30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,០៣៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២០២,៩៦៧
សរុប ៣៨៥,៤៨៩,៦៦០
អានអត្ថបទ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៤៥៨ ដង)

កុដិទូសកជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូប ដែលដុត បណ្ណសាលា របស់ព្រះមហាកស្សបត្ថេរ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មនុស្សស្សេវ តេ សីសំ ដូច្នេះជាដើម ។

រឿងរ៉ាវនេះ បានកើតឡើងក្នុងក្រុងរាជគ្រឹះ ។ បានឮមកថា គ្រានោះ ព្រះថេរៈ នៅក្នុងកុដិដែល​នៅក្នុងព្រៃ អាស្រ័យក្នុងនគររាជគ្រឹះ ។ មានភិក្ខុកំលោះពីររូប នៅធ្វើ កិច្ចការបម្រើព្រះថេរៈ ។ បណ្ដាភិក្ខុពីររូបនោះ មួយរូបជាអ្នកធ្វើឧបការៈដល់ព្រះថេរៈ, មួយរូបជាមនុស្សប្រដៅ​ក្រ តែងធ្វើអ្វីៗ ដែលភិក្ខុមួយរូបទៀតធ្វើហើយ ធ្វើដូចជា ខ្លួនឯងបានធ្វើ ។ កាលបើភិក្ខុ (ឧស្សាហ៍) តម្កល់ទឹកលុបមុខជាដើមរួចហើយ ភិក្ខុនោះទៅ កាន់សម្នាក់ព្រះថេរៈ ថ្វាយបង្គំ ហើយពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់រួចហើយ សូមលោកម្ចាស់លុបលាងព្រះភក្ត្រ ដូច្នេះជាដើម ។ កាលភិក្ខុ (ឧស្សាហ៍) ក្រោកតាមកាលបោសបរិវេណព្រះថេរៈរួចហើយ ក្នុងពេលព្រះថេរៈចេញមក, ទុព្វចភិក្ខុនោះគោះកន្លែង នោះ ធ្វើដូចជាខ្លួនឯងបាន​បោស​បរិវេណទាំងអស់ ។ ភិក្ខុអ្នកដល់ព្រមដោយវត្ត គិតថា ទុព្វចភិក្ខុនេះធ្វើការងារ ដែលយើងធ្វើ ដូចជាខ្លួនឯងធ្វើ យើងនឹងធ្វើអំនួត របស់ភិក្ខុនេះ ឲ្យប្រាកដ ។

កាលទុព្វចភិក្ខុឆាន់ខាងក្នុងស្រុក ហើយត្រឡប់មក ហើយសឹងលក់, ភិក្ខុអ្នកមានវត្តដាំទឹកសម្រាប់ស្រង់ យកទៅទុកនៅខាងក្រោយបន្ទប់ និងទុកទឹកដទៃត្រឹមតែកន្លះ នាឡិប៉ុណ្ណោះ ក្នុងភាជនៈដែលនៅលើជើងក្រាន ។ ទុព្វចភិក្ខុភ្ញាក់ឡើង ដើរទៅ ឃើញ ផ្សែងភ្លើងតាំងឡើង គិតថា ភិក្ខុអ្នកមានវត្តដាំទឹកហើយ នឹងតម្កល់ក្នុងបន្ទប់ ដូច្នេះទើបទៅកាន់សម្នាក់ព្រះថេរៈ រួចពោលថា បពិត្រលោកម្ចាស់ ទឹកតម្កល់ទុកក្នុងបន្ទប់ហើយ សូមលោកម្ចាស់ងូតទឹក ។ ព្រះថេរៈពោលថា ខ្ញុំនឹងងូត ដូច្នេះទើបមកជាមួយនឹងភិក្ខុនោះ (តែពេលមកដល់) មិនឃើញទឹក ក៏សួរថា ទឹកនៅឯណា ។ ទុព្វចភិក្ខុនោះ ទៅកាន់រោងភ្លើងដោយរហ័ស ដាក់បោយក្នុងភាជនៈទទេ បោយប៉ះផ្ទប់នឹងផ្ទៃភាជនៈទទេ ឮសូរថា តៈតៈ ។ ចាប់ពីពេលនោះមក កើតឈ្មោះដល់ទុព្វចភិក្ខុនោះថា ឧឡុង្កសទ្ទកៈ ។         

ក្នុងខណៈនោះ ភិក្ខុម្នាក់ទៀតនាំទឹកអំពីខាងក្រោយបន្ទប់មក ពោលថា បពិត្រលោកម្ចាស់ សូមលោកងូតទឹក ។ ព្រះថេរៈងូតទឹកហើយ ពិចារណា បានដឹងភាពជាអ្នកប្រដៅក្ររបស់ឧឡុង្កសទ្ទកភិក្ខុ ពេលដែលភិក្ខុនោះមកកាន់ទីបម្រើប ព្រះថេរៈក៏ឲ្យឱវាទថាម្នាលអាវុសោ ឈ្មោះថា សមណៈ គួរពោលនូវកម្មដែលខ្លួនបានធ្វើថា កម្មនេះគឺខ្ញុំធ្វើ អ្នកពោលសម្បជានមុសាវាទដោយប្រការដទៃ ចាប់ពីពេលនេះទៅ អ្នកកុំធ្វើបែបនេះទៀត ។ ឧឡុង្កសទ្ទកភិក្ខុនោះក្រោធខឹងព្រះថេរៈ ។ ក្នុងថ្ងៃស្អែក លោកមិនចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតជាមួយនឹងព្រះថេរៈទេ ។ ព្រះថេរៈចូលទៅជាមួយភិក្ខុដទៃ ។ ចំណែក ឧឡុង្ក​សទ្ទកភិក្ខុទៅកាន់ត្រកូលឧបដ្ឋាករបស់ព្រះថេរៈ កាលគេពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈនៅទីណា លោកប្រាប់គេថា ព្រះថេរៈអង្គុយមិនជាសុខក្នុងវិហារ ។ កាលគេពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈគួរបានអ្វី ? លោកពោលថា អ្នកចូរប្រគេនរបស់នេះផង របស់នេះផង ដូច្នេះហើយ ក៏កាន់យករបស់ទាំងនោះទៅកាន់ទីដែលខ្លួនពេញចិត្ត ឆាន់រួច ទើបទៅកាន់អារាម ។            

ក្នុងថ្ងៃស្អែក ព្រះថេរៈទៅកាន់ត្រកូលនោះ ហើយគង់ ។ កាលមនុស្សទាំងឡាយពោលថា បពិត្រលោកម្ចាស់ ការមិនជាសុខមានដល់លោកម្ចាស់ឬ បានឮមកថា ម្សិលមិញ លោកម្ចាស់អង្គុយក្នុងវិហារ ពួកខ្ញុំបញ្ជូនអាហារក្នុងដៃភិក្ខុកំលោះមួយរូប លោកម្ចាស់បានឆាន់ឬទេ ? ព្រះថេរៈនៅស្ងៀម ធ្វើភត្តកិច្ចហើយ ទៅកាន់វិហារ ។ ក្នុងវេលាល្ងាច ព្រះថេរៈក៏ហៅ​ឧឡុង្កសទ្ទក​ភិក្ខុ ដែលមកកាន់ទីឧបដ្ឋាកថា ម្នាលអាវុសោ ត្រកូលឯណោះក្នុងស្រុកមួយនោះពោលថា បានឮថា ព្រះថេរៈឲ្យសូមថា វត្ថុនេះផង វត្ថុនេះផង គួរបានដល់ព្រះថេរៈ រួចលោកក៏ឆាន់, ឈ្មោះថា វិញ្ញត្តិ (ការសូម) រមែងមិនគួរ, លោកកុំប្រព្រឹត្តអនាចារបែបនេះទៀត ។

ឧឡុង្កសទ្ទកភិក្ខុនោះចងអាឃាតនឹងព្រះថេរៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ រួចគិតថា សូម្បីម្សិលមិញ ព្រះថេរៈនេះ អាស្រ័យត្រឹមតែទឹក លោកធ្វើជម្លោះនឹងយើង ឥឡូវនេះ កាលមិនអាចអត់ធន់ថា យើងបានឆាន់ភត្តមួយក្ដាប់ក្នុងផ្ទះឧបដ្ឋាក របស់លោក ក៏ធ្វើជម្លោះម្ដងទៀត យើងនឹងដឹងអំពើដែលសមគួរធ្វើដល់ព្រះថេរៈ ដូច្នេះហើយ ក្នុងថ្ងៃស្អែក ពេលព្រះថេរៈចូលទៅបិណ្ឌបាត លោកកាន់យកអន្លូង វាយបំបែកភាជនៈសម្រាប់បរិភោគ ដុតបណ្ណសាលា រួចរត់ទៅបាត់ ។ លោករស់នៅដូចជាមនុស្សប្រេត ស្គមរីងរៃ ហើយធ្វើកាល​កិរិយា​ កើតក្នុងអវីចិមហានរក ។ អនាចារដែលភិក្ខុនោះធ្វើហើយ បានប្រាកដក្នុងកណ្ដាលមហាជន ។                                  

លំដាប់នោះ ភិក្ខុទាំងឡាយចេញពីក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថី ទុកដាក់បាត្រនិងចីវរក្នុងទីសមគួរ រួចទៅកាន់សម្នាក់ព្រះសាស្ដា ថ្វាយបង្គំព្រះអង្គ ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈភិក្ខុទាំងនោះ ហើយត្រាស់ថា អ្នកទាំងឡាយមកអំពីណា ? ពួកភិក្ខុទូលថា មកពីក្រុងរាជគ្រឹះ ព្រះអង្គ ។ ព្រះពុទ្ធត្រាស់សួថា ក្នុងទីនោះ អ្នកណាជាអាចារ្យអ្នកឲ្យឱវាទ ? ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ គឺព្រះមហាកស្សបត្ថេរ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តើកស្សបៈសុខសប្បាយទេ ? ពួកភិក្ខុទូលថា បពិត្រព្រះអង្គ ព្រះថេរៈសុខសប្បាយ តែសទ្ធិវិហារិករបស់លោក ក្រោធខឹងពេលដែលលោកឲ្យឱវាទ ហើយដុតបណ្ណ​សាលា​របស់ព្រះថេរៈ រួចរត់ទៅ ។ ព្រះសាស្ដាស្ដាប់ពាក្យនោះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តទៅតែឯង រមែងប្រសើរជាងការប្រព្រឹត្តជាមួយនឹងបុគ្គលពាល ដែលមានសភាពបែបនោះ របស់កស្សបៈ រួចហើយទ្រង់ត្រាស់គាថានេះក្នុងធម្មបទថា ៖               
ចរញ្ចេ នាធិគច្ឆេយ្យ,         សេយ្យំ សទិសមត្តនោ;
ឯកចរិយំ ទឡ្ហំ កយិរា,         នត្ថិ ពាលេ សហាយតា។ 

បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហាយតាគុណ មិនមានក្នុងបុគ្គលពាលឡើយ ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ ពាលវគ្គ បិដកលេខ ៥២ ទំព័រ ៣៤)
ព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងនោះទៀត ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលឧឡុង្កសទ្ទកភិក្ខុនោះប្រទូស្តនឹងកុដិ សូម្បីក្នុងកាលមុន ភិក្ខុនោះក៏ប្រទូស្តនឹងកុដិដែរ, ហើយមិនមែនតែក្នុងកាលឥឡូវនេះទេ ដែលឧឡុង្កសទ្ទកភិក្ខុក្រោធនឹងអ្នកឲ្យឱវាទនោះ សូម្បីកាលមុន ក៏ក្រោធនឹងអ្នកឲ្យឱវាទដែរ ។ កាលភិក្ខុទាំងឡាយអារាធនាហើយ ព្រះអង្គនាំអតីតនិទានមកថា ៖  
    
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វគ្រលេងគ្រលោង កាលចម្រើនវ័យធំហើយ ធ្វើសំបុកត្រង់កន្លែងដែលមិនមានភ្លៀងធ្លាក់ត្រូវ ជាទីពេញចិត្តខ្លួន រស់នៅក្នុងដែលដីព្រៃហិមពាន្ត ។
    
លំដាប់នោះ កាលភ្លៀងបង្អុរធ្លាក់ចុះមិនដាក់គ្រាប់ក្នុងរដូវភ្លៀង មានស្វាមួយត្រូវត្រជាក់បៀតបៀន មកអង្គុយខាំធ្មេញនៅជិតព្រះពោធិសត្វ ។ ព្រះពោធិសត្វឃើញស្វាដែលមានសេចក្ដីលំបាកយ៉ាងនោះ កាលចរចាជាមួយស្វានោះ ទើបពោលគាថាទី ១ ថា     
មនុស្សស្សេវ តេ សីសំ,         ហត្ថបាទា ច វានរ;
អថ កេន នុ វណ្ណេន,         អគារំ តេ ន វិជ្ជតិ។

នែពានរ ក្បាល ដៃ និងជើង របស់អ្នក ដូចជាមនុស្សដែរ តែព្រោះហេតុអ្វី បានជាផ្ទះរបស់អ្នកគ្មាន ។
បណ្ដាបទទាំងនោះ បទថា វណ្ណេន បានដល់ ការណេន ប្រែថា ព្រោះហេតុ ។ បទថា អគារំ សេចក្ដីថា ព្រះពោធិសត្វសួរស្វាថា ផ្ទះជាទីនៅរបស់អ្នកមិនមាន ដោយហេតុអ្វី ។  
    
ស្វាស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា 
មនុស្សស្សេវ មេ សីសំ,         ហត្ថបាទា ច សិង្គិល;
យាហុ សេដ្ឋា មនុស្សេសុ,     សា មេ បញ្ញា ន វិជ្ជតិ។

នែគ្រលេងគ្រលោង ក្បាល ដៃ និងជើងរបស់ខ្ញុំ ដូចមនុស្សមែនហើយ តែប្រាជ្ញាណាដែលបោរាណាចារ្យ ពោលថា ប្រសើរក្នុងពួកមនុស្ស ប្រាជ្ញានោះរបស់ខ្ញុំមិនមានទេ ។
បណ្ដាបទទាំងនោះ បទថា សិង្គិល សេចក្ដីថា ស្វាហៅបក្សីនោះដោយឈ្មោះ ។ បទថា យាហុ សេដ្ឋា មនុស្សេសុ សេចក្ដីថា វិចារណបញ្ញាណាដែលបោរាណាចារ្យ ទាំងឡាយពោលថា ប្រសើរក្នុងពួកមនុស្ស វិចារណបញ្ញានោះ មិនមានដល់យើង ។ ពិតមែនហើយ ក្បាល ដៃ ជើង និងកម្លាំងកាយ មិនជាប្រមាណក្នុងលោក វិចារណបញ្ញាប៉ុណ្ណោះទើបប្រសើរ វិចារណបញ្ញានោះមិនមានដល់យើង ព្រោះហេតុនោះ អគាររបស់យើង ទើបមិនមាន ។      
    
ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀត ថា
អនវដ្ឋិតចិត្តស្ស,             លហុចិត្តស្ស ទុព្ភិនោ;
និច្ចំ អទ្ធុវសីលស្ស,         សុខភាវោ ន វិជ្ជតិ។

ធម្មតាអ្នកមានចិត្តមិននឹងនួន មានចិត្តរប៉ិលរប៉ូច ជាអ្នកប្រទូស្តចំពោះមិត្រ មានមារយាទមិនទៀងជានិច្ច តែងមិនមានសេចក្ដីសុខ ។
សោ ករស្សុ អានុភាវំ,         វីតិវត្តស្សុ សីលិយំ;
សីតវាតបរិត្តាណំ,         ករស្សុ កុដវំ កបិ។

នែពានរ អ្នកនោះចូរធ្វើនូវអានុភាព (ឲ្យកើតបញ្ញា) ចូរផ្លាស់មារយាទចេញ ចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់និងខ្យល់ ។
បណ្ដាបទទាំងនោះ បទថា អនវដ្ឋិតចិត្តស្ស សេចក្ដីថា អ្នកមានចិត្តមិនតាំងនៅ ។ បទថា ទុព្ភិនោ សេចក្ដីថា អ្នកទ្រុស្តមិត្រ ។ បទថា អទ្ធុវសីលស្ស សេចក្ដីថា មិនរក្សាសីលអស់កាលទាំងពួង ។ បទថា សោ ករស្សុ អានុភាវំ សេចក្ដីថា នែស្វាសម្លាញ់ អ្នកឯងចូរធ្វើឧបាយ ដែលជាកម្លាំងអានុភាព ដើម្បីឲ្យកើតបញ្ញាចុះ ។ បទថា វីតិវត្តស្សុ សីលិយំ សេចក្ដីថា ចូរកន្លងមារយាទ ពោលគឺភាពទ្រុស្តសីលរបស់ខ្លួន ហើយជាអ្នកមានសីល ។ បទថា កុដវំ កបិ សេចក្ដីថា ព្រះពោធិសត្វពោលថា អ្នកចូរធ្វើខ្ទម សម្បុក គឺអាគារ ជាទីនៅមួយរបស់ខ្លួន ដែលអាចការពារត្រជាក់និងខ្យល់បាន ។          
    
ស្វាគិតថា ដំបូង គ្រលេងគ្រលោងនេះជេរប្រទេចផ្ដាសាយើង ដោយភាពដែលយើងអង្គុយក្នុងទីមិនមានភ្លៀងធ្លាក់របស់ខ្លួន យើងនឹងមិនឲ្យវាទំនៅក្នុងសំបុកនេះឡើយ។ លំដាប់នោះ ស្វាប្រាថ្នានឹងចាប់ព្រះពោធិសត្វ ទើបស្ទុះទៅ, ព្រះពោធិសត្វក៏ហើរឡើងទៅកាន់ទីដទៃ ។ ស្វាកម្ទេចសំបុកធ្វើឲ្យបែកខ្ទេចខ្ទីហើយ ក៏ចៀសចេញទៅ ។
    
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា មក្កដោ កុដិឈាបកោ អហោសិ ស្វាក្នុងកាលនោះ បានមកជាភិក្ខុដុតកុដិ សិង្គិលសកុណោ បន អហមេវ អហោសិំ គ្រលេងគ្រលោង គឺ តថាគតនេះឯង ។   កុដិទូសកជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ
ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២០៨)
ថ្ងៃអង្គារ ៦ រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ៣០ ខែ តុលា  ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.


ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៧០ ដង)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿