នាមសិទ្ធិជាតក

|
នាមសិទ្ធិជាតក ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។ បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថា ឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។ ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។ ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។ ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។ លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។ លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។ មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។ ដោយខេមរ អភិធម្មាវតារ
|