សាធិនជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបាសកទាំងឡាយ ដែលសមាទានឧបោសថ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អព្ភុតោ វត លោកស្មិំ ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសកទាំងឡាយ បោរាណបណ្ឌិតបានអាស្រ័យឧបោសថកម្មរបស់ខ្លួន ហើយទៅកាន់ទេវលោកដោយសរីរៈជារបស់មនុស្ស និងនៅអស់កាលយូរ ដូច្នេះហើយ ទ្រង់ដែលឧបាសកទាំងឡាយនោះសូមអង្វរហើយ ទើបនាំអតីតនិទានមកថាៈ
ក្នុងអតីតកាល ព្រះរាជាព្រះនាម សាធិនៈ សោយរាជសម្បត្តិ ប្រកបដោយធម៌ ក្នុងនគរមិថិលា ។ ព្រះរាជានោះឲ្យគេកសាងសាលា ៦ កន្លែង គឺ ត្រង់ទ្វារនគរ ៤ កន្លែង ត្រង់កណ្ដាលនគរ ១ កន្លែង និង ទ្រង់ទ្វារនិវេសន៍ ១ កន្លែង ទ្រង់ធ្វើជម្ពូទ្វីបទាំងមូលឲ្យលើកនង្គលឡើង (រក្សានង្គ័លលែងភ្ជួររាស់) ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដោយចំណាយព្រះរាជទ្រព្យ ៦០០០០០ រាល់ៗថ្ងៃ ទ្រង់រក្សាសីល ៥ និង ឧបោសថ ។ សូម្បីអ្នកដែនក៏ឋិតនៅក្នុងឱវាទរបស់ព្រះរាជានោះ ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម កាលធ្វើកាលកិរិយាហើយបានកើតក្នុងទេវនគរ ។ ទេវតាទាំងឡាយដែលអង្គុយត្រៀបត្រាក្នុងសុធម្មទេវសភា នាំគ្នាពណ៌នាសីលគុណជាដើម របស់ព្រះរាជាសាធិនៈ ។ សូម្បីទេវតាដ៏សេសស្ដាប់ពាក្យនោះហើយជាអ្នកប្រាថ្នានឹងឃើញព្រះរាជានោះ ។ សក្កទេវរាជបានដឹងចិត្តរបស់ទេវតាទាំងនោះ ហើយពោលថា អ្នកទាំងឡាយប្រាថ្នានឹងឃើញនូវសាធិនរាជ ឬ ? ពួកទេវតាពោលថា ព្រះករុណា ទេវរាជ ។ ស្ដេចសក្កៈបញ្ជាមាតលីថា អ្នកចូរទៅ ដោយប្រកបវេជយន្តរថ ហើយនាំសាធិនរាជ មក ។ ព្រះមាតលីទទួលថា សាធុ ហើយប្រកបនូវរថទៅកាន់វិទេហរដ្ឋ ពេលនោះជាថ្ងៃពេញបូណ៌មី ។ ព្រះមាតលីបររថ ឲ្យទៅជាមួយនឹងមណ្ឌលព្រះចន្ទ ក្នុងកាលដែលមនុស្សទាំងឡាយបរិភោគអាហារពេលល្ងាចរួច អង្គុយប្រជុំគ្នាពោលកថា ដែលជាសុខត្រង់ទ្វារផ្ទះ ។ មនុស្សទាំងឡាយពោលថា ព្រះចន្ទ ២ ដួងតាំងឡើង ពេលឃើញរថដែលកំពុងមក ដោយការលះបង់មណ្ឌលព្រះចន្ទហើយ ទើបពោលម្ដងទៀតថា នេះមិនមែនព្រះចន្ទទេ នោះគឺជារថ ប្រាកដជាទេវបុត្រនាំរថជាទិព្វ ដែលប្រកបដោយសិន្ធពមនោម័យមក ដើម្បីអ្នកណា មិនដើម្បីអ្នកដទៃឡើយ ដើម្បីព្រះរាជារបស់យើង ព្រោះថា ព្រះរាជារបស់យើងជា ធម្មិករាជ ជាធម្មរាជា ដូច្នេះហើយ មានសេចក្ដីសោមនស្ស ផ្គងអញ្ជលី ពោលគាថាទី ១ ថា អព្ភុតោ វត លោកស្មិំ, ឧប្បជ្ជិ លោមហំសនោ; ទិព្ពោ រថោ បាតុរហុ, វេទេហស្ស យសស្សិនោ។ ចម្លែកណាស់តើ គួរ្យឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស ។ គាថានោះមានសេចក្ដីថា ឱហ្ន៎អស្ចារ្យណាស់ ព្រះរាជារបស់យើង ការព្រឺរោមកើតឡើងក្នុងលោក រថជាទិព្វរមែងប្រាកដដល់ព្រះបាទវិទេហៈដ៏ទ្រង់យស ។ ចំណែកព្រះមាតលីនាំរថនោះមកហើយ កាលមនុស្សទាំងឡាយបូជា ដោយគ្រឿងក្រអូបនិងកម្រងផ្កាជាដើម ក៏ធ្វើប្រទក្សិណនគរ ៣ ជុំ រួចទៅកាន់ទ្វាររាជនិវេសន៍របស់ព្រះរាជា ញ៉ាំងរថឲ្យបែរត្រឡប់ ទើបឋិតនៅត្រង់ធរណីទ្វារសីហបញ្ជរ ដោយចំណែកខាងក្រោយ ធ្វើការត្រៀមជណ្ដើរ ។ ថ្ងៃនោះ សូម្បីព្រះរាជា កាលទ្រង់សម្លឹងសាលាទានជាដើម បានបញ្ជាថា អ្នកទាំងឡាយចូរឲ្យទានដោយនិយាមនេះ ហើយទ្រង់សមាទានឧបោសថ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ទ្រង់ឡោមព័ទ្ធដោយពួកអាមាត្យ ប្រថាប់ដោយបែរព្រះភក្ត្រឆ្ពោះទៅសីហបញ្ជរទិសខាងកើត សម្ដែងកថាប្រកបដោយធម៌ ក្នុងសាលាដែលគេប្រដាប់តាក់តែងហើយ ។ លំដាប់នោះ ព្រះមាតលីទូលអញ្ជើញព្រះអង្គឲ្យឡើងលើរថ ហើយនាំទៅ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថាទាំងឡាយថា
ទេវបុត្តោ មហិទ្ធិកោ, មាតលិ ទេវសារថិ; និមន្តយិត្ថ រាជានំ, វេទេហំ មិថិលគ្គហំ។ ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា ឯហិមំ រថមារុយ្ហ, រាជសេដ្ឋ ទិសម្បតិ; ទេវា ទស្សនកាមា តេ, តាវតិំសា សឥន្ទកា; សរមានា ហិ តេ ទេវា, សុធម្មាយំ សមច្ឆរេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរងចាំក្នុរោងឈ្មោះសុធម្មា ។ តតោ ច រាជា សាធិនោ, វេទេហោ មិថិលគ្គហោ; សហស្សយុត្តមារុយ្ហ, អគា ទេវាន សន្តិកេ; តំ ទេវា បដិនន្ទិំសុ, ទិស្វា រាជានមាគតំ។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា ស្វាគតំ តេ មហារាជ, អថោ តេ អទុរាគតំ; និសីទ ទានិ រាជីសិ, ទេវរាជស្ស សន្តិកេ។ បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូម្បីព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ ។ សក្កោបិ បដិនន្ទិត្ថ, វេទេហំ មិថិលគ្គហំ; និមន្តយិត្ថ កាមេហិ, អាសនេន ច វាសវោ។ ឯព្រះឥន្ទក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា សាធុ ខោសិ អនុប្បត្តោ, អាវាសំ វសវត្តិនំ; វស ទេវេសុ រាជីសិ, សព្ពកាមសមិទ្ធិសុ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា សមច្ឆរេ សេចក្ដីថា នៅរងចាំ ។ បទថា អគា ទេវាន សន្តិកេ សេចក្ដីថា ទៅកាន់សម្នាក់ទេវតា ។ ក្នុងពេលនោះ កាលព្រះរាជាឡើងកាន់រថហើយឋិតនៅ រថបានស្ទុះទៅកាន់អាកាស ព្រះរាជានោះ ដែលមហាជនកំពុងមើល ក៏បានបាត់ទៅ ។ ព្រះមាតលីនាំព្រះរាជាទៅកាន់ទេវលោក ។ ទេវតា និងស្ដេចសក្កៈបានឃើញព្រះរាជាហើយ មានចិត្តត្រេកអរ នាំគ្នាក្រោកទទួល និងធ្វើបដិសណ្ឋារៈ ។ ដើម្បីសម្ដែងសេចក្ដីនោះ លោកទើបពោលថា តំ ទេវ ដូច្នេះជាដើម ។ បទថា បដិនន្ទិំសុ សេចក្ដីថា ត្រេកអររឿយៗ ។ បទថា អាសនេន ច សេចក្ដីថា ព្រះឥន្ទឱបព្រះរាជា ហើយអញ្ជើញដោយបណ្ឌុកម្ពលសិលាសនៈ និងដោយកាមទាំងឡាយរបស់ខ្លួនថា សូមអង្គុយទីនេះ រួចហើយក៏បែងចែករាជសម្បត្តិពាក់កណ្ដាល ឲ្យព្រះរាជាអង្គុយលើអាសនៈជាមួយគ្នា ។ កាលព្រះបាទសាធិនៈសោយរាជសម្បត្តិ ដែលសក្កទេវរាជបែងចែកទេវនគរ ដែលមានទំហំ ១០០០០ យោជន៍ ស្រីទេពអប្សរ ២ កោដិកន្លះ និងវេជយន្តប្រាសាទ ពាក់កណ្ដាល ប្រទានឲ្យ អស់កាល ៧០០ ឆ្នាំដោយការរាប់ឆ្នាំមនុស្ស ឲ្យកន្លងទៅ ។ ព្រះអង្គនៅក្នុង ទេវលោកដោយអត្តភាពនោះ កាលអស់បុណ្យហើយ ក៏កើតសេចក្ដីមិនត្រេកអរ ព្រោះហេតុនោះ កាលចរចាជាមួយនឹងស្ដេចសក្កៈ ទើបពោលគាថា ថា អហំ បុរេ សគ្គគតោ រមាមិ, នច្ចេហិ គីតេហិ ច វាទិតេហិ; សោ ទានិ អជ្ជ ន រមាមិ សគ្គេ, អាយុំ នុ ខីណោ មរណំ នុ សន្តិកេ; ឧទាហុ មូឡ្ហោស្មិ ជនិន្ទសេដ្ឋ។ កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំ ចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង ។ បណ្ដាបទទាំងនោះ បទថា អាយុំ នុ ខីណោ សេចក្ដីថា ព្រះបាទសាធិនៈសួរថា ជីវិតិន្ទ្រិយ៍ក្នុងសរីរៈរបស់ខ្ញុំអស់ហើយឬ ឬថា ជីវិតិន្ទ្រិយ៍នឹងកើតក្នុងទីជិតនៃមរណៈដោយអំណាចនៃឧបច្ឆេទកកម្ម ។ បទថា ជនិន្ទសេដ្ឋ សេចក្ដីថា បពិត្រព្រះអង្គដែលប្រសើរជាងជន និងទេវតាទាំងឡាយ ។ លំដាប់នោះ ស្ដេចសក្កៈពោលថា ន តាយុ ខីណំ មរណញ្ច ទូរេ, ន ចាបិ មូឡ្ហោ នរវីរសេដ្ឋ; តុយ្ហញ្ច បុញ្ញានិ បរិត្តកានិ, យេសំ វិបាកំ ឥធ វេទយិត្ថោ។ បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គ មិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គតិច ។ វស ទេវានុភាវេន, រាជសេដ្ឋ ទិសម្បតិ; តាវតិំសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។ បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តិង្សចុះ ។ បណ្ដាបទទាំងនោះ បទថា បរិត្តកានិ សេចក្ដីថា សក្កទេវរាជពោលសំដៅយកបុណ្យទាំងឡាយដែលឲ្យវិបាក ក្នុងទេវលោកដោយអត្តភាពនោះ តែថាបុណ្យដទៃទៀតរបស់ព្រះបាទសាធិនៈច្រើនប្រមាណមិនបាន បីដូចជាធូលីក្នុងផែនដី ។ បទថា វស ទេវានុភាវេន សេចក្ដីថា សក្កទេវរាជលួងលោមព្រះពោធិសត្វដោយពោលថា ខ្ញុំចែកបុណ្យទាំងឡាយពាក់កណ្ដាលរបស់ខ្ញុំដល់ព្រះអង្គ សូមព្រះអង្គនៅដោយទេវានុភាពរបស់ខ្ញុំចុះ ។ លំដាប់នោះ ព្រះមហាសត្វកាលហាមឃាត់ ទើបពោលថា យថា យាចិតកំ យានំ, យថា យាចិតកំ ធនំ; ឯវំសម្បទមេវេតំ, យំ បរតោ ទានបច្ចយា។ យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ន ចាហមេតមិច្ឆាមិ, យំ បរតោ ទានបច្ចយា; សយំកតានិ បុញ្ញានិ, តំ មេ អាវេណិកំ ធនំ។ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះទុកជាទ្រព្យ របស់ខ្ញុំជាប់តាមខ្លួន ។ សោហំ គន្ត្វា មនុស្សេសុ, កាហាមិ កុសលំ ពហុំ; ទានេន សមចរិយាយ, សំយមេន ទមេន ច; យំ កត្វា សុខិតោ ហោតិ, ន ច បច្ឆានុតប្បតិ។ ខ្ញុំនោះនឹងទៅធ្វើកុសលច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥទ្រ្ទិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ។ លំដាប់នោះ សក្កទេវរាជបានស្ដាប់ពាក្យរបស់ព្រះរាជានោះហើយ ទើបបញ្ជាមាតលីថា ម្នាលអ្នក ចូរទៅ ហើយនាំសាធិនរាជទៅកាន់ក្រុងមិថិលា ឲ្យស្ដេចចុះក្នុងឧទ្យាន ។ ព្រះមាតលីក៏បានធ្វើយ៉ាងនោះ ។ ព្រះរាជាយាងចង្ក្រមក្នុងឧទ្យាន ។ គ្រានោះ នាយឧទ្យានបាល ឃើញព្រះរាជាហើយ ទូលសួរ រួចហើយក៏ទៅប្រាប់ដល់ព្រះបាទនារទៈ។ ព្រះបាទនារទៈនោះ ស្ដាប់នូវការមក របស់ព្រះរាជាហើយ ទ្រង់បញ្ជូនឧទ្យានបាលថា អ្នកចូរទៅមុនចុះ ចូររៀបចំឧទ្យាន និងចាត់ចែងអាសនៈ ២ សម្រាប់យើង និងព្រះរាជាសាធិនៈ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ លំដាប់នោះ ព្រះរាជាសាធិនៈសួរឧទ្យានបាលថា អ្នករៀបចំអាសនៈ ២ ដើម្បីអ្នកណា ? ឧទ្យានបាលពោលថា ដើម្បីព្រះអង្គ ១ ដើម្បីព្រះរាជារបស់ខ្ញុំ ១ ។ ព្រះរាជាពោលថា សត្វដទៃណា នឹងអង្គុយលើអាសនៈក្នុងសម្នាក់យើង ដូច្នេះហើយ ទើបទ្រង់អង្គុយលើអាសនៈមួយ ហើយដាក់ព្រះបាទលើអាសនៈមួយ ។ ព្រះបាទនារទៈយាងមកហើយ ថ្វាយបង្គំព្រះបាទរបស់ព្រះបាទសាធិនៈ រួចក៏អង្គុយនៅកន្លែងមួយ ។ បានឮមកថា ព្រះបាទនារទៈនោះត្រូវជាចៅ (ជំនាន់) ទី ៧ របស់ព្រះបាទសាធិនៈ បានឮមកទៀតថា ក្នុងសម័យនោះ ជាកាលនៃមនុស្សដែលមានអាយុ ១០០ ឆ្នាំ ។ ចំណែកព្រះមហាសត្វបានញ៉ាំងកាលដែលមានប្រមាណប៉ុណ្ណេះ ឲ្យកន្លងទៅ ដោយកម្លាំងបុណ្យរបស់ខ្លួន ។ ព្រះពោធិសត្វកាន់ដៃព្រះបាទនារទៈ ហើយត្រាច់ទៅក្នុងឧទ្យាន រួចក៏ពោល ៣ គាថា ថា ឥមានិ តានិ ខេត្តានិ, ឥមំ និក្ខំ សុកុណ្ឌលំ; ឥមា តា ហរិតានូបា, ឥមា នជ្ជោ សវន្តិយោ។ ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌលដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ។ ឥមា តា បោក្ខរណី រម្មា, ចក្កវាកបកូជិតា; មន្ទាលកេហិ សញ្ឆន្នា, បទុមុប្បលកេហិ ច; យស្សិមានិ មមាយិំសុ, កិំ នុ តេ ទិសតំ គតា។ ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាក (សត្វប្រវឹក, ព្រវែក : សត្វចាក្រពាក [ច្រើនប្រើតែក្នុងកាព្យ] ) យំហើយ ដ៏ដេរដាសដោយចង្កុលណី (ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬជាបួនទៅទៀតក៏មាន) ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ អស់ផងទាំងនោះ ទៅកាន់ទិសណាហ្ន៎ ។ តានីធ ខេត្តានិ សោ ភូមិភាគោ, តេយេវ អារាមវនូបចារា; |