមែនកើតឡើងក្នុងរវាងវស្សាទី ៤ ឬ ទី ៥ ដូចដែលគម្ពីរជិនមហានិទាន និង ព្រះសាវកនិព្វាន សម្ដែងនោះឡើយ មិនមានបញ្ជាក់ក្នុងគម្ពីរព្រះត្រៃបិដក ឬអដ្ឋកថា ។ រឿងនេះអាចកើតឡើងក្នុងពេលវេលាព្រះសម្មាសម្ពុទ្ធទ្រង់យាងជាលើកដំបូងនោះឯង ដោយអាងទៅលើរឿងការចេញបួសរបស់ស្ដេចសក្យទាំង ៦ (គឺភទ្ទិយសក្យរាជ ១ អនុរុទ្ធ ១ អានន្ទ ១ ភគ្គុ ១ កិមិល ១ ទេវទត្ត ១) គប្បីពិចារណាដល់ស្ដេចដែលត្រូវសោយរាជសម្បត្តិ ។
|