អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣០,៨៨៣ ដង)
មនុស្សល្អក្នុងការគ្រប់គ្រង

|
មនុស្សដែលមានចំណែកនៅក្នុងការគ្រប់គ្រង ឬ ឲ្យកើតការគ្រប់គ្រងបានល្អ គប្បីដឹងគោលធម៌និងបដិបត្តិតាមដូចតទៅ៖
ក-ដឹងគោលអធិបតេយ្យ គឺដឹងនូវភាពជាអធិបតីក្នុងការគ្រប់គ្រងខ្លួនឯង ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង ឬដើម្បីឲ្យកើតការគ្រប់គ្រងបានល្អក្នុងពួកក្រុម អធិបតេយ្យ មាន ៣ យ៉ាងគឺ៖ ១- អត្តាធិបតេយ្យ មានភាវៈនៃខ្លួនឯងជាអធិបតី គឺ យកខ្លួនជាធំក្នុងការគ្រប់គ្រងខ្លួនឯង ចេះខ្មាសចេះខ្ពើមនូវអំពើអាក្រក់មកអំពីការគោរពខ្លួនឯង គឺពិចារណាឃើញជាតិកំណើតរបស់ខ្លួន ឃើញវ័យរបស់ខ្លួន ឃើញការចេះដឹង និងសេចក្តីក្លៀវក្លាមុខមាត់កិត្តិយសរបស់ខ្លួន។ ![]() ២-លោកាធិបតេយ្យ មានភាវៈនៃលោកជាអធិបតី គឺធ្វើអ្វីៗខ្លាចអ្នកដទៃនិន្ទា ខ្លាចទណ្ឌកម្ម ខ្លាចអបាយភូមិ ម៉្លោះហើយក៏ជាអ្នកខ្លាចបាប មិនហ៊ានធ្វើនូវអំពើបាប ម៉្យាងទៀត ជាអ្នកគោរពគ្រូ គោរពព្រះសាស្តា គោរពមាតាបិតា គោរពសព្រហ្មចារី និងគោរពអ្នកដទៃដែលគួរគោរព ហើយក៏គ្រប់គ្រងរក្សាខ្លួនដោយអំពើល្អ នេះឈ្មោះថា យកលោកជាធំ។ ៣-ធម្មាធិបតេយ្យ មានភាវៈនៃធម៌ជាអធិបតី គឺយកធម៌ជាធំក្នុងការគ្រប់គ្រងខ្លួន យកឱវាទព្រះសម្មសម្ពុទ្ធជាធំ ឬ យកធម៌វិន័យ យកច្បាប់ យកហេតុផលត្រឹមត្រូវ យកសេចក្តីល្អ យកធម៌របស់សប្បុរស យកសេចក្តីស្ងប់ យកសន្តិភាពជាធំ ធ្វើការដោយប្រារព្ធយកការចេះដឹង ដែលខ្លួនបានសិក្សា និងពិចារណាត្រឹមត្រូវជាអធិបតី មិនបណ្តោយឲ្យតណ្ហា មានះ ទិដ្ឋិគ្រប់គ្រងដឹកនាំឡើយ។
![]() ◊ ដើម្បីមានភាវៈនៃធម៌ជាអធិបតី បុរសស្ត្រីត្រូចខំប្រឹងសិក្សារៀនសូត្រ ដោយឆន្ទៈដ៏បរិសុទ្ធ រួចហើយត្រូវគាំទ្រនូវចំណេះដឹងដែលខ្លួនខំប្រឹងសិក្សាអស់កាលដ៏យូរនោះ ដោយការបដិបត្តិតាមកុំឲ្យការចេះដឹងទៅជាមោឃៈឥតប្រយោជន៍។ ធម្មាធិបតេយ្យនេះសំខាន់ណាស់ ថែមទាំងជួយឲ្យអធិបតេយ្យ ២ អំពីខាងដើម មានភាពជាអធិបតីក្នុងផ្លូវល្អទៀតផង ពោលគឺបានតំកល់ខ្លួនក្នុងធម៌ ហិរិ (ខ្មាសបាប) ដោយមានអត្តាធិបតេយ្យ និងតម្កល់ខ្លួនក្នុង ឱតប្បៈ (ខ្លាចបាប) ដោយមានលោកាធិបតេយ្យ ឯចំណែកការតម្កល់ខ្លួនក្នុងភាពជាឥស្សរៈ មិនជាទាសៈនៃតណ្ហា មានះ ទិដ្ឋិ ដោយធម្មាធិបតេយ្យ។ បើខ្វះនូវធម្មាធិបតេយ្យ វាងាយក្នុងការបាត់បង់នូវហិរិ និងឱតប្បៈណាស់ ព្រោះមិនមានអ្វីជាកម្លាំងជួយទប់ស្កាត់នូវតណ្ហា មានះ និងទិដ្ឋិហ្នឹងឯង ដូចជាការមានភាវៈនៃខ្លួនជាធំ ប៉ុន្តែមិនគោរពធម៌វិន័យ មិនគោរពច្បាប់ ព្រោះមិនមាននូវធម្មាធិបតេយ្យ វារមែងភ្លាត់ខ្លួនធ្លាក់ពីហិរិ ហើយរមៀលចូលទៅរកកំហុសមួយគឺ “ធ្វើអ្វីស្រេចតែអញ” ឯការមាននូវភាវៈនៃលោកជាធំប៉ុន្តែមិនមាននូវធម្មាធិបតេយ្យ វារមែងទប់ខ្លួនមិនជាប់ក្នុងឱតប្បៈ ហើយត្រូវរបូតចូលរណ្តៅបាប ធ្វើអំពើទុច្ចរិតផ្សេងៗ ដោយអាងថាស្ងាត់មិនមានអ្នកដទៃដឹង។ (គោលអធិបតេយ្យ ៣យ៉ាងនេះ ស្រង់ចាកអង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ) ![]() ខ-មានចំណែកក្នុងការគ្រប់គ្រង ដោយការបដិបត្តិតាមគោលការណ៍រួម ទទួលខុសត្រូវទាំងអស់គ្នាព្រមព្រៀងគ្នាជួយការពារកុំឲ្យសាបសូន្យ និងឲ្យឈានទៅរកការរីកចម្រើនរុងរឿង ដែលហៅថា អបរិហានធម៌ (ធម៌ដែលមិនប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនតែម៉្យាង) មាន ៧ ប្រការគឺ៖ ១-មានការប្រជុំរឿយៗ ប្រឹក្សាការងារដែលបានធ្វើហើយ និងដែលមិនទាន់បានធ្វើ។ ២-ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងការប្រជុំ ព្រមព្រៀងគ្នាធ្វើនូវកិច្ចការទាំងឡាយដែលគប្បីធ្វើព្រមគ្នា។ ៣-ព្រមព្រៀងគ្នាបដិបត្តិតាមច្បាប់ប្រទេស ឬច្បាប់សាសនា មិនស្រេចតែចិត្តចង់ស្រួល ហើយដកនូវច្បាប់ដែលបានបញ្ញត្តិរួចហើយ និងមិនស្រេចតែអញជាអ្នកបញ្ញត្តិច្បាប់ផ្សេងៗនោះឡើយ។ ![]() ៤-បុគ្គលណាជាអ្នកធំ ធ្លាប់បានជួបប្រទះហេតុការណ៍ច្រើនមកហើយ ជាអ្កនមានអាយុច្រើន មានពាក្យសម្តីគួរស្តាប់ គប្បីឲ្យកិត្តិយស និងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលនោះ សម្លឹងឃើញសេចក្តីសំខាន់នៃពាក្យសម្តីរបស់បុគ្គលនោះឯង ថាជាពាក្យសម្តីគួរស្តាប់។ ៥-ឲ្យកិត្តិយសដល់ស្ត្រីក្នុងត្រកូល មិនមើលងាយ មិនគំរាមកំហែងនិងមានការគ្រប់គ្រងដោយល្អ។ ៦-ធ្វើសក្ការៈគោរពបូជានូវព្រះចេតិយ បូជនីយដ្ឋាននិងចេតិយអនុស្សាវរីយ៍ប្រចាំជាតិ ដែលជាគ្រឿងដាស់តឿនស្មារតីនៃមហាជន ឲ្យធ្វើនូវសេចក្តីល្អ។ ៧-ចាត់ចែងត្រឹមត្រូវ រក្សាការពារ និងគ្រប់គ្រងប្រកបដោយធម៌ ដល់បព្វជិតដែលទ្រទ្រង់នូវសីលគុណទ្រទ្រង់នូវធម៌បរិសុទ្ធទាំងឡាយ ដែលជាទីរលឹក និងជាបង្គោលនៃសាសនារបស់មហាជន ពេញចិត្តនឹងការនៅជាសុខ របស់បព្វជិតដែលបរិសុទ្ធទាំងអស់នោះ។ (ស្រង់ចាក អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ សារន្ទទសូត្រ) ![]() ◊ មនុស្សល្អដែលមានចំណែកក្នុងការគ្រប់គ្រងពួកក្រុម ឬសមាគមជាដើម ត្រូវមាននូវគុណធម៌ទាំងឡាយផ្សេងទៀតដូចជាៈ -មិនងប់ងុលខាងផ្លូវភេទ ក្នុងរឿងកាមគុណ។ -មិនមានចិត្តចង្អៀតចង្អល់លបលាក់បរិភោគអ្វីៗតែឯង។ -ជាអ្នកឃើញតម្លៃនៃពេលវេលា។ -ជាអ្នកមានវិន័យ មានសីលពិតប្រាកដ។ -ជាអ្នកបដិបត្តិកិច្ចការតាមតួនាទីបានពេញលេញ។ -មានស្មារតីមិនប្រមាទ។ -មានវិចារណញ្ញាណ ចេះពិចារណាមុននឹងធ្វើកិច្ចការអ្វីមួយ។ -សុភាពរៀបសា ចេះទទួលស្តាប់ពាក្យអ្នកដទៃ។ -ជាមនុស្សរៀបរយ ចេះស្រឡាញ់ភាពស្អាតប្រណីតក្នុងការងារ។
-និយាយពីរោះមានន័យគួរស្តាប់ មិននិយាយឡេះឡោះ ទាំងកាយទាំងចិត្តទន់ភ្លន់ មិនកោងកាច មិនច្រងេងច្រងាង។ -មានចិត្តសង្គ្រោះដល់មិត្តសម្លាញ់និងមានចិត្តអើពើជួយដល់មនុស្សទូទៅ។ -ជាអ្នកចេះចាត់ការឲ្យមានរបៀបរៀបរយ និងបានផលល្អ។ -ចេះទំនុកបម្រុងដល់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ -ប្រាថ្នាល្អ ស្រឡាញ់សុចរិត។ -អានច្រើនស្តាប់ច្រើន ទ្រទ្រង់នូវវិជ្ជា និងចូលចិត្តសាកសួរស្រាវជ្រាវ ស្វែងរកការចេះដឹងច្រើនឡើងៗប៉ុណ្ណេះជាដើម។ [ដកស្រង់ចេញពីសៀវភៅ "ពរ៤ប្រការ" របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស] ដោយ៥០០០ឆ្នាំ
|