អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៤,៤៨៧ ដង)
ប្រមាទខាតបង់ ឥធលោកបរលោក

|
តើសាធុជនទាំងឡាយដែលចូលមកអានញឹកញាប់ ធ្លាប់បានឃើញនិយាយទាក់ទងនឹងសេចក្តីប្រមាទ និង មិនប្រមាទ? ច្បាស់ជាឃើញញយដងហើយ ហើយប្រហែលជាគិតថាជាធម៌ដដែលៗ ធ្វើឲ្យគ្មានចំណាប់អារម្មណ៍។ បើគិតថាជាធម៌ដដែលៗនោះពិតជាត្រឹមត្រូវ តែបើគិតថាមិនគួរឲ្យចាប់អារម្មណ៍វិញ មិនត្រឹមត្រូវទេ ព្រោះក្នុងជីវិតប្រចាំថ្ងៃរបស់យើង តែងតែវិលវល់ចំណាប់អារម្មណ៍ជាមួយតែនឹងរឿងដដែលៗ ជារៀងរាល់ថ្ងៃ។ បរិភោគអាហារ ដដែលៗ, ដេក ដើរ ឈរ អង្គុយ ដដែលៗ, ធ្វើកិច្ចការងារ ដដែលៗ, ចំពោះអ្នកបរិភោគកាម រីករាយនឹងកាមគុណដដែលៗ ។ល។ ចំណែកឯធម៌មិនប្រមាទនេះ ក៏នៅតែមានដើម្បីដាស់តឿនសតិដដែលៗ ព្រោះមនុស្សនៅតែប្រព្រឹត្តខុស ភ្លាំងភ្លាត់ដដែលៗ ។
![]() ពេលដែលសាធុជនបានឃើញពាក្យថា “ មិនប្រមាទ” នេះ កុំទាន់បញ្ជូនចិត្ត បញ្ជូនអារម្មណ៍ ទៅរកឋានសួគ៌ និព្វាន អ្វី គួរតែសម្លឹងមើលស្ថានភាពក្នុងបច្ចុប្បន្ន ពេលនេះ ឥឡូវនេះ គឺកិច្ចការប្រចាំថ្ងៃរបស់យើងគ្រប់គ្នាថា បើសិនជារស់នៅដោយសេចក្តីប្រមាទ គឺការធ្វេសប្រហែស តើនឹងមានអ្វីកើតឡើងដល់ជីវិតប្រចាំថ្ងៃ? អ្នកបើកបរដែលមានសេចក្តីប្រមាទរមែងជួបឧបទ្ទវហេតុ មានបើកបរបុកគ្នា ធ្លាក់កន្លុក បុកសសេរភ្លើង ធ្លាក់ជ្រោះ ធ្លាក់ច្រាំងជាដើម មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងតែម្នាក់ទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ អ្នកធ្វើកិច្ចការអ្វីមួយដោយក្តីប្រមាទគឺគ្មានការប្រុងប្រយ័ត្ន មិនយកចិត្តទុកដាក់ ចំពោះកិច្ចការរបស់ខ្លួន នឹងទទួលការខាតបង់ ភ្លេចភ្លាំង កិច្ចការមិនបានល្អ ទាំងមិនបានចម្រើនទៅមុខតាមការគួរ។ ដូច្នេះធម៌មិនប្រមាទនេះជាធម៌ចាំបាច់បំផុតសម្រាប់ជីវិតមនុស្សក្នុងជីវភាពប្រចាំថ្ងៃ ដែលត្រូវតែលើកយកមកនិយាយឲ្យបានញឹកញាប់ ដើម្បីជាការជួយពញ្ញាក់ស្មារតីដល់គ្នានឹងគ្នា។ ប្រយោជន៍នៃសេចក្តីមិនប្រមាទគឺបានទាំងសង្ខាងគឺផ្លូវលោកនិងផ្លូវធម៌។ កុសលធម៌ទាំងឡាយអាចតាំងនៅបានដោយសេចក្តីមិនប្រមាទ បើបុគ្គលរស់នៅដោយសេចក្តីប្រមាទគឺការប្រហែសធ្វេស ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ស្លាប់ទាំងរស់ ស្អុយទាំងស្រស់ ដូចមានព្រះគាថាដែលដកស្រង់ចេញពីធម្មបទដ្ឋកថាខាងក្រោមនេះ៖ ![]() អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា ឯតំ វិសេសតោ ញត្វា អប្បមាទមិ្ហ បណិ្ឌតា អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា ផុស្សនិ្ត ធីរា និព្វានំ យោគក្ខេមំ អនុត្តរនិ្ត ។ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចកី្តមិនស្លាប់, សេចកី្តប្រមាទជាផ្លូវនៃសេចកី្តស្លាប់, អ្នកដែលមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់, អ្នកដែលប្រមាទប្រៀបដូចជាបុគ្គល ដែលស្លាប់ទៅហើយ, បណិ្ឌតទាំងឡាយដឹងរឿងនេះដោយវិសេសហើយ ទើបតាំងនៅក្នុងសេចកី្តមិនប្រមាទ ហើយរីករាយក្នុងសេចកី្តមិនប្រមាទ, ត្រេកអរក្នុង ធម៌ជាទីគោចររបស់ព្រះអរិយៈទាំងឡាយ, បណិ្ឌតអ្នកមិនប្រមាទទាំងនោះ ជាអ្នកមានឈាន មានសេចកី្តព្យាយាមមានការប្រឹងប្រែងជាប់ជានិច្ច ជាអ្នកបា្រជ្ញតែងពាល់ត្រូវនូវព្រះនិព្វាន ដែលជាឋានក្សេមចាកយោគៈដ៍ប្រសើរ។ បមាទមនុយុញ្ជនិ្ត ពាលាទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំសេដ្ឋំវ រក្ខតិ ។ មា បមាទមនុយញ្ជេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលំ សុខំ ។ ![]() ពួកជនពាល មានបញ្ញាល្ងង់ខ្លៅ រមែងតាមប្រកបនូវសេចកី្តប្រមាទ, ចំណែកអ្នកប្រាជ្ញវិញ តែងរក្សាទុកនូវសេចកី្តមិនប្រមាទ ដូចជាបុគ្គលរក្សាទ្រព្យដ៏ប្រសើរទុក យ៉ាងនោះឯង ។អ្នកទាំងឡាយ ចូរកុំតាមប្រកបសេចកី្តប្រមាទឡើយ, ចូរកុំតាមប្រកបនូវសេចកី្តត្រេកអរក្នុងកាមឡើយ, ព្រោះថា អ្នកដែលមិនប្រមាទហើយ រំពឹងពិចារណាត្រិះរិះនឹងបានសម្រេចនូវសេចកី្តសុខដ៏ប្រសើរ ។ បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ បព្វតដោ្ឋវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។ ពេលណា បណិ្ឌតកំចាត់បង់នូវសេចកី្តប្រមាទ ដោយសេចកី្តមិនប្រមាទ,ពេលនោះ បណិ្ឌតនោះនឹងឡើងទៅដល់បញ្ញា ដូចជាបា្រសាទ មិនមានសេចកី្តសោកសៅតែងមើលឃើញនូវពួកសត្វ ដែលមានសេចកី្តសោកសៅ អ្នកមានបញ្ញា រមែងមើលឃើញនូវបុគ្គលពាលទាំងឡាយ ដូចជាបុគ្គលដែលឈរនៅលើកំពូលភំ្នមើលឃើញនូវបុគ្គលដែលឈរនៅលើផែនដីយ៉ាងនោះឯង ។ កាលព្រះសម្មាសម្ពុទ្ធទៀបនឹងបរិនិព្វាន ព្រះអង្គក៏ទ្រង់បានលើកយកមករំលឹកជាលើកចុងក្រោយម្តងទៀតនូវអប្បមាទធម៌នេះ ដែលយើងតែងតែដឹងថាជា បច្ឆិមពុទ្ធវចនៈ គឺព្រះវាចាចុងក្រោយបង្អស់របស់ព្រះសម្មាសម្ពុទ្ធ ព្រោះតែព្រះធម៌នេះមានសារៈសំខាន់ចាំបាច់នោះឯង។ ដោយ៥០០០ឆ្នាំ |