អានអត្ថបទ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៤,៤៨៤ ដង)
កាឡកណ្ណិជាតក

|
កាឡកណ្ណិជាតក
(មនុស្សឈ្មោះកាឡកណ្ណិមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតវន ទ្រង់ប្រារព្ធមិត្តរបស់អនាថបិណ្ឌិកសេដ្ឋីម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ (ដែលមានពាក្យផ្តើមថា) មិត្តោ ហវេ សត្តបទេន ហោតិ ដូច្នេះ (ជាដើម) ។ បានឮមកថា បុរសនោះធ្លាប់ជាសម្លាញ់លេងដីជាមួយនឹងអនាថបិថបិណ្ឌិកសេដ្ឋី តាំងពីកាលនៅរៀនសិល្បៈក្នុងសម្នាក់អាចារ្យជាមួយគ្នា ដោយឈ្មោះគេមានឈ្មោះថា កាឡកណ្ណី ។ កាឡកណ្ណីនោះក្រោយមកក៏ធ្លាក់ខ្លួនក្រ មិនអាចចិញ្ចឹមជីវិតបាន ក៏ទៅកាន់សម្នាក់អនាថបិណ្ឌិកសេដ្ឋី ។
លោកសេដ្ឋីអនាថបិណ្ឌិកក៏លួងលោមមិត្រសម្លាញ់នោះ ហើយឲ្យស្បៀង និងញ៉ាំងគេឲ្យបិទបាំងនូវទ្រព្យសម្បត្តិ របស់ខ្លួន ។ កាឡកណ្ណីនោះជាអ្នកធ្វើឧបការៈចំពោះលោកសេដ្ឋី គេតែងធ្វើកិច្ចគ្រប់យ៉ាង ។ ពេលដែលគេមកកាន់សម្នាក់របស់អនាថបិណ្ឌិកសេដ្ឋី មនុស្សទាំងឡាយតែងនាំគ្នាពោលហៅគេថា ឈប់សិន កាឡកណ្ណី ! អង្គុយចុះកាឡកណ្ណី ! បរិភោគសិនចុះកាឡកណ្ណី ។
ថ្ងៃមួយ មិត្តនិងអាមាត្យរបស់លោកសេដ្ឋីនាំគ្នាចូលទៅរកលោកសេដ្ឋីហើយនិយាយយ៉ាងនេះថា បពិត្រមហាសេដ្ឋី ! សូមលោកកុំធ្វើនូវកាឡកណ្ណីនោះឲ្យនៅក្នុងសំណាក់របស់លោកឡើយ (កុំចិញ្ចឹមគេឡើយ) ព្រោះសូម្បីតែយក្សក៏ត្រូវចៀសចេញទៅដោយសម្លេងនេះថា ឈប់សិនកាឡកណ្ណី ! អង្គុយសិនចុះ កាឡកណ្ណី ! បរិភោគសិនចុះ កាឡកណ្ណី ! គេនោះក៏មិនស្មើនឹងលោក ធ្លាក់ខ្លួនក្រហើយ លោកចិញ្ចឹមមនុស្សបែបនេះធ្វើអ្វី ?
អនាថបិណ្ឌិកសេដ្ឋីពោលថា នាមំ នាម វោហារមត្តំ, ន តំ បណ្ឌិតា បមាណំ ករោន្តិ, សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ, ន សក្កា មយា នាមមត្តំ និស្សាយ សហបំសុកីឡិកំ សហាយំ បរិច្ចជិតុំ ធម្មតាឈ្មោះគ្រាន់តែជាវោហារ (សម្រាប់ហៅប៉ុណ្ណោះ) បណ្ឌិតទាំងឡាយមិនកាន់យកនូវឈ្មោះនោះឲ្យជាប្រមាណឡើយ មិនគួរជាប្រភេទមនុស្សដែលមានឈ្មោះថា សុតមង្គលិក (អ្នកប្រកាន់មង្គលតាមសម្លេងដែលបានឮ) អាត្មាអញមិនអាចអាស្រ័យហេតុត្រឹមតែឈ្មោះ ហើយបោះបង់សម្លាញ់ដែលធ្លាប់លេងដីជាមួយគ្នាចោលនោះឡើយ លុះគិតដូច្នេះហើយ លោកសេដ្ឋីគាត់មិនបានកាន់យកពាក្យសម្តីរបស់មនុស្សទាំងនោះទេ ។
ថ្ងៃមួយ កាលនឹងទៅស្រុកសួយរបស់ខ្លួន បាន ប្រគល់កាឡកណ្ណីនោះឲ្យជាអ្នករក្សានូវគេហដ្ឋាន ។ ពួកចោរគិតគ្នាថា បានឮថា លោកសេដ្ឋីទៅស្រុកសួយរបស់គាត់ហើយ ពួកយើងប្លន់នូវផ្ទះរបស់លោកសេដ្ឋីនោះ ដូច្នេះហើយ នាំគ្នាកាន់អាវុធផ្សេងៗ មកក្នុងវេលាអធ្រាត្រហើយឡោមព័ទ្ធផ្ទះលោកសេដ្ឋី ។ ចំណែកកាឡកណ្ណីសង្ស័យខ្លាចពួកចោរមកប្លន់ ទើបអង្គុយយាមមិនព្រមដេក ។
កាឡកណ្ណីនោះលុះដឹងថាពួកចោរមកហើយ ដើម្បីនឹងដាស់ពួកមនុស្សទើបស្រែកឡើងថា អ្នកទាំងឡាយ ចូរផ្លុំស័ង្ខ ចូរវាយស្គរ លុះស្រែកដូច្នេះហើយ ក៏ធ្វើឲ្យដូចជាមានរោងមហោស្រពធំ ធ្វើវេសន៍ទាំងអស់ឲ្យមានសម្លេង កងរំពងទូទៅ ។ ពួកចោរនិយាយប្រាប់គ្នាថា ពួកយើងបានឮថា ផ្ទះគ្មានអ្នកណានៅ ពួកយើងបានស្តាប់មកមិនល្អហើយ (ស្ដាប់ខុសហើយ) សេដ្ឋីគ្មានធ្វើដំណើរទៅណាទេ គឺនៅក្នុងផ្ទះនេះឯង ហើយម្នាក់ៗក៏បោះដុំថ្ម និងអន្លូងជាដើមចោលក្នុងទីនោះឯង រួចរត់ចៀសចេញទៅ ។
លុះព្រឹកឡើង មនុស្សទាំងឡាយឃើញដុំថ្ម និងអន្លូងជាដើម ដែលពួកចោរបោះចោលនៅទីនោះៗ ម្នាក់ៗ ក៏តក់ស្លុតហើយនិយាយថា ប្រសិនបើថ្ងៃនេះ មិនមានអ្នកយាមផ្ទះដែលសម្បូរដោយការចេះដឹង និងឈ្លាសវៃបែបនេះទេ ពួកចោរនឹងចូលតាមការពេញចិត្ត ប្លន់ផ្ទះបានទាំងអស់ជាប្រាកដ ព្រោះអាស្រ័យអ្នកដែលមោះមុតអង់អាចក្លាហានបែបនេះ ទើបសេចក្តីចម្រើនកើតមានដល់លោកសេដ្ឋី ម្នាក់ៗ នាំគ្នាសរសើរកាឡកណ្ណី ។
ពេលដែលសេដ្ឋីមកអំពីស្រុកសួយ ក៏នាំ គ្នាប្រាប់រឿងរ៉ាវនោះឲ្យជ្រាបគ្រប់ប្រការ ។ គ្រានោះ សេដ្ឋីបាននិយាយទៅកាន់មនុស្សទាំងនោះថា អ្នកទាំងឡាយប្រើយើងឲ្យដេញមិត្តអ្នករក្សាផ្ទះយ៉ាងនេះ ចេញអំពីផ្ទះរបស់យើង ប្រសិនបើយើងបណ្តេញឲ្យចេញអំពីផ្ទះតាមពាក្យរបស់អ្នកទាំងឡាយនោះ ថ្ងៃនេះទ្រព្យរបស់យើងនឹងមិនសេសសល់ឡើយ ហើយលោកសេដ្ឋីអនាថបិណ្ឌិកពោលតាស់តឿនថា នាមំ នាម អប្បមាណំ, ហិតចិត្តមេវ បមាណំ ធម្មតាឈ្មោះមិនជាប្រមាណទេ ចិត្តដែលគិតជួយប៉ុណ្ណោះ ទើបជាប្រមាណ លុះពោលដូច្នោះហើយក៏ឲ្យទ្រព្យដើមទុនដល់កាឡកណ្ណីច្រើនឡើងៗ ។
លោកសេដ្ឋីបានត្រិះរិះថា ពេលនេះ អញបានរឿងដែលជាប្រធាន ល្មមក្រាបទូលព្រះមានព្រះភាគហើយ ក៏ធ្វើដំណើរទៅកាន់សម្នាក់របស់ព្រះសាស្ដា គាត់បានក្រាបទូលរឿងរ៉ាវនោះតាំងអំពីដើម រហូតដល់ចប់ចំពោះព្រះអង្គ ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលមិត្តឈ្មោះកាឡកណ្ណី បានរក្សាទ្រព្យក្នុងផ្ទះមិត្តរបស់ខ្លួន សូម្បីក្នុងកាលមុន មិត្តឈ្មោះកាឡកណ្ណីក៏បានរក្សាដូចគ្នាដែរ ។ កាលសេដ្ឋីក្រាបទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែង (ដូចតទៅនេះ) ថា ៈ
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះ បរមពោធិសត្វបានជាសេដ្ឋីមានយសដ៏ធំក្រៃលែង ។ សេដ្ឋីនោះមានមិត្តម្នាក់ឈ្មោះកាឡកណ្ណី ។ រឿងរ៉ាវទាំងអស់ក្នុងពេលនោះ ក៏ដូចគ្នារឿងរ៉ាវបចុប្បន្ន (របស់អនាថបិណ្ឌិកសេដ្ឋី)នេះឯង ។ ព្រះបរមពោធិសត្វមកអំពីស្រុកសួយហើយ ស្តាប់ដំណើររឿងនោះរួចពោលថា ប្រសិនបើយើងបណ្តេញមិត្តមានសភាពដូច្នេះចេញអំពីផ្ទះរបស់យើង តាមពាក្យរបស់អ្នកទាំងឡាយនោះ ម៉្លេះសមថ្ងែនេះទ្រព្យសម្បត្តិរបស់យើងនឹងមិនសល់ឡើយ ហើយពោលគាថានេះថា ៈ
មិត្តោ ហវេ សត្តបទេន ហោតិ សហាយោ បន ទ្វាទសកេន ហោតិ
មាសឌ្ឍមាសេន ច ញាតិ ហោតិ តតុត្តរិំ អត្តសមោបិ ហោតិ
សោហំ កថំ អត្តសុខស្ស ហេតុ ចិរសន្ថុតំ កាឡកណ្ណិំ ជហេយ្យំ។ បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីជំហាន, បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន, បុគ្គលដែលជាញាតិបាន ដោយ (ការនៅជាមួយគ្នា) មួយខែ ឬ កន្លះខែ, បុគ្គលដែលទុកសើ្មនីងខ្លួន ព្រោះនៅលើអំពីកាលនោះទៅទៀត ខ្មុំនឹងលះបង់នូវសម្លាញ់ឈ្មោះកាឡកណ្ណី ដែលធ្លាប់ស្និទ្ធស្នាល អស់កាលយូរ ព្រោះហេតុនៃសេចក្ថីសុខរបស់ខ្លួន ដូចម្ដេចបាន ។
បណ្តាបទទាំងនោះ បទថា ហវេ ត្រឹមតែជានិបាតប៉ុណ្ណោះ ។ ដែលឈ្មោះថា មិត្ត ព្រោះអត្តថា ប្រព្រឹត្តដោយមេត្រី អធិប្បាយថា អ្នកដែលចូលទៅតាំងទុកនូវមេត្រីចិត្ត គឺធ្វើនូវសេចក្តីស្នេហាស្រឡាញ់រាប់អាន ។ បុគ្គលដែលបានឈ្មោះជាមិត្ត ដោយហេតុត្រឹមតែដើរជាមួយគ្នាបានប្រាំពីរជំហាន ។
បទថា សហាយោ បន ទ្វាទសកេន ហោតិ (បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន) មានសេចក្តីថា ដែលឈ្មោះថា សហាយ (សម្លាញ់) ព្រោះ អត្ថថា រួមគ្នាក្នុងឥរិយាបទទាំងពួងដោយអំណាចនៃការធ្វើកិច្ចគ្រប់យ៉ាងរួមគ្នា អធិប្បាយថា បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន ។
បទថា មាសឌ្ឍមាសេន សេចក្តីថា នៅរួមគ្នាមួយខែ ឬកន្លះខែ ។
បទថា ញាតិ ហោតិ សេចក្តីថា រមែងមានឈ្មោះ ជាអ្នកស្មើនឹងញតិ ។ បទថា តតុត្តរឹ សេចក្តីថា ព្រោះការនៅរួមគ្នាលើសអំពីកាលនោះ រមែងរាប់ថា ជាអ្នកស្មើនឹងខ្លួន ។ បទថា ជហេយ្យំ សេចក្តីថា ខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះ ដូចម្តេចបាន ។ ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះ ដោយប្រការដូច្នេះឯង ។ តាំងអំពីនោះមក គ្មានអ្នកណាហ៊ានប្រព្រឹត្តល្មើសនឹងកាឡកណ្ណីទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា កាឡកណ្ណី អានន្ទោ អហោសិ កាឡកណ្ណី ក្នុងកាលនោះ បានមកជាអានន្ទ ។ ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កាឡកណ្ណីជាតក ។
(អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អបាយិម្ហវគ្គ បិដកលេខ ៥៨ ទំព័រ ៣៦)
កំណត់ចំណាំ
ក្នុងកាឡកណ្ណិជាតកនេះ ព្រះសម្មាសម្ពុទ្ធសម្ដែងបុគ្គល ៤ ពួក គឺ មិត្តបុគ្គល (បុគ្គលគឺមិត្ត) ១ សហាយបុគ្គល (បុគ្គលគឺសម្លាញ់) ១ ញាតិបុគ្គល (បុគ្គលគឺញាតិ) អត្តសមបុគ្គល (បុគ្គលគឺអ្នកដែលស្មើនឹងខ្លួន) ១ ។ សេចក្ដីអធិប្បាយ ១. មិត្តោ ហវេ សត្តបទេន ហោតិ បុគ្គលណាដើរជាមួយគា្នបានប្រាំពីជំហានបុគ្គលនោះ ឈ្មោះថា មិត្តបុគ្គល ។ ២. សហាយោ បន ទ្វាទសកេន ហោតិ បុគ្គលណាដើរជាមួយគ្នាបានដប់ពីរជំហាន បុគ្គលនោះ ឈ្មោះថា សហាយបុគ្គល ។ ៣. មាសឌ្ឍមាសេន ច ញាតិ ហោតិ បុគ្គលណាការនៅជាមួយគ្នាមួយខែ ឬ កន្លះខែ បុគ្គលនោះ ឈ្មោះថា ញាតិបុគ្គល ។ ៤. តតុត្តរិំ អត្តសមោបិ ហោតិ បុគ្គលណានៅលើសអំពីកាលនោះទៅទៀត (លើសមួយខែទៅ) បុគ្គលនោះ ឈ្មោះថា អត្តសមបុគ្គល ។ ដោយ៥០០០ឆ្នាំ |