អានអត្ថបទ
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤១,២៩៥ ដង)
ចង្កីសូត្រ

|
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើនព្រះអង្គ ព្រះអង្គទ្រង់គង់ក្នុងសាលវ័ន ជិតឱបាសាទគ្រាម ។ សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វនិងមនុស្ស បរិបូណ៌ដោយស្មៅឧសនិងទឹក ទាំងធញ្ញាហារក៏សម្បូណ៌ដែរ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។
បន្ទាប់អំពីពួកព្រាហ្មណ៍ក្នុងស្រុក បានសន្ទនាគ្នាអំពីព្រះគុណនៃព្រះដ៏មានព្រះភាគរួចមក ចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ដ៏ច្រើន បានចូលគាល់ព្រះដ៏មានព្រះភាគ ។ ក្នុងកាលនោះ មានព្រាហ្មណ៍កំលោះម្នាក់ ឈ្មោះកាបទិកៈ អាយុទើបតែ ១៦ ឆ្នាំ បានចេះចាំគម្ពីរព្រាហ្មណ៍យ៉ាងច្រើន ហើយកាបទិកៈនេះឯង បានជាប្រមុខក្នុងការទូលសួរបញ្ហាចំពោះព្រះដ៏មានព្រះភាគ ។ បញ្ហាដែលកាបទិកៈទូលសួរព្រះដ៏មានព្រះភាគ គឺ -ការរក្សាសច្ចៈតើត្រឹមប៉ុន្មាន ។ -ការត្រាស់ដឹងសច្ចៈតើត្រឹមប៉ុន្មាន ។ -ការកើតឡើងនៃសច្ចៈតើត្រឹមប៉ុន្មាន ។ -ធម៌មានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈ ។ -ធម៌មានឧបការច្រើនដល់បធានគឺសេចក្ដីព្យាយាម ។ -ធម៌មានឧបការច្រើនដល់ការថ្លឹងថ្លែងពិចារណា ។ -ធម៌មានឧបការច្រើនដល់ឧស្សាហៈគឺការប្រឹងប្រែង ។ -ធម៌មានឧបការច្រើនដល់ឆន្ទៈគឺការពេញចិត្តនឹងធ្វើ ។ -ធម៌មានឧបការច្រើនដល់ការសម្លឹងមើលធម៌ ។ -ធម៌មានឧបការច្រើនដល់ការពិចារណាអត្ថ ។ -ធម៌មានឧបការច្រើនដល់ការចេះចាំធម៌ ។ -ធម៌មានឧបការច្រើនដល់ការស្ដាប់ធម៌ ។ -ធម៌មានឧបការច្រើនដល់ការផ្ចង់ត្រចៀក ។ -ធម៌មានឧបការច្រើនដល់ការចូលទៅអង្គុយជិត ។ -ធម៌មានឧបការច្រើនដល់ការចូលទៅរក ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សទ្ធាមានឧបការច្រើនដល់ការចូលទៅរក ការចូលទៅរកមានឧបការច្រើនដល់ការចូលទៅអង្គុយជិត ការចូលទៅអង្គុយជិតមានឧបការច្រើនដល់ការផ្ចង់ត្រចៀក ការផ្ចង់ត្រចៀកមានឧបការច្រើនដល់ការស្ដាប់ធម៌ ការស្ដាប់ធម៌មានឧបការច្រើនដល់ការចេះចាំនូវធម៌ ការចេះចាំនូវធម៌មានឧបការច្រើនដល់ការពិចារណានូវអត្ថ ការពិចារណានូវអត្ថមានឧបការច្រើនដល់ការសម្លឹងមើលធម៌ គឺសម្លឹងដឹងថា សីលព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ សមាធិព្រះអង្គទ្រង់ត្រាស់ទុកក្នុងទីនេះ ជាដើម ការសម្លឹងមើលធម៌មានឧបការច្រើនដល់ឆន្ទៈ គឺការពេញចិត្តនឹងធ្វើ ឆន្ទៈមានឧបការដល់ឧស្សាហៈគឺការប្រឹងប្រែង ឧស្សាហៈមានឧបការដល់ការថ្លឹងថ្លែងពិចារណា ( តុលេតីតិ ) គឺថ្លឹងថ្លែងពិចារណាការមិនទៀងជាដើមក្នុងសង្ខារធម៌ ការថ្លឹងថ្លែងពិចារណាមានឧបការច្រើនបធានគឺតាំងសេចក្ដីព្យាយាមក្នុងមគ្គ បធាន បទហិត ការតាំងសេចក្ដីព្យាយាមក្នុងមគ្គមានឧបការច្រើនដល់ការកើតឡើងនៃសច្ចៈគឺសច្ចានុប្បត្តិយា បានដល់ការសម្រេចនូវផលដែលជាលោកុត្តរវិបាក ។ ព្រះពុទ្ធអង្គត្រាស់សម្ដែងធម៌ ១២ ប្រការ ចាប់ពីសទ្ធាមកដល់បធាន អនុលោមក្នុងការពោលដល់មគ្គគឺការត្រាស់ដឹងសច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅក្នុងវារៈនៃការត្រាស់ដឹងសច្ចៈ គឺការសម្រេចអរិយមគ្គ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ( បហិតត្តោ ) ទើបធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់នូវបរមត្ថសច្ចនោះ ដោយបញ្ញាផង ។ ម្នាលភារទ្វាជៈ ការត្រាស់ដឹងនូវសច្ចៈមានត្រឹមប៉ុណ្ណេះឯង ។ អដ្ឋកថា ប្រាប់ថា ធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយកាយ ដោយសេចក្ដីថា ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយនាមកាយ ដែលជាសហជាតិ ហើយបានចាក់ធ្លុះ ឃើញច្បាស់នូវព្រះនិព្វាននោះ ដោយបញ្ញាក្នុងការលះបង់នូវកិលេសហ្នឹងឯង ។ ត្រង់បទថា ការត្រាស់ដឹងនូវសច្ចៈ គឺការត្រាស់ដឹងនូវមគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ ការរក្សាសច្ចៈ គឺបុគ្គលមានជំនឿក្ដី មានការគាប់ចិត្តក្ដី មានការស្ដាប់តាមគ្នាក្ដី មានការត្រិះរិះនូវអាការណាក្ដី មានការសម្លឹងពិនិត្យយល់ចូលចិត្តក្ដី កាលដែលនិយាយ ក៏និយាយទៅតាមដែលខ្លួនឯងមានជំនឿជាដើមនោះ ៗ ឈ្មោះថារក្សាសច្ចៈ តែមិនដល់ថ្នាក់ដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃជាមោឃៈឡើយ ។ នៅក្នុងទំព័រ ១៣៤ ព្រះដ៏មានព្រះភា ទ្រង់ត្រាស់សម្ដែងថា ម្នាលភារទ្វាជៈ មានសេចក្ដីតំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនៅក្នុងស្រុក ឬក្នុងនិគមណាមួយ ។ អដ្ឋកថា ប្រាប់ថាព្រះពុទ្ធអង្គទ្រង់សំដៅដល់ព្រះអង្គឯង នូវពាក្យថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូនគហបតី បានញ៉ាំងសទ្ធាឲ្យកើតឡើងក្នុងព្រះតថាគត ទើបចូលទៅរកហើយអង្គុយជិត ។ល។ នៅខាងចុងនៃព្រះសូត្រ កាបទិកមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា យើងខ្ញុំបានសួរនូវការរក្សាសច្ចៈធម៌នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការរក្សាសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការត្រាស់ដឹងនូវសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើ ក៏បានព្យាករនូវការត្រាស់ដឹងសច្ចៈហើយ ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវធម៌មានឧបការច្រើន ដល់ការកើតសច្ចៈហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករនោះ យើងខ្ញុំបានសួរ នូវប្រស្នាណា ៗ នឹងព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ក៏បានព្យាករនូវប្រស្នានោះ ៗ ហើយ ក៏ការព្យាករនោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោតក៏មានចិត្តត្រេកអរដោយការព្យាករនោះ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថាកាលពីដើមយើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មានសម្បុរខ្មៅ ជាកូនកើតមកអំពីព្រះបាទនៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតមដ៏ចម្រើន បាននាំខ្ញុំឲ្យមាន សេចក្ដីស្រឡាញ់ក្នុងពួកសមណៈ ឲ្យមានសេចក្ដីជ្រះថ្លាក្នុងពួកសមណៈ ឲ្យមានសេចក្ដីគោរព ក្នុងពួកសមណៈ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើនទ្រង់ជ្រាប នូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ |