អានអត្ថបទ
ផ្សាយ : ១៩ សីហា ឆ្នាំ២០២១ (អាន: ២,៤៣១ ដង)
អ្នកចូរលះនូវកាមគុណ ៥

|
៙.បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះរាហុល )
៙.អ្នកចូរលះនូវកាមគុណ ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីត្រេកអរនៃចិត្ត ចេញចាកផ្ទះចូលកាន់ផ្នួស បួសដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃសេចក្ដីទុក្ខចុះ ៕៚ ( បិ.៥៤/ទំ.១០៨ )
៙.ទាំងមនុស្ស ទាំងសត្វ តែងគិតពីខ្លួនឯង ទោះបីទេវតា យក្ខ មារ ក៏ដោយ នេះពោលអំពីអានុភាពនៃអត្តានុទិដ្ឋិ ។ មនុស្សយើង បើលះអត្តានុទិដ្ឋិនេះចេញបាន មិនខ្វល់នឹងអត្តា តួខ្លួនហើយនោះ រមែងមានសីលបរិសុទ្ធបរិបូណ៌គ្រប់ចំណុច មិនថាជាគ្រហស្ថ ឬជាបព្វជិតឡើយ ។
៙.មនុស្សយើង ស្រឡាញ់ខ្លួនឯងខ្លាំងណាស់ ហើយចេះខឹងស្អប់អ្នកដទៃ ក៏ខ្លាំងណាស់ដែរ ។ តាមពិត ខ្លួនឯងក្ដី អ្នកដទៃក្ដី ពោលដល់បរមត្ថធម៌ គឺចិត្ត ចេតសិក រូប មិនមានអត្តា តួខ្លួន យើងគេទេ ។ ការដែលមិនមានកង្វល់ដោយអត្តានុទិដ្ឋិ មិនប្រកាន់បញ្ចក្ខន្ធ ថាជា អត្តា តួខ្លួន នេះឯងគឺព្រះនិព្វាន ៕៚
៙.រូបមារ មិនមែនដូចរូបដែលគេគូរ ឬគេសាងឡើងគួរឱ្យខ្លាចនោះទេ ។ រូបកាចអាក្រក់មានចង្កូមនោះៗ គេគូរ គេសាង ជាតំណាងនៃចិត្តអាក្រក់ ក៏គឺជាចិត្តបាបទូទៅហ្នឹងឯង ។ ចំណែករូបមារពិតប្រាកដ គឺ រូប សំឡេង... ដែលគេស្វែងរកដោយការពេញចិត្ត យ៉ាងមនោរម្យ ប្រកបដោយកាមជាទីតាំងនៃតម្រេក ៕៚
៙.មិនមែនថារូបនៅទីណា ខ្លួនយើងនៅទីនោះ នោះទេ ។ គ្រាន់តែសន្មតប៉ុណ្ណោះ ព្រោះអត្តាមិនមាននៅក្នុងរូប មានតែវេទនា សញ្ញា សង្ខារ វិញ្ញាណ អាស្រ័យនឹងវត្ថុរូបកើតរលត់ តៗ គ្នា ។ មនុស្សយើង ខំប្រឹងរកអ្វីៗ ឱ្យខ្លួនឯង ទោះជាបានច្រើនប៉ុនណា ក៏មិនអស់ខ្វល់ដែរ ព្រោះមេខ្វល់គឺការយល់ខុស ប្រកាន់ថាមានខ្លួនយើង ខ្លួនគេហ្នឹងឯង ។
៙.គប្បីបដិបត្តិ រលឹករឿយៗ ចំពោះលក្ខណៈនៃបរមត្ថធម៌ ជាការសាងគ្រឹះវិបស្សនា ។ ការឃ្លានជារោគដ៏ក្រៃលែង សង្ខារទាំងពួង ជាទុក្ខដ៏ក្រៃលែង វិបស្សនា បានដឹងសេចក្ដីនោះតាមពិត ក៏កាត់ផ្ដាច់វដ្ដៈដោយមគ្គ ជាក់ច្បាស់នូវព្រះនិព្វាន ៕៚
ដោយ៥០០០ឆ្នាំ
|