អានអត្ថបទ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦០,៦៩៦ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត

|
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
(ព្រះអរហន្តជាគ្រហស្ថ)
ការសម្រេចព្រះអរហត្តរបស់គ្រហស្ថនេះ មានមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន ៧ ថ្ងៃ ។ ការយល់យ៉ាងនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ បរិព្វាជកវគ្គ តេវិជ្ជវច្ឆសូត្រ បានសម្ដែងថា
យេបិ ហិ សន្តតិមហាមត្តោ ឧគ្គសេនោ សេដ្ឋិបុត្តោ វីតសោកទារកោតិ គិហិលិង្គេ ឋិតាវ អរហត្តំ បត្តា, តេបិ មគ្គេន សព្ពសង្ខារេសុ និកន្តិំ សុក្ខាបេត្វា បត្តា។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្ពជតិ វា បរិនិព្ពាតិ វា។
សូម្បីបុគ្គលទាំងឡាយណា គឺសន្តតិមហាមាត្យ ឧគ្គសេនសេដ្ឋបុត្ត វីតសោកទារកៈ ឋិតនៅក្នុងភេទជាគ្រហស្ថ ក៏បានសម្រេចនូវព្រះអរហត្ត ។ សូម្បីបុគ្គលទាំងនោះ ញ៉ាំងសេចក្ដីប្រាថ្នាក្នុងសង្ខារទាំងពួងឲ្យស្ងួតទៅដោយមគ្គហើយទើបបានសម្រេច ។ តែកាលបានសម្រេចនូវព្រះអរហត្តហើយ រមែងមិនតាំងនៅដោយភេទជាគ្រហស្ថនោះឡើយ ។ ភេទជាគ្រហស្ថឈ្មោះថាជា ហីនភេទ រមែងមិនអាចដើម្បីនឹងទ្រទ្រង់ឧត្តមគុណគឺព្រះអរហត្តនោះឡើយ ។ ព្រោះហេតុនោះ បុគ្គលណាឋិននៅក្នុងភេទជាគ្រហស្ថ បានសម្រេចហើយនូវព្រះអរហត្ត តែងតែបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើសិនជាមិនបានបួស) រមែងបរិនិព្វានក្នុងថ្ងៃនោះប៉ុណ្ណោះ ។
សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏សម្ដែងថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មិំ យេវ ទិវសេ បព្ពជតិ វា បរិនិព្ពាយតិ វា បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ រមែងបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើមិនបានបួសទេ) រមែងបរិនិព្វានក្នុងថ្ងៃនោះ ប៉ុណ្ណោះ យ៉ាងនេះឯង ។
ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រួវឡើយ ។
ដោយ ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ |