30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,១៨៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៨២,៣៧៤
សរុប ៣៨៩,២៦៤,៨៥៨
អានអត្ថបទ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ២,៩៥១ ដង)

កបោតជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធលោលភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។

សេចក្ដីល្មោភរបស់ភិក្ខុនោះ នឹងមានជាក់ច្បាស់ក្នុងកាកជាតក (ចក្កវាកជាតក) ក្នុង
នវកនិបាត ។ ក្នុងគ្រានោះ ភិក្ខុទាំងឡាយក្រាបទូលព្រះសាស្ដាថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាមនុស្សល្មោភ ។ លំដាប់នោះ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សល្មោភឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា 
សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សល្មោភ ព្រោះហេតុនៃសេចក្ដីល្មោភ អ្នកដល់ការអស់ជីវិត សូម្បីបណ្ឌិតទាំងឡាយដោយអាស្រ័យអ្នក ក៏វិនាសចាកទីនៅរបស់ខ្លួន ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកថា៖
    
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប ។ ក្នុងគ្រានោះ សេដ្ឋីក្រុងពារាណសីឲ្យគេព្យួរកញ្រ្ចែងដើម្បីការនៅជាសុខរបស់បក្សី ក្នុងទីនោះៗ ព្រោះសេចក្ដីត្រូវការបុណ្យ ។ សូម្បីនាយគ្រួរបស់សេដ្ឋីក្រុងពារាណសី ក៏ព្យួរកញ្ច្រែងមួយ នៅនឹងផ្ទះបាយរបស់ខ្លួន ព្រះពោធិសត្វសម្រេចការនៅក្នុងទីនោះ ។ ព្រាបពោធិសត្វនោះ ចេញទៅអំពីព្រឹក ត្រាច់ស្វែងរកអាហារ ហើយ      ត្រឡប់មកក្នុងពេលល្ងាច កាលនៅក្នុងទីនោះ ញ៉ាំងពេលវេលាឲ្យអស់ទៅយ៉ាងនេះ ។
    
ថ្ងៃមួយ មានក្អែកមួយ កាលមកដល់ដំបូលផ្ទះបាយ បានធុំក្លិនត្រីនិងសាច់ហើយកើតសេចក្ដីល្មោភ គិតថា យើងអាស្រ័យនឹងអ្នកណាហ្ន៎ ទើបបានត្រីនិងសាច់នេះ ដូច្នេះហើយ ក៏ទំលើទីមិនឆ្ងាយ កាលរកមើល ឃើញព្រះពោធិសត្វដែលត្រឡប់មកក្នុងពេលល្ងាចចូលទៅកាន់ផ្ទះបាយ ទើបគិតថា យើងអាស្រ័យព្រាបនេះ នឹងបានត្រីនិងសាច់ គិតយ៉ាងនេះហើយ ក្នុងថ្ងៃស្អែក ក្អែកនោះមកអំពីព្រឹក ក្នុងកាលព្រះពោធិសត្វចេញទៅដើម្បីរកអាហារ ក៏ហើរទៅតាមក្រោយ ។ ព្រះពោធិសត្វពោលនឹងក្អែកថា នែសម្លាញ់ ព្រោះហេតុអ្វី អ្នកហើរតាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំពេញចិត្តនឹងកិរិយារបស់លោក ចាប់ពីពេលនេះទៅ ខ្ញុំនឹងបម្រើលោក ។ ព្រាបពោលថា នែសម្លាញ់ លោកមានអាហារដទៃ យើងមានអាហារដទៃ លោកមកបម្រើខ្ញុំ នឹងលំបាក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ កាលលោកស្វែងរកអាហារ សូម្បីខ្ញុំក៏ស្វែងរកអាហារ ខ្ញុំនឹងទៅជាមួយលោក ។ ព្រាបទទួលថា ល្អហើយចឹង លោកគប្បីមិនប្រមាទអស់កាលទាំងពួងចុះ ។ ព្រះពោធិសត្វឲ្យឱវាទក្អែកយ៉ាងនេះហើយ កាលត្រាច់ទៅកាន់ទីគោចរ បានបរិភោគគ្រាប់ស្មៅជាដើម ។ កាលព្រះពោធិសត្វកំពុងស្វែងរកអាហារ ក្អែកហើរទៅ កកាយដុំអាចម៍គោ ចឹកស៊ីសត្វល្អិត ឆ្អែតពេញផ្ទៃហើយ ទើបមកកាន់សម្នាក់ព្រះពោធិសត្វ រួចពោលថា បពិត្រលោកម្ចាស់ លោកត្រាច់ទៅហួសកាលហើយ មិនគួរជាអ្នកមានឈ្មោះថា ល្មោភក្នុងអាហារឡើយ ដូច្នេះ កាលព្រះពោធិសត្វស្វែងរកអាហារ ហើយមកក្នុងពេលល្ងាច ក្អែក (ក៏ហើរមកតាម) ហើយចូលក្នុងរោងបាយជាមួយនឹងព្រះពោធិសត្វ ។ នាយចុងភៅពោលថា ព្រាបរបស់យើងនាំសត្វដទៃមក ដូច្នេះទើបដាក់កំប្រោង ដើម្បីក្អែកនោះ ។ ចាប់ពីពេលនោះ មកសត្វទាំង ២ ក៏បាននៅក្នុងទីនោះ ។
    
ថ្ងៃមួយ មានមនុស្សនាំត្រីនិងសាច់ជាច្រើន មកជូនសេដ្ឋី ។ នាយចុងភៅកាន់យកត្រីនិងសាច់នោះ ទៅព្យួរទុកក្នុងផ្ទះបាយ ។ ក្អែកឃើញត្រីនិងសាច់នោះហើយ កើតសេចក្ដីល្មោភចង់ស៊ី ហើយគិតថា ស្អែកនេះ យើងនឹងមិនទៅកាន់ទីគោចរទេ យើងនឹងស៊ីត្រីនិងសាច់នេះ ដូច្នេះទើបដេកថ្ងូរអស់មួយរាត្រី ។ ស្អែកឡើង ព្រះពោធិសត្វកាលទៅស្វែងរកអាហារ បានពោលនឹងក្អែកថា នែក្អែកសម្លាញ់ អ្នកចូរមក ។ ក្អែកពោលថា បពិត្រលោកម្ចាស់ លោកចូរទៅចុះ ខ្ញុំមានរោគឈឺពោះ ។ ព្រាបពោលថា នែសម្លាញ់ ឈ្មោះថា រោគឈឺពោះ មិនធ្លាប់មានដល់ពួកក្អែកក្នុងកាលណាឡើយ បណ្ដាយាមទាំង ៣ នៃរាត្រី សេចក្ដីឃ្លានតែងកើតក្នុងយាមនីមួយៗ សូម្បីកាលលេបប្រឆេះប្រទីប ការឆ្អែតរបស់ក្អែកទាំងនោះ រមែងមានតែមួយភ្លេត អ្នកប្រហែលជាចង់ស៊ីត្រីនិងសាច់នេះទេដឹង អ្នកចូរមក ឈ្មោះថាគ្រឿងបរិភោគរបស់មនុស្ស ជារបស់ដែលអ្នកស៊ីបានដោយក្រ អ្នកកុំធ្វើយ៉ាងនេះឡើយ អ្នកចូរទៅរកចំណីជាមួយនឹងយើង ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំមិនអាចចឹងទេ ។ ព្រាបពោលថា បើយ៉ាងនោះ អ្នកនឹងប្រាកដដោយកម្មរបស់ខ្លួន អ្នកកុំលុះក្នុងអំណាចលោភៈ ចូរជាអ្នកមិនប្រមាទចុះ ព្រះពោធិសត្វឲ្យឱវាទក្អែកដូច្នេះហើយ ក៏ទៅស្វែងរកចំណី ។
    
នាយចុងភៅតាក់តែងចម្អិនត្រីនិងសាច់ដ៏ប្លែក ដែលមានប្រការផ្សេងៗហើយ បើកភាជនៈបន្តិច ដើម្បីឲ្យចំហាយក្ដៅចេញ និងដាក់វែកសម្លលើគម្របភាជនៈ ហើយគាត់ចេញខាងក្រៅ ឈរជូតញើស ។ ក្នុងខណៈនោះ ក្អែកអើតក្បាលចេញពីកំប្រោង សម្លឹងមើលផ្ទះបាយ ដឹងថា ចុងភៅនោះចេញទៅហើយ ទើបគិតថា ឥឡូវនេះ សេចក្ដីប្រាថ្នារបស់យើងនឹងបានសម្រេច នេះជាកាលដើម្បីនឹងស៊ីសាច់ យើងត្រូវស៊ីសាច់ធំ ឬស៊ីសាច់តូចហ្ន៎ ដូច្នេះហើយក៏គិតឃើញថា ធម្មតាសាច់តូច មិនអាចនឹងឲ្យផ្ទៃពេញដោយឆាប់ឡើយ យើងនាំយកដុំសាច់ធំ មកដាក់ក្នុងកំប្រោងហើយដេកស៊ី គិតយ៉ាងនេះហើយ ក៏ហើរចេញពីកំប្រោង ទៅពួនក្នុងរោងបាយ ។ ក្អែកនោះធ្វើសំឡេងឲ្យលាន់ឮ ក្រិក្រិ ។ នាយចុងភៅស្ដាប់សំឡេងនោះហើយ គិតថា នេះជាសំឡេងអ្វី ទើបចូលទៅ បានឃើញក្អែក ហើយគិតថា ក្អែកអាក្រក់នេះ ចង់ស៊ីសាច់ឆ្អិនរបស់មហាសេដ្ឋី យើងរស់នៅដោយអាស្រ័យនឹងលោកសេដ្ឋី មិនមែនក្អែកពាលនេះទេ ប្រយោជន៍អ្វីដោយក្អែកនេះ ដូច្នេះទើបបិទទ្វារ ចាប់ក្អែកបាន ដករោមទាំងអស់ យកខ្ញីស្រស់បុកជាមួយនឹងអំបិលជាដើម ប្រឡាក់ដោយអម្ពិលនិងទឹកដោះជូរ យកមកលាបសរីរៈទាំងអស់របស់ក្អែក រួចបោះក្អែកនោះទៅក្នុងកំប្រោង ។ ក្អែកនោះត្រូវទុក្ខវេទនាមានប្រមាណដ៏ក្រៃលែងគ្របសង្កត់ ដេកថ្ងួចថ្ងូរ ។

ព្រះពោធិសត្វមកក្នុងវេលាល្ងាច ឃើញក្អែកនោះដល់នូវសេចក្ដីវិនាស ហើយពោលថា នែក្អែកល្មោភ អ្នកមិនធ្វើតាមពាក្យរបស់យើង ព្រោះអាស្រ័យលោភៈរបស់អ្នក ទើបអ្នកដល់នូវសេចក្ដីទុក្ខដ៏ធំ ដូច្នេះហើយ ទើបពោលគាថានេះថា                                                 

យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ;
កបោតកស្ស វចនំ អកត្វា, អមិត្តហត្ថត្ថគតោវ សេតិ។

បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះរមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប ។

បណ្ដាពាក្យទាំងនោះ ពាក្យថា ព្រោះមិនធ្វើ តាមពាក្យនៃសត្វព្រាប សេចក្ដីថា មិនធ្វើតាមពាក្យប្រៀនប្រដៅ ដែលប្រកបដោយប្រយោជន៍របស់ព្រាប ។ ពាក្យថា រមែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ សេចក្ដីថា បុគ្គលនោះរមែងដល់សេចក្ដីវិនាសធំ ដេកសោយសោក ដូចជាក្អែកនេះដែលតាំងនៅក្នុងដៃសត្រូវ ដែលជាអ្នកធ្វើមិនជាប្រយោជន៍ ជាអ្នកធ្វើសេចក្ដីទុក្ខឲ្យកើតឡើង ។

ព្រះពោធិសត្វពោលគាថានេះហើយ ក៏ពោលទៀតថា ឥឡូវនេះ យើងមិនអាចនឹងនៅក្នុងទីនេះបានទៀតទេ ដូច្នេះទើបហើរទៅកាន់ទីដទៃ ។ ចំណែកក្អែកក៏បានស្លាប់ក្នុងទីនោះឯង ។ លំដាប់នោះ នាយចុងភៅយកកំប្រោងជាមួយនឹងក្អែកនោះ ទៅបោះចោលលើគំនរសំរាម ។

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន អ្នកក៏ជាមនុស្សល្មោភដែរ ហើយដោយអាស្រ័យសេចក្ដីល្មោភរបស់អ្នក បណ្ឌិតទាំងឡាយក៏បានសាបសូន្យចាកទីលំនៅដែរ ព្រះពុទ្ធអង្គបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសអរិយសច្ច ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ភិក្ខុនោះបានសម្រេចអនាគាមិផល ។ ព្រះសាស្ដាបន្តអនុសន្ធិ និងប្រជុំជាតកថា    តទា កាកោ លោលភិក្ខុ អហោសិ ក្អែកក្នុងកាលនោះ បានមកជាលោលភិក្ខុ បារាវតោ បន អហមេវ អហោសិំ ចំណែកព្រាប គឺ តថាគតនេះឯង ។  ចប់ កបោតជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ
ជាតក ឯកកនិបាត អត្ថកាមវគ្គ បិដកលេខ ៥៨ ទំព័រ ១៩)
ដោយស.ដ.វ.ថ.

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៣៨៩ ដង)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២០៥ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿