ថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧២,៤៦១
Today
ថ្ងៃម្សិលមិញ ២៤២,៣៣៩
ខែនេះ ៥៥២,១៧១
សរុប ៣៥៧,៣៩៦,១៤៥
Flag Counter
អានអត្ថបទ
ផ្សាយ : ២១ មករា ឆ្នាំ២០២៣ (អាន: ៦,១២៧ ដង)

មច្ឆជាតក



ស្តាប់សំឡេង

 

រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ

ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។

ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។   

ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។

ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។

វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។

ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។

លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។

ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក     ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថា ក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។

គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា

អភិត្ថនយ បជ្ជុន្ន            និធឹ កាកស្ស នាសយ 
កាកំ សោកាយ រន្ធេហិ    មញ្ច សោកា បមោចយ ។

បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។

បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ 

បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។

បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង  ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។   

ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។

ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជ បានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕

ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២)
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៣៧៩ ដង)
រឿង​សិ​រី​លក្ខ​ណ​ព្រាហ្មណ៍​
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥០,៧៧៧ ដង)
សត្វសេកចម្រើនសតិប្បដ្ឋាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕