អានអត្ថបទ
ផ្សាយ : ០៣ កញ្ញា ឆ្នាំ២០២២ (អាន: ៥,៩៧២ ដង)
គិជ្ឈជាតក

|
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ទុព្វចភិក្ខុមួយរូប បានត្រាស់ព្រះធម្ម-ទេសនានេះមានពាក្យថា បរិសង្កុបថោ នាម ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះជាកុលបុត្រមួយរូប សូម្បីបួសក្នុងសាសនាដែលដឹកនាំឲ្យរួចផុតចាកទុក្ខហើយ កាលអាចារ្យ ឧបជ្ឈាយ៍ និងសព្រហ្មចារីទាំងឡាយដែលជាអ្នកប្រាថ្នាប្រយោជន៍ពោលប្រៀនប្រដៅថា
ដោយ៥០០០ឆ្នាំលោកគប្បីឈានទៅយ៉ាងនេះ គប្បីថយត្រឡប់យ៉ាងនេះ គប្បីសម្លឹងមើលយ៉ាងនេះ គប្បីមៀងមើលយ៉ាងនេះ គប្បីដាក់ដៃជើងយ៉ាងនេះ គប្បីលាតលាយ៉ាងនេះ គប្បីស្លៀកយ៉ាងនេះ គប្បីដណ្ដប់យ៉ាងនេះ គប្បីកាន់បាត្រយ៉ាងនេះ គប្បីទទួលភត្តតែល្មមមួយចម្អែត ត្រូវពិចារណាហើយសឹមបរិភោគ គប្បីជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ គប្បីដឹងប្រមាណក្នុងភោជន គប្បីប្រកបដោយសេចក្ដីភ្ញាក់រលឹក គប្បីដឹងថា នេះជាអាគន្តុកវត្ត នេះជាគមិកវត្ត ទាំងនេះជាខន្ធកវត្ត ១៤ ទាំងនេះជាមហាវត្ត ៨០ លោកគប្បីប្រព្រឹត្តឲ្យល្អក្នុងវត្តទាំងនោះ គប្បីសមាទានធុតង្គគុណ ១៣ ដូច្នេះ ភិក្ខុនោះជាអ្នកដែលគេប្រដៅក្រ មិនអត់ធន់នឹងឱវាទ មិនកាន់យកពាក្យប្រៀនប្រដៅជាចំណែកខាងស្ដាំ មិនធ្វើតាមពាក្យទូន្មាន ។ លោកពោលត្រឡប់ថា ខ្ញុំមិនពោលនឹងលោក ព្រោះហេតុអ្វី លោកទាំងឡាយទើបពោលនឹងខ្ញុំ ខ្ញុំប៉ុណ្ណោះដឹងអំពើជាប្រយោន៍ និងមិនជាប្រយោជន៍ដែលជារបស់ខ្លួនហើយ ដូច្នេះទើបធ្វើខ្លួនឲ្យជាអ្នកដែលគេពោលស្ដីថាមិនបាន ។ លំដាប់នោះ ភិក្ខុទាំងឡាយដឹងភាពជាអ្នកប្រដៅក្ររបស់ភិក្ខុនោះហើយ ទើបអង្គុយពោលពាក្យមិនជាគុណរបស់ភិក្ខុនោះក្នុងធម្មសភា ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គក៏ឲ្យហៅភិក្ខុនោះមក ហើយសួរបញ្ជាក់ថា ម្នាលភិក្ខុ បានឮថា អ្នកជាបុគ្គលប្រដៅក្រ ពិតមែនឬ ? ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពលត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី ដែលអ្នកបានបួសក្នុងនិយ្យានិកសាសនានេះហើយ មិនធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចឹង សូម្បីក្នុងកាលមុន អ្នកក៏មិនធ្វើតាមពាក្យបណ្ឌិតទាំងឡាយ បានក្លាយជាលម្អិតតូចធំ ក្នុងមាត់ខ្យល់វេរម្ភៈ យ៉ាងនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត លើភ្នំគិជ្ឈកូដ ។ កូនរបស់ព្រះពោធិសត្វនោះជាស្ដេចត្មាតមានឈ្មោះថា សុបត្តៈ មានត្មាតច្រើនពាន់ជាបរិវារ ជាអ្នកដល់ព្រមដោយកម្លាំង ។ សុបត្តត្មាតនោះចិញ្ចឹមមាតាបិតា ព្រោះជាអ្នកមានកម្លាំងខ្លាំង ទើបហើរទីកាន់ទីដ៏សែនឆ្ងាយ ។ លំដាប់នោះ ត្មាតជាបិតាពោលប្រៀនប្រដៅគេថា នែកូន អ្នកកន្លងឋានប្រមាណប៉ុណ្ណេះហើយ មិនគប្បីទៅទៀតឡើយ ។ ស្ដេចត្មាតសុបត្តៈនោះសូម្បីពោលថា ល្អហើយ ក៏ដោយ តែថ្ងៃមួយ កាលភ្លៀងបង្អុរចុះ ស្ដេចត្មាតនោះហើរទៅជាមួយនឹងត្មាតទាំងឡាយ ហើយបានលះបង់ត្មាតដ៏សេស ហើរទៅកាន់ទីដ៏ខ្ពស់ ក៏ដល់មាត់ខ្យល់វេរម្ភៈ (ត្រូវខ្យល់វេរម្ភៈបោកបក់កម្ទេច) បានដល់នូវភាពជាលម្អិតតូចធំ ។ ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទើបត្រាស់អភិសម្ពុទ្ធគាថាទាំងឡាយនេះថា បរិសង្កុបថោ នាម, គិជ្ឈបន្ថោ សនន្តនោ; តត្រាសិ មាតាបិតរោ, គិជ្ឈោ បោសេសិ ជិណ្ណកេ; តេសំ អជគរមេទំ, អច្ចហាសិ ពហុត្តសោ។ មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមក តាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតា ដែលចាស់ជរា នៅក្នុងផ្លូវនោះ ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះ ដោយច្រើន ។ បិតា ច បុត្តំ អវច, ជានំ ឧច្ចំ បបាតិនំ; សុបត្តំ ថាមសម្បន្នំ, តេជស្សិំ ទូរគាមិនំ។ ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈ ជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន ។ បរិប្លវន្តំ បថវិំ, យទា តាត វិជានហិ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មក អំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយ អំពីទីនេះឡើយ ។ ឧទបត្តោសិ វេគេន, ពលី បក្ខី ទិជុត្តមោ; ឱលោកយន្តោ វក្កង្គោ, បព្ពតានិ វនានិ ច។ (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកម្លាំងដ៏ប្រសើរជាងទិជជាតិ (សត្វដែលកើត២ដង សំដៅដល់សត្វដែលកើតក្នុងស៊ុត) ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ ។ អទ្ទស្ស បថវិំ គិជ្ឈោ, យថាសាសិ បិតុស្សុតំ; សាគរេន បរិក្ខិត្តំ, ចក្កំវ បរិមណ្ឌលំ។ ត្មាត (ឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតា ដែលខ្លួនបានឮមកហើយ ។ តញ្ច សោ សមតិក្កម្ម, បរមេវច្ចវត្តថ; តញ្ច វាតសិខា តិក្ខា, អច្ចហាសិ ពលិំ ទិជំ។ ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកម្លាំងនោះ ខ្ទេចខ្ទីអស់ទៅ ។ នាសក្ខាតិគតោ បោសោ, បុនទេវ និវត្តិតុំ; ទិជោ ព្យសនមាបាទិ, វេរម្ភានំ វសំ គតោ។ បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុឌ្ឍានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; ស វេ ព្យសនំ បប្បោតិ, អកត្វា វុឌ្ឍសាសនំ។ ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅ របស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកម្លាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់ ។ បណ្ដាបទទាំងនោះ បទថា បរិសង្កុបថោ គឺសង្កុបថោ ។ មនុស្សទាំងឡាយកាលទៅដើម្បីរកមាសនិងប្រាក់ បានបោះបង្គោលក្នុងទីនោះ ចងខ្សែនឹងបង្អោលនោះហើយទៅ ព្រោះហេតុនោះ ទីនោះជាផ្លូវដែលទៅដោយស្មង លើភ្នំគិជ្ឈកូដនោះ លោកទើបហៅថា សង្កុបថៈ ។ បទថា គិជ្ឈបន្ថោ បានដល់ ផ្លូវធំលើកំពូលភ្នំគិជ្ឈកូដ ។ បទថា សនន្តនោ ប្រែថា តាំងអំពីបុរាណ ។ បទថា តត្រាសិ សេចក្ដីថា មានត្មាតមួយនៅនឹងសង្កុបថៈ លើកំពូលភ្នំគិជ្ឈកូដ ត្មាតនោះចិញ្ចឹមមាតាបិតាដែលចាស់ជរា ។ បទថា អជគរមេទំ បានដល់ ខ្លាញ់ខាប់ពស់ថ្លាន់ ។ បទថា អច្ចហាសិ សេចក្ដីថា នាំមកដ៏ច្រើន ។បទថា ពហុត្តសោ បានដល់ ដោយច្រើន។ បទថា ជានំ ឧច្ចំ បបាតិនំ សេចក្ដីថា ត្មាតជាបិតាបានស្ដាប់ថា កូនរបស់លោកហក់លោតកាន់ទីដ៏ខ្ពស់ ទើបដឹងថា សុបត្តត្មាតនេះឡើងកាន់ទីខ្ពស់ ។ បទថា តេជស្សិំ សេចក្ដីថា ដល់ព្រមដោយតេជះរបស់បុរស ។ បទថា ទូរគាមិនំ សេចក្ដីថា ទៅឆ្ងាយដោយតេជះនោះឯង ។ បទថា បរិប្លវន្តំ សេចក្ដីថា អណែ្តតលើទឹក ដូចជាស្លឹកឈូក ។ បទថា វិជានហិ សេចក្ដីថា អ្នកដឹង ។ បទថា ចក្កំវ បរិមណ្ឌលំ សេចក្ដីថា ត្មាតបិតាពោលប្រៀនប្រដៅយ៉ាងនេះថា កាលណាជម្ពូទ្វីបនេះ ដែលកំណត់ដោយសមុទ្រ ឋិតនៅក្នុងទីណា ប្រាកដដូចមណ្ឌលចក្រដល់អ្នកណា នែកូន អ្នកចូរត្រឡប់អំពីទីនោះ ។ បទថា ឧទបត្តោសិ សេចក្ដីថា ត្មាតសុបត្តៈមិនធ្វើតាមឱវាទរបស់បិតា ថ្ងៃមួយ ហើរទៅជាមួយនឹងត្មាតទាំងឡាយ លះបង់ត្មាតទាំងនោះ ទៅដល់ទីដែលបិតាប្រាប់ ។ បទថា ឱលោកយន្តោ សេចក្ដីថា សុបត្តត្មាត ដល់ទីនោះហើយ ក្រឡេកមើលខាងក្រោម ។ បទថា វក្កង្គោ ប្រែថា ងាកក ។ បទថា យថាសាសិ បិតុស្សុតំ សេចក្ដីថា បានស្ដាប់មកអំពីសម្នាក់បិតាយ៉ាងណា ក៏បានមើលឃើញយ៉ាងនោះ បាឋៈថា យថាស្សាសិ ក៏មាន ។ បទថា បរមេវច្ចវត្តថ សេចក្ដីថា ហើរកន្លងហួសដែនដែលបិតាប្រាប់ហើយ ទៅខាងមុខទៀត ។ បទថា តញ្ច វាតសិខា តិក្ខា សេចក្ដីថា ខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតជាទិជជាតិ ដែលជាអ្នកមិនធ្វើតាមឱវាទសូម្បីមានកម្លាំង ធ្វើឲ្យខ្ទេចខ្ទី ។ បទថា នាសក្ខាតិគតោ សេចក្ដីថា មិនអាចនឹងត្រឡប់មកវិញបាន ។ បទថា បោសោ ប្រែថា សត្វ ។ បទថា អនោវាទករេ សេចក្ដីថា កាលស្ដេចត្មាតសុបត្តៈជាទិជជាតិនោះ មិនធ្វើតាមឱវាទរបស់បណ្ឌិតទាំងឡាយ ត្មាតទាំងនោះសូម្បីទាំងអស់ក៏ដល់នូវសេចក្ដីទុក្ខដ៏ធំ ។ បទថា អកត្វា វុឌ្ឍសាសនំ សេចក្ដីថា មិនធ្វើតាមពាក្យរបស់បិតាដែលជាអ្នកប្រាថ្នាសេចក្ដីចម្រើន និងប្រយោជន៍ រមែងដល់សេចក្ដីទុក្ខធំយ៉ាងនេះ ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកចូរកុំដូចសត្វត្មាតនោះឡើយ អ្នកចូរធ្វើតាមពាក្យរបស់អ្នកប្រាថ្នាប្រយោជន៍ចុះ ។ ភិក្ខុនោះកាលព្រះសាស្ដាឲ្យឱវាទយ៉ាងនេះហើយ ចាប់ពីពេលនោះមក លោកក៏ជាអ្នកដែលគេទូន្មានបានដោយល្អ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា ទុព្ពចគិជ្ឈោ ឯតរហិ ទុព្ពចភិក្ខុ អហោសិ ទុព្វចត្មាតក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ គិជ្ឈបិតា បន អហមេវ អហោសិំ ចំណែកត្មាតជាបិតា គឺ តថាគត នេះឯង ។ ចប់ គិជ្ឈជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៥) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. |