អានអត្ថបទ
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២ (អាន: ៣,៣០៤ ដង)
អ្វីទៅជាព្រហ្មចរិយធម៌ ?

|
ជរាសូត្រ ទី១
ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។ សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ ឥទ្ធិពលសីលមានអានុភាពច្រើនណាស់មិនអាចគណនាបានទេ ហើយកម្លាំងសីលនេះអាចរុញច្រានកំណើតមនុស្សឱ្យទៅជាកំណើតទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មបានតាមការប្រាថ្នាឱ្យតែបុគ្គលនោះប្រព្រឹត្តរក្សាបានល្អ កុំធ្វើឱ្យសីលរបស់ខ្លួនពព្រុះពពាលសៅហ្មង ។ កាលដែលបុគ្គលប្រតិបត្តិសីលបានល្អគ្រប់សិក្ខាបទហើយ លោកឱ្យឈ្មោះថា មានព្រហ្មចរិយធម៌រមែងរស់នៅជាសុខក្នុងលោកនេះផង និងលោកខាងមុខផង ។ អ្វីទៅជាព្រហ្មចរិយធម៌ ? ពាក្យថាព្រហ្មចរិយៈឬព្រហ្មចរិយធម៌ប្រែថាបែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។ តាមន័យខាងព្រះពុទ្ធសាសនា ការឱ្យទានការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, សីល៨, ការចម្រើនព្រហ្មវិហារធម៌៤, ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត, កុំរុកកួនគ្នា, កុំបៀតបៀនគ្នា,កុំពោលពាក្យចាកដោតគ្នា, កុំញុះញង់គ្នា, ការវៀរចាកមេថុនធម្ម, សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន, សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល, ការរក្សាឧបោសថសីលតាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ ឬហៅថាព្រហ្មចរិយធម៌ ។ ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃរាល់យប់គ្រប់វេលា គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិច ឬច្រើនកុំឱ្យខកខានខូចវេលា។ ធ្វើទានសីលភាវនាដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរមលោកក្សេមផុតចាកទុក្ខទាំងពួង៕ ដោយ៥០០០ឆ្នាំ
|